ព័ត៍មានទាន់​ហេតុការណ៏
Search

ការស្ទង់មតិ ​៖ លទ្ធិប្រជាធិបតេយ្យ​ខ្វះខាត​សម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក

ការស្ទង់មតិ​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​បាន​រកឃើញថា មានតែ​ប្រជាជន​ពាក់កណ្តាល​ប៉ុណ្ណោះ​ក្នុង​ពិភពលោក​ដែល​គិតថា ប្រទេស​របស់​ពួកគេ​គឺ​ប្រជាធិបតេយ្យ​ខណៈ​ជនជាតិ​អឺរ៉ុប​ភាគ​ខាងលិច​ជាច្រើន​កំពុង​មើលឃើញថា ធនាគារ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺជា​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​។​

​ការស្ទង់មតិ​ជាមួយ​មនុស្ស​ជាង​១៥០,០០០​នាក់​មកពី​៥៧​ប្រទេស​ដោយ​ក្រុមហ៊ុន Dalia Research និង Alliance of Democracies Foundation បាន​រកឃើញថា សូម្បីតែ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ក៏ដោយ ប្រជាជន​៣៨​ភាគរយ​គឺ​មិន​ពេញ​ចិត្តនឹង​ស្ថានភាព​នៃ​ប្រទេស​របស់​ពួកគេ​ទេ​។​

​លោក Nico Jaspers អគ្គនាយក​ក្រុមហ៊ុន Dalia Research បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បច្ចុប្បន្ននេះ ហានិភ័យ​ធំ​បំផុត​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​គឺថា សាធារណជន​លែង​ចាត់ទុក​ពួកគេ​ថា​ជា​លទ្ធិប្រជាធិបតេយ្យ​ទៀតហើយ​”​។​

​មនុស្ស​ដែល​ត្រូវបាន​ស្ទាបស្ទង់​មតិ​នៅក្នុង​សហរដ្ឋអាមេរិក​ដែលជា​កន្លែង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ​២០២០​កំពុង​បង្កើន​ឡើង​នោះ​គឺមាន​ភាពមិនប្រាកដប្រជា​ថា​តើ​ប្រទេស​របស់​ពួកគេ​គឺ​ប្រជាធិបតេយ្យ​ដែរឬទេ​ដោយ​ក្នុងនោះ​៤៦​ភាគរយ​និយាយថា​វា​មាន​ហើយ​ខណៈ​៤០​ភាគរយ​និយាយថា វា​មិនមាន​ប្រជាធិបតេយ្យ​គ្រប់គ្រាន់​ទេ​។​

​ជាង​ពាក់កណ្តាល​នៃ​ជនជាតិ​អាមេរិក​ដែល​ត្រូវ​ស្ទាបស្ទង់​មតិ​បាន​និយាយថា សហរដ្ឋអាមេរិក​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​លទ្ធិប្រជាធិបតេយ្យនៅ​ទូទាំង​ពិភពលោក​បើទោះបីជា​ភាគច្រើន​នៅក្នុង​ប្រទេស​លោកខាងលិច​ដូចជា​កាណាដា​និង​អឺរ៉ុប​ភាគច្រើន​ជាដើម​នោះ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ក៏ដោយ​។​

​នៅ​ទ្វីបអឺរ៉ុប ៥២​ភាគរយ​គិតថា សហភាព​អឺរ៉ុប​មិន​បានធ្វើ​សកម្មភាព​តាម​ចំណាប់អារម្មណ៍​របស់​អឺរ៉ុប​ភាគច្រើន​ទេ​ខណៈដែល​ការរិះគន់​ភាគច្រើន​គឺ​ចេញ​មកពី​ប្រទេស​អ៊ីតាលី បារាំង​និង​ក្រិ​ក​។​

​គួរ​បញ្ជាក់ថា ការស្ទង់មតិ​នេះ​ត្រូវបាន​ចេញផ្សាយ​ពីរ​បី​ថ្ងៃ​មុនពេល​មេដឹកនាំ​សហភាព​អឺរ៉ុប​ទាំង​២៨​រូប​នឹង​សម្រេចចិត្ត​លើ​ការងារ​កំពូល​របស់​ប្លុក​នេះ​នៅក្នុង​ដំណើរការ​មួយ​ដែល​ត្រូវបាន​រិះគន់​ដោយ​អ្នកខ្លះ​ថា​មិនមាន​ប្រជាធិបតេយ្យ​គ្រប់គ្រាន់​៕ REUTERS

ដោយ ៖​ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114