ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តរតនគិរី

រតនគិរី ៖ លោក ដួច ប៊ុន​ណា ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​តែងតាំង​ឲ្យ​ចូលកាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តរតនគិរី​ជំនួស លោក ទន់ សុថា​រ័ត្ន ប្រធាន​មន្ទីរ​ចាស់​ដែល​បាន​ចូលនិវត្តន៍​។

ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​រតនគិរី​ក្រោម​អធិបតីភាព លោក វង់ សណ្តាប់ អនុរដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ណាប់ ប៊ុន ហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក មួង ប៉ាង អភិបាលខេត្ត​ស្តីទី ព្រមទាំង​អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។

ដោយឡែក លោក លោកស្រី​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង​និង​ខេត្តព្រះវិហារ​ក៏បាន​អញ្ជើញ​ចូលរួម​ក្មុង​ពិធី​នេះ​ផងដែរ​។

បន្ទាប់ពី​លោក ទន់ សុថា​រ័ត្ន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តរតនគិរី ចាស់​ធ្វើ​របាយការណ៍​សង្ខេប​ពី​លទ្ធផល​ការងារ​រយៈពេល​កន្លងមក​រួចមក លោក វង់ សណ្តាប់ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រគល់​ប្រកាស​តែងតាំង និង​ប្រគល់​ត្រា​ដល់​លោក ដួច ប៊ុន​ណា ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តរតនគិរី ចាប់ពីពេលនេះ​តទៅ​។

បន្ទាប់ពី​លោក មួង ប៉ាង អភិបាលខេត្ត​ស្តីទី​មានប្រសាសន៍​សំណេះសំណាល រួចមក​លោក វង់ សណ្តាប់​បាន​មានប្រសាសន៍ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ជ្រើសរើស​យកមក ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​តាម​ពាក្យស្លោក “កែទម្រង់ គឺ​រស់ បើ​មិន​កែទម្រង់ គឺ​ស្លាប់” ក្នុង​ន័យ​នេះ​ការងារ​កែទម្រង់ គឺ​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល ដើម្បី​ដឹកនាំ​កម្ពុជា ឈាន​ទៅ​សម្រេច​បានជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

លោក​អនុរដ្ឋលេខាធិការ​បាន​ផ្តាំផ្ញើរ​ដល់ លោក ដួច ប៊ុន​ណា ដែល​ជា​ប្រធាន​មន្ទីរ ថ្មី​ត្រូវ​ខិតខំ​អនុវត្ត តួនាទី ភារកិច្ច​ដែល​អង្គភាព​ប្រគល់​ជូន​ក្នុងការ​ធ្វើ​ឲ្យ​ការងារ​ហិរញ្ញវត្ថុ ខេត្ត​មានការ​រីកចម្រើន និង​សហប្រតិបត្តិ​ការ​ល្អ​ទន់ភ្លន់ ម៉ត់ចត់ ជាមួយ​គ្រប់​មន្ទីរជំនាញ រដ្ឋបាល​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ និង​គោលនយោបាយ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​កាន់តែ​ល្អប្រសើរ​។

លោក​បាន​បន្តទៀត​ថា ក្រៅ​ពី​នេះ​ត្រូវខិតខំ​ប្រឹងប្រែង​បំពេញ​មុខនាទី​របស់​ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម ការងារ​ដឹកនាំ និង​គ្រប់គ្រង​អង្គភាព តាម​គោលការណ៍ បុ​រេ​សកម្ម ការ​បំពេញ​កា​រងារ​ជា​ក្រុម នានា​ឲ្យ​មាន​តម្លាភាព​ប្រសិទ្ធភាព​ការងារ និង​ការទទួលខុសត្រូវ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114