ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ រិះគន់​ទៅលើ​ផ្លូវ​ចូល​មន្ទីរពេទ្យ​ស្រុក​សំពៅ​លូន ដែល​គ្មាន​ការស្ថាបនា​

បាត់ដំបង ៖ ផ្លូវ​មួយ​ខ្សែ​ ដែលមាន​ប្រវែង​ប្រមាណ ជិត២០០​ម៉ែត្រ សម្រាប់​ចេញ​ចូល​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន កំពុង​រង​ការខូចខាត​កាន់តែ​ធ្ងន់​ឡើងៗ ប៉ុន្តែ​ទាំង​អាជ្ញាធរ ក៏ដូចជា ការិយាល័យ​ប្រតិបត្តិ​ស្រុក ហាក់ដូចជា​មិនសូវ​យកចិត្តទុកដាក់​ទាល់តែសោះ។​

តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅក្នុង​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ​ខេត្ត​បាត់ដំបង ពិសេស ​គឺ​អ្នក​ដែល​រស់នៅ​ក្បែ​មន្ទីរពេទ្យបង្អែក​ស្រុក​បាន​រិះគន់ថា ខាង​អាជ្ញាធរ​ស្រុក ក៏ដូចជា​ការិយាល័យ​ប្រតិបត្តិ​ស្រុក ហាក់ដូច​ជា​មិន​យកចិត្តទុកដាក់ ឬក៏​បើកភ្នែក​មើល​ទាល់តែសោះ ​អំពី​ការ​ខូចខាត​ផ្លូវ​ដែល​សម្រាប់​ឲ្យ​ពលរដ្ឋ​ដឹកនាំ​អ្នក​ជំងឺ​ចូលទៅ​កាន់​មន្ទីរពេទ្យ។​

ពួកគាត់​បាន​សង្កត់ធ្ងន់​ថា ការខូចខាត​នេះ ​គឺមាន​រយៈពេល​រាប់​ឆ្នាំ​មកហើយ​ ដោយ​គ្មាន​ឃើញ​ស្រមោល​អស់លោក​ណាមួយ​ចុះទៅពិនិត្យ​ ដើម្បី​ដាក់​ផែនការ​ ឬ​រៀបចំ​គម្រោង​ក្នុងការ​ជួសជុល ឬ​ក៏​ស្ថាបនា​សារជាថ្មី​សោះឡើយ ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់​ឡើងៗ ពិសេស ​គឺ​នៅពេលដែល​ប្រជាពលរដ្ឋ​ដឹក​អ្នក​ជំងឺ​ គឺមាន​ការ​រលាក់​ខ្លាំង ស្ទើរតែ​អ្នក​ជម្ងឺ​ទ្រាំ​មិនបាន។​

ជុំវិញ​បញ្ហា​នេះដែរ លោក ចក់ សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក បាន​លើកឡើងថា ផ្លូវ​ដែល​មាន​ប្រវែង ជិត​២០០​ម៉ែត្រ​នេះ គឺ​ខាង​ការិយាល័យ​ប្រតិបត្តិ​ស្រុក បានដាក់​សំណើរ និង​រៀបចំ​គម្រោង​ស្នើសុំ​ទៅ គណៈបញ្ជាការ​កងឯកភាព​ស្រុក​ហើយ ដើម្បី​ស្ថាបនា​ជាថ្មី ដោយ​ក្រាល​បេតុង​វិញ ប៉ុន្តែ​នៅ​មិនទាន់មាន​ការឆ្លើយ​តប​តែប៉ុណ្ណោះ។​

ដោយឡែក​លោក​អភិបាលស្រុក ងាយ ប៊ុន​យាង គឺ​យើង​មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បាន​ឡើយ ទោះជា​យ៉ាងនេះ​ក្តី​ ក៏​ប្រជាពលរដ្ឋ​ជាច្រើន​បានធ្វើ​ការរិះគន់​ទៅលើ​លោក​អភិបាលស្រុក​យ៉ាង​ចាស់ដៃ​ដែរ ព្រោះ​ពួកគាត់​សង្គេត​ឃើញថា​លោក​ហាក់ដូចជា​មិនសូវ​ខ្វល់ ​ឬ​ចាប់អារម្មណ៍​អំពី​បញ្ហា​សង្គម​ទាល់តែសោះ​ ដូច្នេះ​ប្រហែលជា​លោក​រវល់​គិត​ខ្លាំង​ទៅលើ​ច្រករបៀង ឬ​ច្រក​មួយចំនួនទៀត​

​តាម​ខ្សែបន្ទាត់​ព្រំដែន​ទេ​ដឹង? ៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114