ព័ត៍មានទាន់​ហេតុការណ៏
Search

បងប្អូន​អាជីវករ​ផ្សារ​ច្បារអំពៅ​ និង​បាន​ចូល​លក់​លើ​តូប​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ ​ខែកក្កដា​ខាងមុខ

ភ្នំ​ពេ​ញ ៖ យោងតាម​ប្រភព​ពី​លោក​គួច ចំណាន ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥​ ខែមិថុនា​នេះ​ថា ​បងប្អូន​អាជីវករ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​កន្លងទៅ​និង​បាន​ចូល​លក់​ឡើងវិញ​នៅ​ថ្ងៃទី​៥​ ខែកក្កដា ​ខាងមុខ​នេះ​ហើយ​។

លោក​គួច ចំណាន បាន​បន្ត​ថា ​មកដល់​ថ្ងៃនេះ​គឺ​តូប​លក់ដូរ​របស់​បង​ប្អូន​អាជីវករ​ដែល​រង​នូវ​ការ​ឆេះ​កាលពី​យប់​ថ្ងៃទី​៣​ ខែ​មីនា​ ឆ្នាំ​២០១៧ ​វេលា​ម៉ោង​១១​ ឥឡូវ​ត្រូវ​បាន​សាងសង់​ដំបូល​ផ្សារ​និង​តូប​សំរាប់​លក់ដូរ​បាន​ប្រមាណ​ជា​៩០​ភាគរយ​ហើយ​។ ដូច្នេះ​ថ្ងៃទី​៥​ខែកក្កដា​ខាងមុខ​គឺ​បងប្អូន​អាជីវករ​និង​បាន​ចូល​លក់ដូរ​នៅ​ទីតាំង​ចាស់​របស់ខ្លួន​វិញ​ហើយ​។

ដូច​កាល​គ្រោងទុក​មែន​ គឺ​កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ​ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ការសាងសង់​ផ្សារ​ច្បារអំពៅ​ដើម្បី​តាមដាន​មើល​គុណភាព​ក្រែង​អ្នកម៉ៅការ​ចេះ​តែ​ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ​នាំ​ឲ្យ​ជួប​ផល​លំបាកទៅ​ថ្ងៃមុខ​។

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​បញ្ជាក់​ថា ​ការសាងសង់​ផ្សារ​ច្បារអំពៅ​ថ្មី​នេះ​គឺ​មាន​ភាព​ធំ​ទូលាយ​និង​មាន​ខ្យល់អាកាស​ចេញចូល​បាន​ល្អ​មិន​ថប់​ខ្យល់​ដូច​ពីមុន​ព្រោះ​ការសាងសង់​ផ្សារ​នេះ​គឺ​តាំង​ពីមុន​ឆ្នាំ​១៩៦២​មក​ម្ល៉េះ​។ ហើយ​នៅ​ជុំ​វិញ​បរិវេណ​ផ្សារ​គឺ​បាន​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក​បាន​យ៉ាង​រឹងមាំ​មិន​មាន​ភក់ជ្រាំ​ដូច​ពីមុន​នោះឡើយ​។

ក្នុងឱកាស​នោះដែរ ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​តំណាង​ឲ្យ​បងប្អូន​អាជីវករ​ផ្សារ​ច្បារអំពៅ​សូម​សំដែង​នូវ​ការ​អរគុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សម្តេច​បាន​ផ្តល់​ថវិកា​ផ្ទាល់​របស់​សម្តេច​ជួយ​សាងសង់​ផ្សារ​ច្បារអំពៅ​ថ្មី​ឡើងវិញ​ដើម្បី​ឲ្យ​បងប្អូន​អាជីវករ​បាន​លក់ដូរ​ឡើងវិញ​ជា​រហូត​។ នេះ​ជា​គុណបំណាច់​ដ៏​ធំធេង​មិនអាច​បំភ្លេច​បាន​ដែល​សម្តេច​បា​ន​ជួយ​ដល់​បងប្អូន​អាជីវករ​ផ្សារ​ច្បារអំពៅ​ដែល​កំពុង​មាន​ទុក្ខ​ហើយ​ត្រូវ​បាន​សម្តេច​ជួយ​ស្រោចស្រង់​ឡើងវិញ​។ នេះ​ហើយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​លោក​ចងចាំ​មិន​ភ្លេច​នោះ​គឺ​ទីណា​មុន​ទុក្ខ​លំបាក​គឺ​តែងតែមាន​វត្តមាន​សម្តេច​តេ​ជោ​ចុះជួយ​ជានិច្ច។

គួរ​បញ្ជាក់​ថា​ ផ្សារ​ច្បារអំពៅ​នេះ​គឺ​ស្ថិត​ក្នុងភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114