ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ​ចាប់ផ្តើម​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ​នេះហើយ

​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ (Hun Sen Cup 2019) ដែល​រៀបចំឡើង​ដោយ​គណៈកម្មាការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC)​សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(​ស​.​ប​.​ក​) បាន​ចាប់ផ្ដើម​ពី​ចុងខែ​កុម្ភៈ មក​ម្ល៉េះ​ដោយមាន​ការប្រកួត​បែង​ចែកចេញជា​២​វគ្គ​ដូច​កាលពី​ឆ្នាំ​២០១៨ ដែរ​គឺ​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់ជាតិ​។

គិត​ត្រឹម​ពេលនេះ​ការប្រកួត​បានធ្វើ​ឡើង​ដល់​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​ហើយ ពោល​គឺ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ សម្រាប់​កម្មវិធី​ប្រកួត​ក្នុង​ជើង​ទី​១​នេះ​គឺ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​ខេត្តសៀមរាប ប៉ះ​ក្រុម​បឹងកេត នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម CNCC ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ជួប​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ វេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​អគ្គីសនី​កម្ពុជា ដោយមាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ ចំណែក​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​ខេត្តកំពង់ចាម នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium ដោយមាន​ផ្សាយ​ផ្ទាល់​តាម CNCC និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​ខេត្ត​ត្បូងឃ្មុំ នៅ​វេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ដោយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។

​នៅ​ថ្ងៃ​ពុធ​ទី​៣​ខែកក្កដា ឆ្នាំ​២០១៩ ក្រុម​គីរីវង់​សុខ​សែន​ជ័យ ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល ​លើ​ទីលាន​កីឡដ្ឋាន​គីរីវង់ ក្នុង​ក្រុង​ដូន​កែវ ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​ក្រសួងការពារជាតិ នៅ​វេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​។ នៅ​ថ្ងៃព្រហស្បតិ៍ ទី​៤​ខែកក្កដា វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ ទទួល​ក្រុម​ខត្ត​រតនគីរី នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ដែរ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​វិសាខា នៅវេលា​ម៉ោង​ដូចគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។

តាម​គម្រោងការ​ប្រកួត​ធ្វើ​ចំនួន ២​ជើង ចាប់ផ្ដើម​ជើង​ទី​១ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ក្រុម​ទាំង​៨​គូ​ត្រូវ​ប្ដូរ​ទឹកដី​គ្នា​វិញ ហើយ​ក្រុម​ដែល​ឈ្នះ​ត្រូវ​បន្ត​ទៅ​វគ្គ​បន្ត​ចំនួន​២​ជើង (​ក្នុង​ដី និង​ក្រៅ​ដី​) ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​លើកលែងតែ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ប្រកួត​តែ ១ជើងវគ្គផ្តាច់​ព្រ័ត្រនឹង​ធ្វើ​ឡើង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114