ព័ត៍មានទាន់​ហេតុការណ៏
Search

អវកាសយានិក​រុស្ស៊ី​និង​អាមេរិក​ខាងជើង​វិល​ត្រឡប់​មក​ផែនដី​វិញ

ក្រុម​អវកាសយានិក​ដំបូង​គេ​ដែល​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ ​បន្ទាប់ពី​ឧបទ្ទវហេតុ​បាញ់​បង្ហោះ​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាង​ខ្លាំង​អំពី​កម្មវិធី​អវកាស​របស់​ប្រទេស​រុស្ស៊ី​គឺ​បាន​វិលត្រឡប់​មកកាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព​នៅ​ថ្ងៃ​អង្គារ។

​អវកាសយានិក​របស់​អង្គការ NASA លោកស្រី Anne McClain, អវកាសយានិក​ជើងចាស់​លោក Oleg Kononenko មកពី​ក្រុមហ៊ុន Roscosmos និង​អ្នកចាត់ចែង​ទិន្នន័យ​របស់​ភ្នាក់ងារ​អវកាស​កាណាដា​លោក David Saint-Jacques បាន​ងើបឡើង​ពី​យានអវកាស​ដោយ​ទទួល​បានការ​សាទរ​ពី​អវកាសយានិក​គាំទ្រ​បន្ទាប់ពី​ធ្លាក់ចុះ​នៅក្បែរ​ទីក្រុង Dzhezkazgan នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។​

​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ស្ថានីយ​ចុះចត​ដែល​ផ្សាយ​លើ​ទូរទស្សន៍ NASA បានបង្ហាញ​ពី​អ្នក​ទាំងបី​អង្គុយ​លើ​កៅអី​ដោយ​ញញឹម​ខណៈដែល​ពួកគេ​ទទួលបាន​ការស្វាគមន៍​ពី​សំណាក់​បុគ្គលិក​មុន​ការធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង​មូ​ស្គូ​វិញ​។​

​ការបាញ់​បង្ហោះ​អ្នក​ទាំង​៣​កាលពី​ថ្ងៃទី​៣​ខែធ្នូ​គឺជា​លើកទីមួយ​ហើយ​បន្ទាប់ពី​រ៉ុក្កែត Soyuz ដែល​ដឹក​លោក Aleksey Ovchinin នៃ​ប្រទេស​រុស្ស៊ី​និង​អវកាសយានិក​អាមេរិក​ឈ្មោះ Nick Hague បាន​បរាជ័យ​ក្នុង​ខែតុលា​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​ការ​បំផ្ទុះ​ដែលជា​ហេតុ​បង្ខំ​ឲ្យ​អ្នក​ទាំងពីរ​ត្រូវ​ចុះចត​ជាបន្ទាន់​។​

​ពួកគេ​បានគេច​ផុតពី​គ្រោះថ្នាក់​ដោយ​គ្មាន​ការឈឺចាប់​ប៉ុន្តែ​ការបាញ់​បង្ហោះ​បរាជ័យ​នោះ​គឺជា​ឧប្បត្តិហេតុ​ដំបូងបង្អស់​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ក្រោយ​សម័យ​សូ​វៀត​និង​ជា​ឧបសគ្គ​ថ្មី​សម្រាប់​ឧស្សាហកម្ម​អវកាស​ដែលមាន​មោទនភាព​របស់​ប្រទេស​នេះ​។​

McClain, Kononenko និង Saint-Jacques មាន​សុទិដ្ឋិនិយម​មុនពេល​ការបាញ់​បង្ហោះ​ដោយ​ជោគជ័យ​របស់​ពួកគេ​និង​នៅតែមាន​សុទិដ្ឋិនិយម​គ្រប់ពេលវេលា​របស់​ពួកគេ​នៅលើ​មន្ទីរពិសោធន៍​លំហ​អាកាស​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​គំរូ​ដ៏​កម្រ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​រុស្ស៊ី​និង​លោកខាងលិច​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114