ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ត្រាំ និយាយថា លិខិត​របស់លោក គីម គឺ​ជូនពរ​ខួបកំណើត​របស់គាត់

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក គីម ជុង​អ៊ុន បាន​ជូនពរ​គាត់​ថ្ងៃ​ខួបកំណើត​នៅក្នុង​លិខិត​មួយ​ដែល​ទទួល​បាន​កាលពីដើម​ខែ​នេះ ​ចំពេល​មាន​ភាព​ជាប់គាំង​នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​។​

​លោក ត្រាំ ដែល​ឈានចូល​អាយុ​៧៤​ឆ្នាំ​កាលពី​ថ្ងៃទី​១៤​ខែមិថុនា​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​ការិយាល័យ Oval នៅពេល​សាកសួរ​អំពី​លិខិត​នោះ​ថា “​គាត់​ពិតជា​បាន​ផ្ញើមក​ខ្ញុំ​ដើម្បី​ជូនពរ​ថ្ងៃ​ខួបកំណើត​ហើយ​វា​ជា​សំបុត្រ​មិត្តភាព​មួយ​”​។​

​ការអត្ថាធិប្បាយ​របស់​លោក ត្រាំ បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​បាន​ដកស្រង់​សំដី​របស់លោក គីម ដែល​បាន​និយាយថា គាត់​បានទទួល​លិខិត​មួយ​ដែលមាន​អត្ថន័យ​ដ៏​ល្អ​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​

​ទំព័រមុខ​នៃ​កាសែត Rodong Sinmun ផ្លូវការ​របស់​កូរ៉េខាងជើង​បានបង្ហាញ​រូបភាព​របស់លោក​គីម​កំពុងកាន់​លិខិត​របស់លោក ត្រាំ នៅពេល​គាត់​អាន​វា​ក្នុង​ការិយាល័យ​របស់គាត់​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ សេត​វិមាន​បាន​បញ្ជាក់ថា “​លិខិត​មួយ​ត្រូវបាន​ផ្ញើ​ដោយ​លោក​ប្រធានាធិបតី ត្រាំ​ហើយ​ការឆ្លើយ​ឆ្លង​គ្នា​រវាង​មេដឹកនាំ​ទាំងពីរ​បាន​បន្ត​”​។​

​ការឆ្លើយតប​សារ​រវាង​មេដឹកនាំ​ទាំងពីរ​នេះ​បាន​កើតឡើង​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​លើក​ទី​២​របស់​ពួកគេ​កាលពី​ខែកុម្ភៈ​បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​ឡើយ​លើ​អ្វីដែល​កូរ៉េខាងជើង​នឹង​សុខចិត្ត​បោះបង់ចោល​ក្នុងការ​ដោះដូរ​ទណ្ឌកម្ម​។​

​សេចក្តីរាយការណ៍​នេះ​បាន​កើតឡើង​ត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​គីម​ទទួល​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ភីង​ដែល​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​មួយ​នៅ​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ​៕ AFP

ដោយ ​៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114