ព័ត៍មានទាន់​ហេតុការណ៏
Search

UN ព្រួយបារម្ភ​ថា មី​យ៉ាន់​ម៉ា ​អាច​រំលោភ​សិ​ទិ្ធ​មនុស្ស​នៅក្នុង​តំបន់​ដែល​កាត់ផ្តាច់​អ៊ីនធឺណិត

អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ការ​កាត់ផ្តាច់​អ៊ី​ន​ធើ​ណែ​ត​នៅ ផ្នែក​ខ្លះ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​អាច​បិទបាំង​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​មួយ​ដែលជា​កន្លែង​ការបង្ក្រាប​ដោយ​កងទ័ព​ដ៏​សាហាវ​បាន​បង្ខំ​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​រត់​ភៀសខ្លួន​រួចទៅហើយ​។​

​កង​យោធា​បាន​ជាប់​នៅក្នុង​ការប្រយុទ្ធ​ជាមួយ​កងទ័ព Arakan (AA) ដែលជា​ក្រុម​បះបោរ​កំពុង​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​បន្ថែមទៀត​សម្រាប់​ជនជាតិភាគតិច​កាន់សាសនា​ព្រះពុទ្ធ​របស់​តំបន់​នេះ​។​

​កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​បាន​ចាត់វិធានការ​មិន​ធ្លាប់មាន​ពីមុនមក​ដោយ​បញ្ជា​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ត្រូវ​បិទ​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ទាំងអស់​នៅតាម​ទីប្រជុំជន​យ៉ាងហោចណាស់​ចំនួន​៨​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​និង​តំបន់​មួយ​នៅក្នុង​រដ្ឋ ឈិន ដែល​ស្ថិតនៅ​ជិតខាង​។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​លោកស្រី Yanghee Lee បាន​អំពាវនាវ​ឲ្យ​ដក​ការ​រឹតបន្តឹង​នេះ​ជា​បន្ទាន់ដោយ​លោកស្រី​បាន​និយាយថា “​ខ្ញុំ​ខ្លាច​សម្រាប់​ជន​ស៊ីវិល​ទាំងអស់​នៅ​ទីនោះ​”​។ លោកស្រី​លើកឡើងថា “​ប្រតិបត្តិការ​បោសសម្អាត​របស់​យោធា​អាចជា​ការបិទបាំង​មួយ​សម្រាប់​ការរំលោភ​សិទ្ធិមនុស្ស​ជាទូទៅ​ប្រឆាំងនឹង​ជន​ស៊ីវិល​”​។​

​បញ្ជា​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​ច្បាប់​ទូរគមនាគមន៍​ដែល​បានដាក់​លើ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​សម្រាប់​រយៈពេល​មិន​កំណត់​។​

​យ៉ាងណាក្តី ក្រុមហ៊ុន Telenor Group បាន​និយាយថា ក្រសួង​ដឹកជញ្ជូន​និង​ទូរគមនាគមន៍​បាន​និយាយ​ដោះសារ​អំពី​វិធានការ​នេះ​ដោយ​អះអាងថា អ៊ី​ន​ធើ​ណែ​ត​កំពុង​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​សម្របសម្រួល​សកម្មភាព​ខុសច្បាប់​។​

​ទាហាន​រាប់ពាន់នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​ភាគ​ខាងលិច​ដែល​នៅ​ទីនោះ​មាន​មនុស្ស​ជាង​៣៥,០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​ដើម្បី​គេច​ពី​ការបាញ់​កាំភ្លើង​ធុន​ធ្ងន់​នៅក្នុង​អំពើហិង្សា​មួយ​ដែល​បាន​រាលដាល​ដល់​រដ្ឋ​ឈិន​។​

​ភាគី​ទាំង​ពីរបាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា​បាន​ប្រព្រឹត្ត​ការរំលោភបំពាន​ហើយ​ជន​ស៊ីវិល​រាប់សិប​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់​តបត​និង​ការបាញ់​ផ្លោង​បើទោះបីជា​ពួកគេ​បាន​ជ្រកកោន​នៅក្នុង​វត្ត​អា​រ៉ា​ម​ក៏ដោយ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114