ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ប្រមុខ​ចារកម្ម​វេ​ណេ​ហ្ស៊ូ​អេ​ឡា​និយាយថា លោក Maduro នៅតែ​អាច​ដួលរលំ​

អតីត​ប្រមុខ​ចារកម្ម​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Cristopher Figuera ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​បន្ទាប់ពី​បាន​គាំទ្រ​ការបះបោរ​ប្រឆាំងនឹង​លោក Nicolas Maduro កាលពី​ខែមេសា​ដែល​ទទួល​បរាជ័យ​បាន​ប្រាប់​កាសែត Washington Post ថា របប​នេះ​នៅតែ​អាច​ដួលរលំ​។​

​លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ចេញផ្សាយ​តាម​អន​ឡាញ​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា “​ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​។ សម្រាប់​ពេលនេះ របប​នេះ​បាន​នៅមុខ​យើង​ប៉ុន្តែ​វា​អាច​ផ្លាស់ប្តូរ យ៉ាង​ឆាប់រហ័ស​”​។​

​យោងតាម​កាសែត​នេះ​បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​អ្នក​រត់ចោលជួរ​មាន​ឋានៈ​ខ្ពស់បំផុត​ប្រឆាំង​លោក Maduro, លោក Figuera ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​គាំទ្រ​ការបះបោរ​ថ្ងៃទី​៣០​ខែមេសា​ដោយ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido ហើយ​បាន​លាក់ខ្លួន​រយៈពេល​ពីរ​ខែ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​មុនពេល​គាត់​ទៅដល់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក Figuera ដែលជា​អតីត​ប្រធាន​សន្តិសុខសម្រាប់​អតីត​ប្រធានាធិបតី Hugo Chavez បាន​ប្រាប់​កាសែត​នេះ​ថា សមាជិក​ក្រុមគ្រួសារ​របស់លោក Maduro និង​រដ្ឋាភិបាល​របស់​គាត់​បាន​ចូលរួម​ក្នុងការ​លាងលុយកខ្វក់​និង​អំពើពុករលួយ​ហើយ​ចោទប្រកាន់ថា ក្រុម Hezbollah ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​និង​រៃអង្គាស​មូលនិធិ​។​

​លោក​បាន​និយាយថា “​ខ្ញុំ​ដឹង​ភ្លាមៗ​ថា លោក Maduro គឺជា​ប្រធាន​នៃ​សហគ្រាស​ឧក្រិដ្ឋកម្ម​មួយ​ដោយ​គ្រួសារ​របស់គាត់​ក៏មាន​ជាប់​ពាក់ព័ន្ធ​ដែរ​”​។ ហើយ​បាន​ចោទប្រកាន់​កូនប្រុស​របស់​ប្រធានាធិបតី​ឈ្មោះ Nicolas Maduro Guerra ពីបទ​បើក​ដំណើរការ​គម្រោង​ខុសច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​ការលក់​មាស​ក្នុងតម្លៃ​ខ្ពស់​ទៅ​ឲ្យ​ធនាគារកណ្តាល​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ។​

​លោក​ក៏បាន​អះអាង​ផងដែរ​ថា គុយបា​បានដាក់​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​លោក Maduro ដោយ​លោក​រៀបរាប់​ពី​ការហៅ​ទូរស័ព្ទ​ដ៏​ញឹកញាប់​រវាង​អតីត​ប្រធានាធិបតី Raul Castro និង​មេដឹកនាំ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​លោក Figuera បាន​និយាយថា “​លោក Raul Castro គឺ​ដូចជា​ទីប្រឹក្សា​របស់លោក Maduro អញ្ចឹង​។ ប្រសិនបើ​គាត់​ស្ថិតក្នុង​កិច្ចប្រជុំ​ណាមួយ កិច្ចប្រជុំ​នោះ​នឹងត្រូវ​ផ្អាក​ប្រសិនបើ​លោក Castro ទូរស័ព្ទ​មក​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114