ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធសភា អនុម័ត​ច្បាប់​ចំនួន​៥ នៅ​ព្រឹក​ថ្ងៃទី២៥ ខែមិថុនា

ភ្នំពេញ​ ៖ ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា​នេះ ព្រឹទ្ធសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​លើកយក​សេចក្តី​ព្រាងច្បាប់​ចំនួន ៥ មក​ពិភាក្សា និង​អនុម័ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ម៉ម ប៊ុននាង សមាជិក​អចិន្ត្រៃយ៍ និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ ព្រឹក​នេះ​ថា ដោយ​មើលឃើញ​ពី​សេចក្តី​ព្រាងច្បាប់​ទាំង៥ ដែល​ស្នើ​ឡើង​ដោយ​រាជរដ្ឋាភិបាល មាន​សារសំខាន់​ក្នុង​ការ​ការពារ​អ្នក​វិនិយោគ ដែល​គេ​ចូល​មក​ស៊ី​មាន​ទំនុកចិត្ត​កាន់តែ​ច្រើនឡើង​នៅ​កម្ពុជា ព្រឹទ្ធសភា​បាន​ផ្តល់​យោបល់​គាំទ្រ​ទាំងស្រុង ដោយ​ឥតមាន​ការ​កែប្រែ​។

សេចក្តី​ព្រាងច្បាប់​ទាំង ៥​នោះ​រួមមាន ទី​១- សេចក្តី​ព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ត្រូវ​បាន​សម័យប្រជុំ​ផ្តល់​សំឡេង​គាំទ្រ និង​អនុម័ត​ដោយ​សម្លេង ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ ទី​២- សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ស្តី​ពី​ការជំរុញ និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ ត្រូវ​បាន​សម័យប្រជុំ​ពេញអង្គ​ផ្តល់​សំឡេង​គាំទ្រ និង​អនុម័ត​ដោយ​សម្លេង ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។ ទី​៣- សេចក្តី​ព្រាងច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តី​ពី​ការជំរុញ និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ ត្រូវ​បាន​សម័យប្រជុំ​ផ្តល់​សំឡេង​គាំទ្រ និង​អនុម័ត​ដោយ​សម្លេង ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ ទី​៤-​សេចក្តី​ព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​គី ស្តីពី​ការជំរុញ និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​ត្រូវ​បាន​សម័យប្រជុំ​ផ្តល់​សំឡេង​គាំទ្រ និង​អនុម័ត​ដោយ​សម្លេង ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។ និង​ទី​៥- សេចក្តី​ព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និផ្តៅ ត្រូវ​បាន​សម័យប្រជុំ​ផ្តល់​សំឡេង​គាំទ្រ និង​អនុម័ត​ដោយ​សម្លេង ៥៣​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ដែល​បាន​ចូលរួម​៕
សុង​យោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114