ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ បានទទួល​ថវិកា​ជាង​២​លាន​ដុល្លារ ពី​សប្បុរសជន​ជួយ​ដល់​ជនរងគ្រោះ ដោយ​ការបាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃទី ២៥ ខែមិថុនា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានទទួល​ថវិកា​សប្បុរស​ចំនួន ២,១៩៨, ៤០០​ដុល្លារ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​បាក់​រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នា​រសៀល​ថ្ងៃទី ២៥ ខែ មិថុនា​នេះ​។

ថវិកា​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​បាន​ពី​សប្បុរស​ជនជាតិ និង អន្តរជាតិ និង​ត្រូវធ្វើ​ការបែងចែក​ទៅដល់​ជនរងគ្រោះ​ស្លាប់ និង របួស។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា «​បងប្អូន​ជនរួមជាតិ​ជា​ទី​គោរព​ស្រឡាញ់​!​ក្នុង​ហេតុការណ៍​បាក់​អាគារ​កំពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ធ្វើអោយ ប្រជាជន​ជាទី​ស្រឡាញ់​របស់​យើង​ស្លាប់​២៨​នាក់​របួស​២៦​នាក់ ក្រៅពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ជាទី​គោរព​សក្ការៈ​ និង​ជំ​នួយ​ឧបត្ថម្ភ​របស់ ព្រឹទ្ធសភា រាជរដ្ឋាភិបាល​កាកបាទក្រហមកម្ពុជា​។ ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​សុំ​សប្បុរសជន​ជួយឧបត្ថម្ភ​បន្ថែម​ដែល​មកដល់​ម៉ោង​១២​ថ្ងៃ​២៥ មិថុនា​នេះ​ទទួល​ទឹកប្រាក់​គិត​ជា​ដុល្លារ​ចំនួន ២,១៩៨,៤០០ ដុល្លា​អាមេរិក»។

ពាក់ព័ន្ធ​ការបែងចែក​ថវិកា​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា «​ថវិកា​នេះ​ ត្រូវ​បាន​ឧបត្ថម្ភ​ជូន​អ្នករបួស​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ​សម្រាប់​២៤​នាក់ ឯ​២​នាក់​ទៀត ​ដែល​ស្ថិតក្រោម​គំនរ​បាក់បែក​ប្រមាណ​ជិត​៦០​ម៉ោង​ដែល នៅ​រស់​រានមានជីវិត​ដោយសារ​ការ​ជួយ​សង្គ្រោះ​ត្រូវបាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​ចំនួន ៣ ម៉ឺន​ដុល្លារ​។ សរុប​អ្នករបួស​ចំណាយ​អស់​៣០ ម៉ឺន​ដុល្លារ​។ ថវិកា​នៅសល់ ១,៨៩៨,៤០០ ដុល្លារ​ត្រូវ​បែងចែក​ស្មៗ​គ្នា​សម្រាប់​អ្នក​ស្លាប់​ចំនួន ២៨នាក់​ ដែល​ក្នុង​មួយ​នាក់​ទទួល​ចំនួន​៦៧,៨០០​ដុល្លារ​នេះ​មិន​គិត​ពី​ថវិកា​រាជរដ្ឋាភិបាល ១​ម៉ឺន​ដុល្លារ​ ដែល​ជូន​ដល់​គ្រួសារ​អ្នក​ស្លាប់​មួយចំនួន​ក្រោយ ១ ថ្ងៃ​នៃ​ថ្ងៃកើតហេតុ​ផង​ទេ​»​។

សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ទៀត​ថា លោក សេង ទៀង នាយករង​ខុទ្ទកាល័យ​របស់ខ្ញុំ​នឹង​រៀបចំ​ជូន​ក្រុម​គ្រួសារ​សព​តាមរយៈ​ធនាគារ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​សព​។ សម្តេច​ក៏បាន​អរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ជា​ថវិកា​សម្រាប់​ជនរងគ្រោះ​ទាំង​អ្នក​ស្លាប់​ទាំង​អ្នក របួស​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​។ ជាថ្មី​ម្តង​ទៀត​សូម​អរគុណ​និង​កោតសរសើរ​ចំពោះ​កម្លាំង​ដែល​បាន​ចូលរួម​ជួយ​រុករក​និង​ជួយសង្គ្រោះ ដែល​បានបង្ហាញ​នូវ​ការទទួលខុសត្រូវ​ផ្តល់នូវ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរងគ្រោះ​ក្នុងឋានៈ​ជា​ជន​រួម​ឈាម​ដូចគ្នា​។

សម្តេច​ក៏បាន​អរគុណ​ផងដែរ​ដល់ក​ម្មករ​និង​អ្នកបច្ចេកទេស​ចិន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​តាំងពី​ការ​ចាប់ផ្តើម​រហូតដល់​ការងារ​ត្រូវ​បាន​បញ្ចប់​។ (​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​)៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114