ព័ត៍មានទាន់​ហេតុការណ៏
Search

សួស វី​ហ្សា ចំណាយពេល​រៀបចំ​អាហារ​ចែករំលែក​ក្តី​ស្រលាញ់​ជូន​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​

​ភ្នំពេញ ​៖​ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស កញ្ញា សួស វី​ហ្សា ដោយ​មើលឃើញ​ពី​ការ​អាណិតអាសូរ​ និង​ដើម្បី​ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ចាស់ជរា កុមារ​ និង​ប្រជាពលរដ្ឋ​ខ្វះខាត​នោះ ​នាង​បានប្រកាស​ចំណាយពេល​ផ្ទាល់ខ្លួន​រៀបចំ​ជា​សម្ភារៈ ​និង​អាហារ​ដើម្បី​ចែករំលែក​ដល់​ពួក​គាត់​ជាច្រើន​គ្រួសារ ​ដែល​រស់​នៅតាម​ចិញ្ចើមផ្លូវ​។​

​តារា​ស្រី​ កញ្ញា​ សួស វី​ហ្សា​ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​លោក​តា លោកយាយ និង​ប្រជាពលរដ្ឋ​កំពុងតែ​ស្នាក់នៅតាម​ភ្លើងស្តុប​ ឬ​សំយាប​ផ្ទះ​គេ រង​ភាព​ក្តៅ​រងា​ពេល​មាន​ភ្លៀង​ធ្លាក់​នោះ ​ខ្ញុំ​ក៏បាន​សម្រេច​ទិញ​សម្ភារៈ​មានដូចជា​ ៖ កន្ទេល មុង ភួយ សារ៉ុង ក្រមា​ កន្សែង នំ ទឹក​សុទ្ធ ទឹក​ផ្លែឈើ ជាដើម​ក្នុង​ការចែក​ជូន​ដល់​ពួកគាត់​។​

​កញ្ញា សួស វី​ហ្សា បាន​បន្តថា ​ការចែករំលែក​ក្តី​ស្រលាញ់ ​និង​សម្ភារៈ​ជូន​ដល់​ពួកគាត់​នេះ ​គឺ​ពុំមែន​ធ្វើឡើង​ដើម្បី​ចង់បាន​ប្រជាប្រិយភាព​ និង​ភាពល្បីល្បាញ​ពី​ប្រជាពលរដ្ឋ​នោះឡើយ ​ពោល គឺ​ធ្វើ​ឡើង​ចេញ​ដោយ​ទឹកចិត្ត​ស្រលាញ់ ​និង​អាណិត​ចំពោះ​ពួកគាត់​។​ ម្យ៉ាងទៀត​ ចង់​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ ​គួរតែ​ចំណាយពេល​ដើម្បី​ធ្វើ​សកម្មភាព​នេះ​សម្រាប់​ជួយ​សង្គម​ខ្មែរ​។​

​បន្ថែម​ពីលើ​នេះ ​តារាចម្រៀង​ស្រី​ចង្កា​ព្រែក​ កញ្ញា សួស វី​ហ្សា ​បាន​លើកឡើងថា ​ទោះបី​យើង​មិន​បាន​ចែករំលែក​ដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​ ក៏​យើង​អាចមាន​លទ្ធភាព​ជួយ​ពួកគាត់​បាន​ខ្លះ​ដែរ​ដោយហេតុថា​ យ៉ាងហោចណាស់​ ក៏​អាចជួយ​ពួកគាត់​បាន​មួយគ្រា​ផងដែរ​។ ចំណែកឯ មុង​ ភួយ ឬ​កន្ទេល​ គឺជា​សម្ភារៈ​ដ៏​ចាំបាច់​សម្រាប់​ពួកគាត់​ដែល​គ្មាន​ផ្ទះសំបែង​ស្នាក់នៅ​ពិត​ប្រាកដ ​ព្រោះ​អាច​ជួយ​ពួកគាត់​ងាយស្រួល​ក្នុង​សម្រាក​នៅពេល​យប់​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114