ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ វិនិយោគ​ចិន​នៅ​កម្ពុជា​គឺជា​ភ័ព្វ​សំណាង​របស់​កម្ពុជា

ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​យប់​ថ្ងៃទី​២៤ ខែមិថុនា បាន​ថ្លែង​ពី​កន្លែង​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ ដោយ​បាន​ផ្តល់​ការពារ​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ចិន​ថា វត្តមាន​របស់​វិនិយោគិន​ចិន​ជា​ភ័ព្វសំណាង​របស់​កម្ពុជា និង​បានប្រកាស​ថ្កោលទោស​អ្នក​រិះគន់​ដែល​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​អាយ៉ង​របស់​ចិន​។

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត​នៅក្នុង​សន្និសីទកាសែត​បិទ​បញ្ចប់​ប្រតិបត្តិ​ការរុករក​ជន​រងគ្រោះ​ដោយសារ​ការ​បាក់​អគារ​នៅក្នុង​ខេត្ត​ព្រះសីហនុ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា «​បញ្ហា​នេះ វា​បាន​ក្លាយទៅជា​បញ្ហា​នយោបាយ​របស់​ពួក​ប្រឆាំង អស់លោក​គិត​មើល​ចិន ឬ អាមេរិក ឬ អង់គ្លេស ឬ បារាំង មក​វិនិយោគ បើសិន​ជា​មាន​ឧបទ្ទវហេតុ​វា​ដូច​តែ​គ្នា​ទេ ដូច្នេះ​សុំ​កុំ​ចោទ​ជាតិ​ណា ឬ​ជាតិ​ណា គឺ​បញ្ហា ធំ​យើង​ត្រូវ​ប្រមូល​អ្នក​វិ​និ​យោគ​ទាំងអស់ ចូលក្នុង ប្រទេស​កម្ពុ​ជា​ប៉ុន្តែ​ត្រូវ អនុវត្ត​តាមច្បាប់ របស់​កម្ពុជា តែ​ប៉ុណ្ណឹង​ទេ​»។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា «​ខ្ញុំ​បាន​ស្តាប់​ឮ​ច្រើនពេក​ហើយ ដែល​ថា​ចិន​មក​ដាក់ អាណា និគម តាមរយៈ​ការ ដាក់​វិនិយោគ ក៏ប៉ុន្តែ សូម​បញ្ជាក់ អ្នក​ទាំងអស់​គ្នា​ថា ​ឥឡូវ​ពិភព​លោក​កំពុង ត្រូវការ អ្នកវិនិយោគ​ចិន​ចូល​ទៅ​វិនិយោគ​នៅក្នុង​ប្រទេស​របស់​គេ តែ​យើង​មានភ័ព្វ​សំណាង​ដែល​យើង បាន​ទាញ​អ្នក​វិនិយោគ​ចិន​ចូលក្នុង​ប្រទេស​របស់​យើង។ ប៉ុន្តែ​អ្នក​ដែល​មិន​ចង់ឱ្យ​យើង​មានការ​រីកចម្រើន​គេ​ថា​នេះ​គឺជា​អន្ទាក់​បំណុល​របស់​ចិន​នេះ ជា​អាណានិគម​របស់​ចិន​នេះ​ជា​កន្លែង​លក់​ដី​ឲ្យ​ចិន​។ ប៉ុន្តែ​ខ្ញុំ​សូម​គូស​បញ្ជាក់​ថា ​អ្នក​ដែល​នៅ​ក្រុងព្រះសីហនុ​បាន​ទទួល​ផលប្រយោជន៍​ប៉ុណ្ណា​ពី​ការ វិនិយោគ​នេះ​។ ពិត​មែនហើយ​នៅ​ពេល​ដែល​ចាប់ផ្តើម​ការសាងសង់​មានការ​ខូច​ផ្លូវ ប៉ុន្តែ​នៅពេលដែល​មានការ​សាងសង់​រួចហើយ​ទីក្រុង​ព្រះសីហនុ វា​នឹង​ក្លាយទៅជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​ធំ​ដែល​មិន​ដូច​ការ​គិត​របស់គេ​»។

ការ​លើក​ឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ក្រោយពី​អ្នក​រិះគន់​មួយចំនួន​បាន​បរិហារ​ទៅលើ​អ្នក​វិនិយោគ​របស់​ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ថា មិនបាន​គោរព​ច្បាប់​របស់​កម្ពុជា​ទើប​បណ្តាល​ឲ្យ​ជនជាតិ​ខ្មែរ​រងគ្រោះ​ស្លាប់ និង​របួស​ជាច្រើន​នាក់​បែបនេះ។ ប៉ុន្តែ​អ្វី​ជា​ការ​កត់សម្គាល់​ការរិះគន់​លើ​ការវិនិយោគ​របស់​ចិន​នេះ មិនមែនជា​រឿង​ថ្មីថ្មោង​នោះទេ។ កន្លងមក មាន​ទាំង​ក្រុម​អតីត​បក្ស​ប្រឆាំង អ្នកវិភាគ ព្រមទាំង​អ្នកឃ្លាំមើល​បញ្ហា​សង្គម ជាពិសេស​អ្នក​និយម​លេង​បណ្ដាញ​សង្គម​តែម្តង​បាន​រិះគន់​ថា ​ចិន​កំពុង​ធ្វើ​អាណានិគម​លើ​កម្ពុជា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​លក់​ដី​ឲ្យ​ចិន​និង​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ជាដើម​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​បដិសេធ​ចំពោះ​ការរិះគន់​នេះ ដោយ​បាន​ប្រកាស​ថ្កោលទោស​អ្នក​ទាំងនេះ​ដែល​បាន​យក​ការ​វិនិយោគ​របស់​ចិន​មក​ចោទ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ថា ជា​អាយ៉ង​របស់​ចិន​លក់​ដី​ឲ្យ​ចិន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​កុំ​ឲ្យ​យក​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ ធ្វើជា​បញ្ហា​ធំ​បំផ្លាញ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន និង​បំផ្លាញ​បរិយាកាស​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា បើ​អ្នកវិនិយោគ​ចិន​ធ្វើ​ខុស​គឺ​ត្រូវ​ចាត់ការ​តាមច្បាប់​របស់​កម្ពុជា៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114