ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ការងារ​ បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ជន​បង្គោល​ផ្នែក​យេនឌ័រ

ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ជន​បង្គោល​យេនឌ័រ​និង​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣ ក្រោម​អធិបតីភាព​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្ដីការក្រសួង​ការងារ​។

លោកស្រី ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ជន​បង្គោល​យេនឌ័រ​នេះ មាន​គោលបំណង​ពង្រីក​ចំណេះដឹង​បន្ថែម​ដល់​ជន​បង្គោល​យេនឌ័រ អំពី​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣ ស្ថានភាព​ស្ត្រី​ក្នុង​សេវា​របប​សន្តិសុខ​សង្គម សេវា​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ព្រមទាំង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការកាត់បន្ថយ​ពលកម្ម​កុមារ ឆ្នាំ​២០១៦-២០២៥ ហើយ​ប្រែក្លាយ​ការយល់ដឹង​ដែល​ទទួលបាន​នាពេលនេះ ឲ្យ​ទៅជា​សកម្មភាព​ជាក់ស្តែង ពិតប្រាកដ​ប្រកបដោយ​ប្រសិទ្ធភាព​។

លោកស្រី Irene Genzmer តំណាង​អង្គការ​អាឡឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ GIZ បាន​ឲ្យ​ដឹងថា​ សមភាព​យេនឌ័រ​មិន​ត្រឹមតែ​ជា​មូលដ្ឋាន​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព វឌ្ឍនភាព និង​និរន្ត​ភាព​សម្រាប់​ពិភពលោក​ទាំងមូល​។ ដូច្នេះហើយ​បានជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) បាន​ឯកភាព​ទូទាំង​សកលលោក​ស្តីពី សមភាព​យេនឌ័រ ដែល​បានកំណត់​នៅក្នុង​គោលដៅ​ទី​៥​។

លោកស្រី​បាន​បន្ត​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចូលរួម​ចំណែក​ឲ្យ​សម្រេច​បាន​ជា​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព (SDGs)​។

លោក អ៊ិត សំហេង បាន​ឲ្យ​ដឹង​ថា ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣ គឺជា​ការ​ដាក់បញ្ចូល​នូវ​រាល់​បញ្ហា និង​តម្រូវការ​របស់​ស្ត្រី​ទៅ​ក្នុង​ការរៀបចំ​ការអនុវត្ត​ការ​តាមដាន និង​ការវាយតម្លៃ​ទៅលើ​បណ្តា​គោលនយោបាយ កម្មវិធី និង​គម្រោង​នានា ដើម្បី​ធានា​ថា​ បុរស និង​ស្ត្រី បាន​ចូលរួម​ស្មើគ្នា​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ក្នុងការ​កំណត់​អាទិភាព និង​វិភាជន៍​ថវិកា​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

ដើម្បី​ចូលរួម​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​ទៅតាម​គោលដៅ​ដែល​រំពឹង​ទុក លោក​បណ្ឌិត អ៊ិត សំហេង បាន​ផ្តល់​នូវ​អនុសាសន៍​ដល់​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ត្រូវ​សហការ​ឲ្យបាន​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ​យេនឌ័រ​ក្រសួង ដើម្បី​ជំរុញ​ឲ្យ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ​បាន​ជោគជ័យ​។

ជា​មួយ​គ្នា​នេះ​ដែរ ​ស្នើ​ឲ្យ​ក្រុមការងារ​យេនឌ័រ​ក្រសួង​បង្កើន​សកម្មភាព​របស់​ខ្លួន​ថែមទៀត ដោយ​ខិតខំ​ពុះពារ​បញ្ចេញ​អស់​សក្តានុពល ប្រែក្លាយ​ឆន្ទៈ និង​ការចូលរួម​ទៅជា​សកម្មភាព​ជាក់ស្តែង ប្រកបដោយ​ប្រសិទ្ធភាព​។

ជាង​នេះទៅ​ទៀត​បង្កើន​កិច្ចសហការ​ជិតស្និទ្ធ​ថែមទៀត ជាមួយ​ក្រសួង​កិច្ចការនារី និង​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​កៀរគរ​ស្វែងរក​ការឧបត្ថម្ភ​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ខាង​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣ ទទួល​បាន​ជោគជ័យ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114