ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Johnson ទទួលស្គាល់ថា ត្រូវការ​ការគាំទ្រ​រប​ស់ EU ក្នុងករណី Brexit គ្មាន​កិច្ចព្រមព្រៀង

លោក Boris Johnson ដែលជា​បេក្ខជន​ត្រូវបាន​គេ​សង្ឃឹមថា​ជំនួស​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May បាន​ទទួលស្គាល់ថា ទីក្រុង​ឡុង​ដ៍​នឹង​ត្រូវការ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ពី​សហភាព​អឺរ៉ុប​ដើម្បី​កាត់បន្ថយ​វិបត្តិ​ក្នុងករណី Brexit ដោយ​គ្មាន​កិច្ចព្រមព្រៀង​។​

​លោក Johnson បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា ចក្រភព​អង់គ្លេស​គួរតែ​ចាក​ចេញពី​ប្លុក​នេះ​តាម​កាលកំណត់​ថ្ងៃទី​៣១​ខែតុលា​បើទោះបីជា​ត្រូវ​ដើរចេញ​ទាំង​គ្មាន​កិច្ចព្រមព្រៀង​ក៏ដោយ​។​

​ប៉ុន្តែ​ដើម្បី​បញ្ចៀស​ការរំខាន​ដល់​ព្រំដែន​និង​ជំនួញ​គឺ​នឹង​ត្រូវការ​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប​។​

​លោក​បាន​ប្រាប់​ទូរទស្សន៍ BBC នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​វា​មិន​ត្រឹមតែ​អាស្រ័យ​លើ​យើង​ទេ វា​ក៏​អាស្រ័យ​លើ​ផ្នែក​ផ្សេងទៀត​ផងដែរ​។ វា​មាន​ធាតុ​ផ្សំ​មួយ​ដែលជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ការ​សហការគ្នា​ទៅវិញទៅមក​និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​រឿងនេះ​”​។​

​បើ​គ្មាន​កិច្ចព្រមព្រៀង Brexit រវាង​ទីក្រុង​ឡុង​ដ៍​និង​ប្រ៊ូ​ស​សែ​ល​ទេនោះ​, ចក្រភព​អង់គ្លេស​នឹង​លែងមាន​ឋានៈ​ជា​ប្រទេស​ទី​៣​ជាមួយ​សហភាព​អឺរ៉ុប​ទៀតហើយ​ដោយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នឹងត្រូវ​គ្រប់គ្រង​ដោយ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​លោក Johnson ត្រូវ​ប្រឈមមុខ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Jeremy Hunt ក្នុងការ​បោះឆ្នោត​ជុំ​ទី​ពីរ​ដើម្បី​សម្រេច​ថា​តើន​រណា​នឹង​ក្លាយជា​អ្នកដឹកនាំ​អង់គ្លេស​បន្ទាប់​និង​ទទួលយក​ភារកិច្ច​នៃ​ការចាកចេញ​របស់​ប្រទេស​នេះ​ពី​សហភាព​អឺរ៉ុប​។​

​លោក Johnson បាន​និយាយថា កិច្ចព្រមព្រៀង​ដកខ្លួន​ពី​សហភាព​អឺរ៉ុប​នាពេល​បច្ចុប្បន្ន​របស់លោក​ស្រី May គឺ​បាន​ស្លាប់​បាត់ទៅហើយ​បន្ទាប់ពី​ត្រូវបាន​ច្រានចោល​ចំនួន​បី​ដងដោយ​សភា​អង់គ្លេស​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក​ជឿជាក់ថា​នឹងមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ចរចា​អំពី​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​សហភាព​អឺរ៉ុប​មុន​ថ្ងៃ​ផុតកំណត់​ហើយ​សង្ឃឹមថា​ប្លុក​នេះ​នឹងមាន​ឆន្ទៈ​ផ្តល់​ពេល​អនុវត្ត​។​

​លោក​បាន​និយាយថា ប្រសិនបើ​លោក​ឈ្នះឆ្នោត រដ្ឋាភិបាល​របស់លោក​នឹងមិន​ដាក់​កម្រិត​ការគ្រប់គ្រង​ឬ​ព្រំដែន​រឹងមាំ​រវាង​សមាជិក​អ៊ឺរ៉ុប​គឺ​ប្រទេស​អៀរ​ឡង់​និង​អៀរ​ឡង់​ខាងជើង​ដែល​គ្រប់គ្រង​ដោយ​ចក្រភព​អង់គ្លេស​ទេ​ដែល​នេះ​ជា​បញ្ហា​មួយ​បានក្លាយ​ទៅជា​ចំណុច​សំខាន់​ក្នុងការ​ចរចារ​របស់ EU៕ AFP

ដោយ ​៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114