ព័ត៍មានទាន់​ហេតុការណ៏
Search

បរិយាយ ៖ តើ​អំណាច​រដ្ឋ​យក​ទៅ​ណា​? បើ​យើង​មិនអាច​ទប់ស្កាត់​នូវ​ការសាងសង់​បែប​អនាធិបតេយ្យ​បាន​ផង​នោះ

ក្នុង​ឧបទ្ទវហេតុ​នៃ​ការដួលរលំ​អគារ​កម្ពស់ ៧ ជាន់​នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ២២ ខែ មិថុនា ២០១៩ ដែល​បណ្តា​ឲ្យ​មាន​មនុស្ស​ស្លាប់​រហូត ២៨ នាក់​និង​របួស ២៦ នាក់ ត្រូវ​បាន​អាជ្ញាធរ​អះអាងថា​ជា សំណង់​អត់​ច្បាប់ និង បាន​ចុះទៅ​ហាមឃាត់​រហូតដល់​ទៅ​២​ដង​តែ​ម្ចាស់​សំណង់​មិន​ព្រមស្តាប់ ការ​លើកឡើង​នេះ​វា​ជា​សំណួរ​ដ៏​ធ្ងន់​មួយ​សម្រាប់​មជ្ឈដ្ឋាន​ប្រជាជន​កម្ពុជា។ បើ​សំណង់​មិន​មាន​ច្បាប់​អនុញ្ញាត​ហេតុអ្វី​អគារ​នេះ​ត្រូវ​បាន​សាងសង់​រហូត​កម្ពស់​៧​ជាន់​ ហើយ​អាជ្ញាធរ​មិន​មាន​វិធានការ​អ្វី​សោះ​ទៅលើ​ការសាងសង់​នេះ​។​ ដែល​នេះ​បង្ហាញ​ពី​ភាព​កម្សោយ​នៃ​អភិបាលកិច្ច​ក្នុងការ​គ្រប់គ្រង​ដែនដី​។ មាន​សំណួរ លើក​ឡើង​ថា តើ​អំណាច​រដ្ឋ​នៅ​ទី​ណា​បើ​អាជ្ញាធរ​មិនអាច​ហាមឃាត់​ទង្វើ​​ខុសច្បាប់​បាន​ផង​នោះ​?

យើង​គួរ​ស្វែងយល់​បន្តិច​ថា ​តើ​អាជ្ញាធរ​ដែន​មានអំណាច​អ្វីខ្លះ​? អភិបាលខេត្ត​-​ក្រុង​ត្រូវ​ទទួលខុសត្រូវ​និង​ធានា​ការគ្រប់គ្រង​និង​ដឹកនាំ​វិស័យ​ការងារ​រដ្ឋបាល​និង​នយោបាយ​របស់​រាជរដ្ឋាភិបាល​ព្រមទាំង​ការងារ​សំខាន់ៗ​នៅក្នុង​ខេត្ត​-​ក្រុង​របស់​ខ្លួន​រួម​មានៈ​ប្រមូល​ព័ត៌មាន​ទូទៅ​ជូន​រាជរដ្ឋាភិបាល​និង​ក្រសួងមហាផ្ទៃ​។ ផ្សព្វផ្សាយ​អនុវត្ត​ជំរុញ​និង​តាមដាន​ការអនុវត្ត​ច្បាប់​បទបញ្ញត្តិ​និងសេចក្តីសម្រេច​ផ្សេងៗ​។ មានអំណាច​បញ្ជា​លើ​នគរបាល​ជាតិ ,​មានអំណាច​គ្រប់គ្រង​លើ​មន្ត្រីរាជការ​តាម​ខ្សែ​បណ្តោយ និង​តាម​ខ្សែទទឹង ដែល​បំពេញការងារ​នៅតាម​មន្ទីរ​នានា​ក្នុង​ខេត្ត​-​ក្រុង​ស្របតាម​មាត្រា​២២ នៃ​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

មានអំណាច​សម្របសម្រួល​ជំរុញ និង​ត្រួតពិនិត្យ​លើ​មន្ត្រីរាជការ លើ​បណ្តា​មន្ទីរជំនាញ​នានា​របស់​រដ្ឋ​តាំងនៅ​ក្នុង​ខេត្ត​-​ក្រុង លើកលែងតែ​ការងារ​ជំនាញ​ឯកទេស​របស់​តុលា និង​អយ្យការ​អម​តុលាការខេត្ត​-​ក្រុង។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី ២៤ ខែមិថុនា​ថា «​សោកនាដកម្ម​នៅពេលនេះ​បានផ្ដល់​មេរៀន​ប្រាប់​យើង ហើយ​មេរៀន​នោះ​ត្រូវតែ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ការទទួលខុសត្រូវ​រប​ស់​រដ្ឋ​របស់​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី។ ខ្ញុំ​ធ្លាប់​បាន​និយាយ​នៅក្នុង​វេទិកាសាធារណៈ​មួយចំនួន​ស្ដីពី​ការដែល​ថា​ គ្មាន​ច្បាប់​សាងសង់​ប៉ុន្តែ​ត្រូវ​បាន​សាងសង់​គេ​សាងសង់​ហើយ​ទៅ​ប្រាប់​គេ​ឲ្យ​ឈប់​សាងសង់​តែ​គេ​មិន​ស្ដាប់ គួរតែ​ប្រាប់​ថា ​តើ​អំណាច​រដ្ឋ​នៅ​កន្លែង​ណា​ទុក​ឲ្យ​អ្នក​សាងសង់​មក​ធ្វើ​ចៅហ្វាយខេត្ត​ ឬ​ ធ្វើ​រដ្ឋមន្ត្រី​ល្អ​ជាង​ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ​គ្មាន​ការលើកលែង​បានទេ។ បទពិសោធន៍​លើក​នេះ​ផ្ដល់​មេរៀន​ឲ្យ​យើង​។ យើង​បាន​ចាត់តាំង​គណៈកម្មការ​មួយ​ដែល​ត្រូវ​ត្រួតពិនិត្យ​សុវត្ថិភាព​សំណង់​ទាំងអស់​ ដែល​ដឹកនាំ​ដោយ​លោក​ជា​សុផារ៉ា។ ក៏ប៉ុន្តែ​នេះ​ គ្រាន់តែ​អង្គការ​ផ្នែក​នយោបាយ​មួយ​ទេ ដូចនេះ​លោក ជា​សុផារ៉ា​ត្រូវ​រៀបចំ​អ្នកបច្ចេកទេស​ពិត​ប្រាកដ​ដើម្បី​មាន​សមត្ថភាព​វាយតម្លៃ​ទៅលើ​សុវត្ថិភាព​សំណង់​ទាំងអស់​ដែល​កំពុង​សាងសង់​តើ​អ្នកណា​ដែល​គ្មាន​ច្បាប់​សាងសង់​ ត្រូវតែ​ផ្អាក​ការសាងសង់​ទាំងអស់​។ មិនអាច​ឲ្យ​មាន​ករណី​បែប​នេះ​កើតឡើង អញ្ចឹង​យើង​មិនបាច់​ធ្វើ​អាជ្ញាធរ យើង​មិន​ចាំបាច់​គ្រប់គ្រង​រដ្ឋ​ទេ ប្រសិនបើ​យើង​មិន​មាន​សមត្ថភាព​រាំង​ស្កាត់​នូវ​ការសាងសង់​បែប​អនាធិបតេយ្យ​នេះ​»​។

​បើ​តាម​កម្មករ​ធ្វើការ​នៅ​ទី​នេះ​ដែល​នៅ​រស់​រានមានជីវិត​បា​ន​លើកឡើង​ថា អគារ​មួយ​នេះ​បាន​សាង​សង់​អស់​រយៈពេល​ជាង ៦ខែ​មក​ហើយ​ ដូចនេះ​អគារ​នេះ​វា​កើតមាន​យូរ​មក​ហើយៗ​អាជ្ញាធរ​ខ្លួនឯង​ក៏បាន​ដឹង​និង មានការ​ព្រួយបារម្ភ​ទៀត​ផង ​ហើយ​ថែមទាំង​បាន​ទៅ​ហាម​គេ​មិន​ឲ្យ​សាងសង់​ដល់​ទៅ​២​ដង។ តើ​រឿងនេះ​យ៉ាងណា​ប្រសិនបើ​យើង​ជា​អាជ្ញាធរ​ហើយ​មិនអាច​ទៅ​ហាមឃាត់​មិន​ឲ្យ​គេ​សាងសង់​បាន​នោះ។​ អាជ្ញាធរ​ត្រូវ​តែ​មាន​ការទទួលខុសត្រូវ​ចំពោះ​ឧបទ្ទវ​ហេតុនេះ​។ នេះ​ជា​មេរៀន​មួយ​ប្រាប់​ទៅ​អាជ្ញាធរ​ថា​ មិនអាច​យក​រឿង​បែបនេះ​មកលេង​សើច​នោះ​ទេ​ ព្រោះ​វា​មាន​ហានិភ័យ​មួយ​ខ្ពស់​ណាស់​ សម្រាប់​អាយុជីវិត​របស់​មនុស្ស​ដែល​កំពុងធ្វើការ​នៅក្នុង​អគារ ជីវិត​មនុស្ស​មានតម្លៃ​ណាស់​មិនអាច​ធ្វេសប្រហែស​បានទេ​។

​បទពិសោធន៍​នៃ​ការសាងសង់​នៅក្នុង​បណ្ដា​ប្រទេស​មួយចំនួន​មុន​ការសាងសង់​គេ​ត្រូវ​មាន​ច្បាប់​ទម្លាប់​មួយ​ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​និង​បច្ចេកទេស​សំណង់​ដោយ​គេ​មានការ​ត្រួតពិនិត្យ​គុណភាព​សាងសង់​ដោយ​ពិនិត្យ​ទៅលើ​ការ​បុក​គ្រឹះ​ការប្រើប្រាស់​ដែក​ស៊ីម៉ងត៍​តើ​វា​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដែរ​ឬ​អត់​ដើម្បី​ជៀសវាង​នូវ​ការសាងសង់​សំណង់​គ្មាន​គុណភាព​ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​។

អភិបាលខេត្ត​ព្រះសីហនុ​បាន​ទទួល​ស្គាល់​កំហុស​រប​ស់លោក​ក្នុងការ​អនុវត្ត​តួនាទី​មិនបាន​ល្អ តែ​បញ្ហា​ដែល​ស្រាវជ្រាវ​ឲ្យ​ឃើញ​តើ​ហេតុអ្វី​អាគារ​នេះ​ត្រូវបាន​ហាមឃាត់​ពីរដង​ហើយ​នៅតែ​អាច​សាងសង់​បាន​តើ​វា​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ដោយ​ខុសច្បាប់​ ឬក៏​ពាក់ព័ន្ធ​នឹង​ការ​មាន​ខ្នងបង្អែក​ដើម្បី​ឲ្យ​អគារ​និង​សាងសង់​បាន ​ដូច្នេះ​យើង​ត្រូវ​តែ​មាន​ការស៊ើបអង្កេត​ដើម្បី​ឲ្យ​ម៉ត់ចត់​បំផុត​ដើម្បី​រក​អ្នកទទួលខុសត្រូវ​មក​ទទួលកំហុស​ទៅតាម​ផ្លូវច្បាប់​។ ជា​ធម្មតា​អ្នក​ដែល​អនុញ្ញាត​ច្បាប់​សាងសង់​គឺ​ក្រសួង​រៀបចំ​ដែនដី​។

​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម​ និង​ សំណង់​បាន លោក សេង ឡូត បាន​ឲ្យ​ដឹង​ថា ក្រសួង​ពុំដែល​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​អាជ្ញាធរ​ខេត្ត​ថា​ សំណង់​នេះ​ខុសច្បាប់​នោះ​ទេ​។ កាលពី​ខែតុលា​ឆ្នាំ ២០១៨ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង ​សំណង់​ធ្លាប់​បាន​ស្នើ​ឲ្យ​អភិបាលខេត្ត បញ្ឈប់​គោលការណ៍​ឲ្យ​សាងសង់​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សម​ត្ថ​កិច្ច​គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់។ ក្រសួង​បាន​បញ្ជាក់​ថា ការដ្ឋាន​សំណង់​ជាច្រើន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​បាន​កំពុង​ដំណើរការ​សាងសង់ ​ខ្លះ​ជិត​រួចរាល់​ទៅ​ហើយ ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​សាងសង់​នោះ​ទេ​ មានតែ​គោលការណ៍​ពី​ខេត្ត​ឲ្យ​ដំណើរ​ការសាងសង់​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ដែល​ចេញ​ដោយ អាជ្ញាធរខេត្ត​ព្រះសីហនុ។

បន្ទាប់ពី​មានរឿង​ហេតុ​រលំ​អគារ​កម្ពស់ ៧ ជាន់​នៅ​ខេត្ត​ព្រះសីហនុ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានសម្រេច​បង្កើត​គណៈកម្មកា​រ​វាយតម្លៃ​គុណភាព​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឡើងវិញ​ទាំងអស់​ដោយមាន​លោក ជា សុផារ៉ា ជា​ប្រធាន។ ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​លោក ជា សុផារ៉ា ឲ្យ​រៀបចំ​ក្រុមបច្ចេកទេស​ទាំងអស់​ចុះ​វាយតម្លៃ​ឡើងវិញ​ទាំងអស់​រាល់​សំណង់​ដែល​បាន​សាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយ​សំណង់​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រូវ​ផ្អាក​ការសាងសង់ និង សំណង់​ដែល​ខុស​បច្ចេកទេស​ត្រូវតម្រូវ​ឲ្យ​វាយចោល​ផងដែរ​។

ជាមួយ​ការលាលែង​ពី​តំណែង​របស់​អភិបាលខេត្ត​ព្រះសីហនុ និង ការ​ដកតំណែង​សមាជិក​រាជរដ្ឋាភិបាល​ម្នាក់ រាជរដ្ឋាភិបាល​ក៏បាន​ធ្វើការ​ប៉ះប៉ូវ​ជា​ថវិកា​រហូតដល់ ៦ម៉ឺន​ដុល្លារ​អាមេរិក​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ម្នាក់ និង អ្នករបួស​ម្នាក់ ៣​ម៉ឺន​ដុល្លារ។ ទោះជា​មានការ​ប៉ះប៉ូវ​បែបនេះ​ក៏ដោយ​រាជរដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ដាក់វិន័យ​រដ្ឋ​បាន​បន្ថែម​ទៀត​ទៅលើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ដើម្បី​ជា​ការ​ព្រមាន​ចំពោះ មន្ត្រី​ដែល​ខិលខូច និង ពុករលួយ៕
វិបុល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114