ព័ត៍មានទាន់​ហេតុការណ៏
Search

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

រតនគិរី ៖ នា​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ លោក គិត ទ្រី អនុប្រធាន​គណៈកម្មាធិការ​សាខា តំណាង​លោក ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង សហការី​បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ជូន​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ ចំនួន​៦០​គ្រួសារ​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​តា​ឡាវ ៤៦​គ្រួសារ ឃុំ​ម៉ា​លិ​ក ១១​គ្រួសារ និង​ឃុំ​ញ៉ា​ង ៣​គ្រួសារ នៅក្នុង​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។

ដោយ​មាន​មតិ​សំណេះសំណាល លោក គិត ទ្រី បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ផង​ដែរ​។ លោក ក៏បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាងខ្លាំង​និង​ចូលរួម​រំលែក​នូវ​ការលំបាក​និង​បាន​លើកទឹកចិត្ត ដល់​បងប្អូន​ជនរងគ្រោះ ត្រូវតែមាន​ការតស៊ូ​ក្នុងការ​រស់នៅ​បន្ត​ទៅ​ទៀត ព្រោះថា​ ហេតុការណ៍​អាក្រក់ ដែល​បាន​កើតឡើង​នាពេល​កន្លងមក​នោះ វា​ក៏បាន​កន្លង​ផុត​ទៅ​ហើយ អ្វី​ដែល​សំខាន់​នេះ​គឺ​យើង​នៅ​រស់រានមានជីវិត អ្វី​ដែល​ត្រូវ​គិតគូរ​បន្ត​នោះ គឺ​យើង​ត្រូវ​ខិតខំ​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​ក្រុមគ្រួសារ​ឡើងវិញ​ទើប​ប្រសើរ​។ ហើយ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងៗ ដែល​អាច​កើត​ឡើងជា យថាហេតុ​ដែល​អាច​កើតមានឡើង​នៅក្នុង​រដូវ វស្សា​នេះ​។

លោក គិត ទ្រី បាន​សង្កត់ធ្ងន់​ថា កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន បាន​នឹង កំពុង​យកចិត្តទុកដាក់​ខ្ពស់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ដោះស្រាយ​រាល់​ការ​លំបាក និង​នាំ​យក​នូវ​អំណោយ​ជា​ស្បៀង អាហារ ថវិកា សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ ទៅ​ជួយឧបត្ថម្ភ​ជាបន្ទាន់​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយសារ​ការ​ដាច់​ស្បៀងអាហារ ដោយ​មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ។

លោក គិត ទ្រី ក៏បាន​ដាស់តឿន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​/​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ជាពិសេស​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​ការ​ចរាចរណ៍​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ដាច់​ខាត។

សម្រាប់​អំណោយ​ដែល​បាន​ចែក​ជូន​គឺ​ក្នុង​១​គ្រួសារ​មាន មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​០១​យួរ ក្រ​ម៉ា​០១ សា​រ៉ុង​០១ មុង​០១ អាវយឺត​០១​កញ្ចប់ អង្ករ​៣០​គីឡូក្រាម និង​ថវិកា​មួយចំនួន​ទៀត​ផង​ដែរ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114