ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​សហជីព​សង្ឃឹមថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ស្ថិតនៅ​ប្រទេស​កម្ពុជា​តទៅទៀត​

​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​សហជីព​អះអាង​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា គឺជា​វិស័យ​មួយ​ដ៏​មាន​សក្ដានុ​ពល និង​ឈានមុខ​គេ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​ការផ្ដល់​ប្រាក់ចំណូល និង​ផ្ដល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ ហើយ​ផ្អែកលើ​ការខិតខំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន សង្ឃឹមថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ស្ថិតនៅ​ប្រទេស​កម្ពុជា​តទៅទៀត​។​

​នេះ​ជា​ការ​បញ្ជាក់​របស់ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា នៅក្នុង​មហាសន្និបាត​អាណត្តិ​ទី​៧ របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា CCAWDU។ លោក​អះអាងថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា គឺជា​វិស័យ​មួយ​ដ៏​មាន​សក្ដានុពល និង​ឈានមុខ​គេ​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​ការផ្ដល់​ប្រាក់ចំណូល និង​ផ្ដល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​កម្មករ ក៏​ដូចជា​កម្មករ​និយោជិត ហើយ​វិស័យនេះ ក៏បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុ​ជា​មាន​កំណើន និង​លំនឹង​រហូតដល់​ជាង​៧​ភាគរយ​។​

តាម ​លោក អាត់ ធន់ រយៈពេល​បី​បួន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​កាត់ដេរ​នៅ​កម្ពុជា បាន​នាំចេញ​យ៉ាង​ច្រើន​រហូតដល់​១០​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​មួយឆ្នាំ​មួយឆ្នាំ​កើនឡើង​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​។

លោក​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​វិស័យ​កាត់ដេរ មាន​កម្មករ​និយោជិត ប្រមាណ​ជិត​១​លាន​នាក់​កំពុង​ធ្វើការ ហើយ​មាន​រោងចក្រ​ប្រមាណ​១០០០​ក្រុមហ៊ុន​កំពុង​ដំណើរការ​។​

​បើ​ប្រៀបធៀប​ជាមួយ​ពេលមុន លោក អាត់ ធន់ បាន​អះអាងថា នៅក្នុង​ឆ្នាំ​២០១៧ វិស័យ​កាត់ដេរ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៨៣០០​លាន​ដុល្លារ ហើយ​ឆ្នាំ​២០១៨ បានកើត​ឡើងដល់​១០​ពាន់​លាន​ដុល្លារ ដូច្នេះ​ក្នុង​មួយឆ្នាំ​កើនឡើង​ជិត​២០០​លាន​ដុល្លារ​។ ដោយឡែក​នៅ​ឆ្នាំ​២០១៩ នេះ រយៈពេល​៦​ខែ​ដើមឆ្នាំ អត់​មាន​ថយចុះ​ទេ ដូច្នេះ​យើង​អាច​និយាយ​ថា វិស័យ​នេះ​អាច​កើន​ឡើង​រហូតដល់​១១ ឬ​១២​ពាន់​លាន​ដុល្លារ​។​

​ទាក់ទង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហគមន៍​អឺរ៉ុប​បានផ្តល់​ឲ្យ​កម្ពុជា​នោះ លោក​ អាត់ ធន់ អះអាងថា រហូតដល់​ពេលនេះ កម្ពុជា​មិនទាន់មាន​បញ្ហា EBA ទេ ពីព្រោះ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ គ្រាន់តែ​ជា​នីតិវិធី​មួយ​ក្នុង​ការដក​តែប៉ុណ្ណោះ នៅសល់​ពេលវេលា​វែងឆ្ងាយ​ណាស់​។ ទោះយ៉ាងណា លោក​អះអាងថា រាជរដ្ឋាភិបាល ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ ហើយ​នៅពេល​ជួប​ជាមួយ​សហគមន៍​អឺរ៉ុប ក៏បាន​លើកឡើង​ច្រើន​ផងដែរ នូវ​អ្វីដែល​ខ្លួន​បានស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​មានការ​កែប្រែ​លើ​បញ្ហា EBA នេះ ប៉ុន្តែ​សម្រាប់​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក ប្រសិនបើ​រដ្ឋាភិបាល​មានការ​កែប្រែ និង​មានការ​បន្ធូរបន្ថយ​ខ្លះ សហគមន៍​អឺរ៉ុប អាច​នឹង​ផ្ដល់​ឱកាស​ឲ្យ​កម្ពុជា​ទទួល​បាន EBA នេះ​តទៅទៀត​។​

​ជាមួយនឹង​ការ​លើកឡើង​ខាងលើ លោក អាត់ ធន់ ក្នុងនាម​ថ្នាក់ដឹកនាំ​កម្មករ​មួយរូប លោក​ក៏មាន​ការ​ព្រួយបារម្ភ​ដែរ​ ទាក់ទង​បញ្ហា EBA នេះ ពីព្រោះ​វិស័យ​កាត់ដេរ គឺជា​វិស័យ​មួយ​ដ៏​ធំ និង​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា តែ​យើង​មិនអាច​ទាន់​និយាយ​បាន​យ៉ាងម៉េច​ទេ ពីព្រោះ​នៅ​ពេល​នេះ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​កែប្រែ ហើយ​សហគមន៍​អឺរ៉ុប ក៏​កំពុង​ជជែក​គ្នា​អំពី​បញ្ហា​នេះ​។

លោក​អះអាងថា ជា​ប្រវត្តិសាស្ត្រ​យើង​ធ្លាប់​ដឹង បញ្ហា​បច្ចេកទេស វា​ពិបាក​មែន តែ​បើ​នយោបាយ ជួន​កាល​មានអី​តែ​បន្តិច អាច​កែប្រែ​ភ្លាម ដូច្នេះ​យើង​ពិបាក​សន្និដ្ឋាន​ថា វា​ដាច់ (EBA) ឬ​យ៉ាងណា​។ តែ​យើង​នៅ​មានជំនឿថា ទាំង​សហភាព​អឺរ៉ុប ទាំង​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ នឹង​ខិតខំ​យកចិត្តទុក​ដាក់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ស្ថិតនៅក្នុង​ប្រទេស​កម្ពុ​ជា​ទៅទៀត​។​

​សូមបញ្ជាក់ថា ទាក់ទង​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA មកដល់ពេលនេះ កម្ពុជា​ទទួលបាន​បេសកកម្ម​ស្វែងរក​ការពិត​ចំនួន​២​លើក​ហើយ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ធ្លាប់បាន​បញ្ជា​ក់នៅ​ចំពោះមុខ​គណៈប្រតិភូ​រប​ស់​អឺរ៉ុប​ថា រាជរដ្ឋាភិបាល នឹង​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​កម្ពុជា​ទទួលបាន EBA ប៉ុន្តែ​ការខិតខំ​យ៉ាងណាក៏ដោយ ក៏​នៅមាន​បន្ទាត់​ក្រហម​ដែរ គឺ​មិនអាច​យក​អធិបតេយ្យភាព​ជាតិ​ដូរ​ជាមួយ EBA នោះទេ​៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114