ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ កីឡាករ​នី​ហ្សេ​រី​យ៉ា Okereke Timothy​របស់​អង្គ​រថា​យ​ហ្គឺ​រ បន្ត​ឈរ​កំពូល​តារាង​Top Scorers ប្រចាំ​សប្ដាហ៍​ទី​១២

ឆ្លងកាត់​ប្រកួត​១២​សប្ដាហ៍​មកនេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ស្រវា​កៅអី​កំពូល​តារាង​បណ្តោះអាសន្ន ខណៈ​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Okereke Timothy​របស់​អង្គ​រថា​យ​ហ្គឺ​រ បាន​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​បាន​ច្រើនជាងគេ​(Top Scorers)​។

គិត​ត្រឹម​ពេលនេះ​កីឡាករ​ចំនួន​១៣០​នាក់ ​បាន​រក​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​ចំនួន​៣៧៣​គ្រាប់​ក្នុង​ចំនួន​១២​សប្ដាហ៍​មកនេះ​។ គ្រាប់​បាល់​សរុប​ទាំង​១៥​គ្រាប់​ច្រើន​ជាង​គេ​របស់​កីឡាករ Okereke Timothy គឺ​បាន​ទាត់​ចូល​ទី​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​៤​គ្រាប់ អាស៊ី​អឺរ៉ុប​៤​គ្រាប់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ៣​គ្រាប់ ក្រុម​កំពង់ចាម ២​គ្រាប់ ក្រុម​សូល​ទី​ឡូ​អង្គរ ១​គ្រាប់ និង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ១​គ្រាប់​។ ទន្ទឹម​នឹង​គ្នា​នេះដែរ​កីឡាករ​រូបនេះ​បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​របូត​ចូល​ទី​របស់​ខ្លួន​ដោយ​អ​ចេតនា​វិញ​១​គ្រាប់​ផងដែរ​។

ក្រៅពី​កីឡាករ Timothy នៅ​តំបន់​កំពូល​តារាង​ក្នុង​បញ្ជី Top Scorer មាន​កីឡា​ករនី​ហ្សេ​រី​យ៉ា ម្នាក់ទៀត​គឺ Bata របស់​ក្រសួងការពារជាតិ ស្មើគ្នា​ជាមួយ​កីឡាករ​កា​ម៉េ​រូ​ន Privat របស់​ព្រះខ័ន​រាជ​ស្វាយរៀង និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Esoh Paul Omogba​របស់​ក្រុម​ណាហ្គា​វើ​ល រក​គ្រាប់​បាល់​តាម​ពីក្រោយ​មាន​ចំនួន​១៣​គ្រាប់​ម្នាក់​។​កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Kipson​រកបាន​១០ ស្មើគ្នា​នឹង​កីឡាករ​នី​ហ្សេ​រី​យ៉ា​Ajayi Opeyemi Korede​របស់​ក្រុម​អាស៊ី​អឺរ៉ុប​។ ក្រៅពីនោះ​គឺ​សុទ្ធតែ​រកបាន​គ្រាប់​បាល់​៩​គ្រាប់​ចុះក្រោម​។

សូម​បញ្ជាក់​ថា ​មុន​ធ្វើដំណើរ​មកដល់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ជា​លើក​ទី​២​នេះ កីឡាករ Okereke Timothy ធ្លាប់​ប្រកប​អាជីព​នៅ​ក្រុម​យុវជន​ក្នុងស្រុក​របស់ខ្លួន NYSC National និង​Kuzon Academy​នៅ​ឆ្នាំ​២០១៥ ជាទី​ដែល​រូបគេ​ក្លាយជា​កីឡាករ​អាជីព ដោយបាន​ចូលរួម​ជាមួយ​ក្លិប មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ២​រដូវ​កាល ២០១៥ និង​២០១៦ រហូតដល់​ឆ្នាំ​២០១៧ ចូលរួម​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ និង​២០១៨ ចូលរួម​ជាមួយ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បាន​ពាក់កណ្ដាល​រដូវ​កាល ពាក់កណ្ដាល​រដូវ​កាលដែល​សេសសល់​ចូលរួម​ជាមួយ​ក្លិប​នៅ​លី​គ​លំដាប់​ទី​២​ម៉ាឡេស៊ី UiTM​។

ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៩ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាងគេបង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (​ឬ​ហៅថា​ស្បែកជើង​មាស​)​ព្រមទាំង​ថវិកា​លើកទឹកចិត្ត​ចំនួន​១.៥០០,០០០៛​។ កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា George Bisan អតីត​សមាជិក​នៅ​ក្លិប​ណាហ្គា​វើល ​បច្ចុប្បន្ន​ជា​ម្ចាស់​ស្បែក​ជើង​មាស ឆ្នាំចាស់​២០១៨ កន្លង​ទៅ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114