ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​កូរ៉េ ចុះកិច្ចសន្យា​លើ គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ ក្នុង​ទឹកប្រាក់​ជាង​៥៦​លាន​ដុល្លារ​

ភ្នំពេញ ៖ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ​នឹង​បើក​ការដ្ឋាន​ស្តារឡើងវិញ​នៅ​ចុងឆ្នាំ​២០១៩​នេះ ។​ ដើម្បី​ឈានដល់​ការបើក​ការដ្ឋាន​ដំណើរការ​ជួសជុល​ផ្លូវ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ (Export-Import Bank of Korea) នៃ​មូលនិធិ​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ ផ្លូវ​ជាតិ​លេខ​២ និង​លេខ​២២ ក្រោម​ឥណទាន​សម្បទាន ពី​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ (Export-Import Bank of Korea) នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) ដែលមាន​ចំនួន​ទឹក​ប្រាក់​សរុប​៥៦​លាន​១០​ម៉ឺន​ដុល្លារ ក្នុងនោះ​ថវិកា​គ្រោង​សម្រាប់​ការសាងសង់ (Civil Works) មាន​ចំនួន​៤៣​លាន​៦​សែន​១​ពាន់​ដុល្លារ និង​ថវិកាបម្រុង (Cortingencies) មាន​ចំនួន ៨​លាន ៩​ម៉ឺន​១​ពាន់​ដុល្លារ​។​ គម្រោង​នេះ ឆ្លងកាត់​រាជធានី​-​ខេត្ត ចំនួន​៣​រួមមាន​៖ ខេត្តកណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ មាន​ប្រវែង​ផ្លូវ​ជាង៧២​គីឡូម៉ែត្រ​។ គម្រោង​ផ្លូវជាតិ​លេខ​២ ចាប់ផ្តើម​ពី​រង្វង់​មូល​តាខ្មៅ (​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​) ដល់​រង្វង់​មូល​អូរ​ចំបក់ (​ស្ថិតក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​) និង​ផ្លូវជាតិ​លេខ​២២ ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្លូវជាតិ​លេខ​៣ ត្រង់​ផ្សារ​អង្គតាសោម​។​

គម្រោង​នេះ បាន​បែង​ចែកជា​៣​កំណាត់​ផ្លូវធំៗ មានដូចជា ​៖ កំណាត់​ទី​១ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​តាខ្មៅ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ដែលមាន​ប្រវែង​៨,៧៤​គ​.​ម​។ កំណាត់​ទី​២ ចាប់​ផ្តើមចេញពី រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ដល់​រង្វង់​មូល​អូរ​ចំបក់ ដែលមាន​ប្រវែង ៥៣,៨១៩​គ​.​ម ស្ថិតក្នុង​តំបន់​ជនបទ​។ និង​កំណាត់​ទី​៣ ចាប់ផ្តើម​ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតាសោម (​ផ្លូវជាតិ​លេខ​២២) ដែលមាន​ប្រវែង ៩,៦១១ គ​.​ម ស្ថិតក្នុង​តំបន់​ជនបទ​។​

គួរ​បញ្ជក់​ថា កិច្ចសន្យា​សាងសង់ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ក្រោម​ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល​កូរ៉េ រវាង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​សាង​សង់​ក្រុមហ៊ុន HANSHIN Engineering & Construction Co. Ltd នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ លើ​ទំហំ​ទឹកប្រាក់​៤៥​លាន ៧​សែន​៥​ម៉ឺន​ដុល្លារ មិនទាន់​គិតពី​ថវិកាបម្រុង និង​រយៈពេល​សាងសង់ ៣០​ខែ ផងដែរ​។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា​នេះ​ដោយ​រំពឹងថា ការបើក​ការដ្ឋាន​សាង​សង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២​នេះ នឹង​ធ្វើឡើង​ក្នុងអំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ​ខាងមុខ​៕​

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114