ព័ត៍មានទាន់​ហេតុការណ៏
Search

លូ​បង្ហូរ​លាមក​សត្វ​ ឆក់​យក​ជីវិត​ក្មេង​ប្រុស​អាយុ​១​ខួប​៣​ខែ​ ខណៈ​ជីដូន​ និង​តា ​រវល់​ពុះអុស​ដាំបាយ​

​កណ្តាល ​៖ ​ក្មេងប្រុស​អាយុ​១​ឆ្នាំ ​៣​ខែ ​ដែល​ម្តាយ​ជា​កម្មករ​ និង​ឪពុក​អ្នករត់​កង់​បី​ បាន​ផ្ញើ​ជាមួយ​ជីតា​និង​ជីដូន​ បាន​ត្រូវ​ប្រហោង​លូ​របស់​អ្នកជិតខាង​ធ្វើឡើង​ដើម្បី​បង្ហូរទឹក​លាមក​សត្វ​ ឆក់​យក​ជីវិត​មួយ​ប៉ប្រិច​ភ្នែក​ ខណៈ​ក្មេង​នោះ​រត់​លេង​ក្រោយ​ផ្ទះ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ បាន​កើត​ឡើង​វេលា​ម៉ោង​៨​និង​៣០​នាទី ​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​មេបា​ន់ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​នគរបាល​ប៉ុស្តិ៍​ស៊ីធរ ​ស្រុក​ខ្សាច់កណ្តាល​ បានឲ្យ​ដឹងថា ​ជនរងគ្រោះ​ ឈ្មោះ ឈឿន សុវណ្ណ​បញ្ញា​ភេទ​ប្រុស ​អាយុ​០១​ឆ្នាំ​ ០៣​ខែ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​(​ស្លាប់​)​មាន​ឪពុក​ឈ្មោះ ឈឿន ឈា អាយុ​៣០​ឆ្នាំ​ ជនជាតិខ្មែរ ​មុខរបរ​រត់​ម៉ូតូ​កង់​បី ប្រពន្ធ​ឈ្មោះ ឆៃ វ​ល័​ក្ខ អាយុ​២៨​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។

​នគរបាល​បញ្ជាក់ថា រ​យៈ​ពេល​៤​ឆ្នាំ​ហើយ​ ដែល​ឈ្មោះ​គុណ គីម​សឿន​ ភេទ​ប្រុស​ ដែលមាន​ផ្ទះ​នៅ​ចំហៀង​ខាងកើត​ផ្ទះ​ជនរងគ្រោះ បាន​ធ្វើ​លូ​បង្ហូរ​លាមក​សត្វ នៅ​ពីក្រោយ​ផ្ទះ។ ​ថ្ងៃ​២៤​មិថុនា​វេលា​ម៉ោង​៦​និង​០០​នាទី​ ឈ្មោះ​ឈឿន ឈា និង​ឈ្មោះ ឆៃ វល​ក្ខ័ ជា​ឪពុកម្ដាយ​ជនរងគ្រោះ​បាន​ចេញ​ទៅ​ធ្វើ​ការ​ដោយ​ទុក​ជនរងគ្រោះ​នៅផ្ទះ​ជាមួយ​ជីតា​ឈ្មោះ ​ឆន ឆៃ និង ​ជីដូន ឈ្មោះ​អៀម អូន វេលា​ម៉ោង​៨​និង​០០​នាទី​ថ្ងៃ​ដដែល ​ឈ្មោះ​អៀម អូន បានដាក់​ដាំបាយ ឈ្មោះ​ឆន ឆៃ បាន​ពុះអុស ហើយ​ជនរងគ្រោះ​ដើរលេង​ម្នាក់ឯង ដល់​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​ដដែល ​ដោយ​មិនឃើញ​ជនរងគ្រោះ​ទើប​ឈ្មោះ​ឆន ឆៃ និង​ ឈ្មោះ​អៀម អូន ព្រមទាំង​ឈ្មោះ​ឆៃ វ៉ា​រ៉ា ជា​ម្តាយធំ​ជនរងគ្រោះ​បាននាំគ្នា​ដើររក​ក៏​ឃើញ​ជនរងគ្រោះ ដេក​ផ្ងារ​ក្នុង​លូ​បង្ហូរ​លាមក​សត្វ​របស់​ឈ្មោះ​គុណ គីម​សឿន ​ដែលមាន​ទឹក​ជម្រៅ​០,៧០​ម៉ែត្រ​ស្លាប់បាត់​បង់ជីវិត ឃើញ​ដូច​នោះ ​ឈ្មោះ​ឆៃ វ៉ា​រ៉ា​ បាន​លើក​ជនរងគ្រោះ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពារាំង តែ​គ្រូពេទ្យ​ប្រាប់ថា​ជនរងគ្រោះ​ស្លាប់​ ទើប​ដឹក​ត្រឡប់​មកផ្ទះ​ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស៊ីធរ។ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ស្រុក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ​គ្រូពេទ្យ និង​ក្រុមគ្រួសារ​ធ្វើការ​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់ សាកសព​មាន​សភាព​ប៉ោង​ពោះ​ហូរ​ទឹក​ចេញ​តាម​មាត់ ​និង​ច្រមុះ ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរឲ្យ​កត់​សំគាល់​ទេ​។ ​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក ក្រោយ​ពេល​ពិនិត្យ​រួច​បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​តែ​យ៉ាងណា​ សមត្ថកិច្ច​បានធ្វើ​ការ​អំពាវនាវ​ផងដែរ​ដល់​អាណាព្យាបាល​ដែលមាន​កូនតូចៗ​ កុំ​មានការ​ធ្វេសប្រហែស​ពេក​ និង​ម្យ៉ាង​អ្នករ​ស់នៅ​ជិត​ខាង​សាងសង់​ ឬ​ជី​ក​បង្ហូរ​ដាក់​លូ​ ត្រូវមាន​គម្រប​គ្រប​ឲ្យ​ជិត​ទើប​មិនមាន​អ្វី​កើតឡើង​ជាក់ស្ដែង​ដោយសារ​តែមាន​លូ ហើយ​គម្រប​មិន​ជិត ​បណ្តាលឲ្យ​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​៕

ដោយ ៖ មុនី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114