ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រាប់​ញយៗ​មិន​ស្ដាប់​ ទាល់តែ​លេង​ធម៌​ក្ដៅ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ យក​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​តាម​ចិញ្ចើម​ផ្លូវ​ចេញ​

​ភ្នំពេញ ​៖ ​សំណង់​រោង​ផ្ទះ​ជួល​ សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣​ត្រង់ ចំណុច​ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ច្រើន​ខែ ឆ្នាំ​មក​ហើយ ទោះជា​សាលា​រាជធានី​ភ្នំពេញ ទូទាត់​ប្រាក់​សំណង កិច្ចសន្យា​ឲ្យ រុះរើ​ចេញ​ពីលើ​ចំណី​ផ្លូវជាតិ ដែល​ប៉ះពាល់​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៣ ស្ពាន​អាកាស​ចោមចៅ​​​យ៉ាងណាក៏ដោយ ម្ចាស់​នៅតែ​មិន​ព្រម​រុះរើ​ចេញ​ដោយ​ខ្លួន​ឯង​ទៀត រង់ចាំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រើប្រាស់​គ្រឿងចក្រ ចុះទៅ​កាយ​រុះរើ​ចេញពី​ចំណីផ្លូវ​តែម្ដង។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សំណង់ រោង ផ្ទះជួល តូប សង់​លើ​ចំណីផ្លូវ​ជាតិ​លេខ​៣ ចំណុច​ខាងលើ ច្រើន​ឆ្នាំ​ហើយ ម្ចាស់​ទទួលបាន​សំណង​ពី​សាលាក្រុង​ភ្នំពេញ​រួច​អស់ហើយ និង​មាន​កិច្ចសន្យា​ឲ្យ រុះរើ​ចេញ​ដោយ​ខ្លួនឯង បែរជា​អូសបន្លាយ ម្ចាស់​សន្យា​ម្តង​ហើយ​ម្តងទៀត ខណៈដែល​គម្រោង​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​ក៏​កំពុង​សាងសង់ ព្រម​គ្នា​ជាមួយ សំណង់​ស្ពាន​អាកាស ម្ចាស់ផ្ទះ រោង នៅតែ​មិន​រុះ​ចេញ ទើប​នៅ​ព្រឹក​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​គ្រឿងចក្រ​ទៅ​កាយ រុះរើ​ចេញ។​

​ទោះជា​មានការ​ស្រែ​កកើត​ទុក្ខ​មិន​សុខចិត្ត ពី​បុរស​ម្នាក់​ជា​ម្ចាស់ផ្ទះ យ៉ាងណាក្តី អ្វីដែល​សមត្ថកិច្ច អាជ្ញាធរ ធ្វើ​នេះ ព្រោះ​កន្លងមក ច្រើន​ឆ្នាំ​ហើយ សន្យា​ម្តង​ហើយ​ម្តងទៀត ក្រោយពី​ទទួលបាន​នូវ​សំណង​ផលប៉ះពាល់​រួចរាល់ ហើយ​នៅតែ​មិន​ព្រម​រុះរើ​ដោយ​ខ្លួនឯង​ពេលនេះ​អាជ្ញាធរ​លែង​ស្ដាប់​ការ​អង្វរករ​របស់​ពលរដ្ឋ​ហើយ ព្រោះ​កាលណា​បើ​យោគយល់​ច្រើនពេក ថ្នាក់លើ​គេ​ស្ដីបន្ទោស​ដូច្នេះ​មានតែ​ប្រើ​ធម៌​ក្ដៅ​ខ្លះ​ទេ ទោះ​ពលរដ្ឋ​ទាំងនោះ​កើតទុក្ខ​មិន​សុខចិត្ត​ខ្លះ ក៏​មិន​អី​ដែរ ព្រោះថា​ការ​អភិវឌ្ឍ​​គេ​មិន​ស្ដាប់​បុគ្គល​ម្នាក់​ពីរ​នាក់​នាំ​ឲ្យ​រាំងស្ទះ​ការងារ​នោះទេ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114