ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្លង​ចរន្ត​អគ្គិសនី ​ឆេះ​ផ្ទះ​លក់​ចាប់ហួយ ទាំង​កណ្តាល​យប់ សមត្ថកិច្ច​ជួយ​បាញ់​ទឹក​ពន្លត់​អស់​៤​ស៊ីទែន​

ភ្នំពេញ​ ៖​ ខណៈ​ម្ចាស់ផ្ទះ​កំពុង​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់ ស្រាប់តែ​ផ្សែង​ហុយ​ខ្មៅ​ខ្មួលខ្មាញ់​លាយឡំ​ នឹង​អណ្ដាតភ្លើង​ផង​នោះ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​មានការ​ភ្ញាក់ផ្អើល ហើយ​ម្ចាស់ផ្ទះ​បាន​លោត​ចុះ​ពី​លើ​ផ្ទះ ​ដើម្បី​ហៅរក​ការ​ជួយ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ បន្ទាប់ពី​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។

ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ឆាបឆេះ​ខាង​លើ​ជា​ផ្ទះ​លក់ដូរ​ចាប់​ហួយ​ នៅ មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ក្នុង​ផ្ទះ​ជាន់ក្រោយ​ដោយ​ម្ចាស់​បាន​នាំគ្នា​ដេក​សម្រាក​នៅ​ជាន់​លើ​ភ្លាមៗ​នោះ ​ក៏​ឃើញ​ម្ចាស់ផ្ទះ​លោត​ចុះ​ពី​លើ​ផ្ទះ​មក​ទើប​មានការ​ឆោឡោ​ឡើង​ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​មក​បាញ់​ពន្លត់​ទាន់​ពេល​វេលា។

ក្នុង​ហេតុការណ៍​ខាង​លើ​នេះ​ផង​ដែរ​ សមត្ថកិច្ច​បញ្ជាក់​ថា ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី ​ទើប​មាន​ការ​ឆាបឆេះ​បែបនេះ និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​រថយន្ត​ រលត់​ទាំងស្រុង ​និង​រង​ការខូចខាត​សម្ភារៈ​មួយ​ចំនួន​ផង​ដែរ ​តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងរបួស​នោះទេ៕

ដោយ ៖ ​វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114