ព័ត៍មានទាន់​ហេតុការណ៏
Search

សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ​នាំ​អំណោយ​មនុស្សធម៌​ចែក​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​រមាសហែក

​ស្វាយរៀង ​៖​ នៅព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែជេស្ឋ ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ​ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ និង ចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៩​ កន្លងទៅ​ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ លោក សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក ស៊ូ ម៉ុ​ល អភិបាល​ស្ដីទី​ស្រុក​រមាសហែក លោក លោកស្រី ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា អនុ​សាខា នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត តំណាង​កងកម្លាំង​ទាំងបី លោក លោកស្រី​មេភូមិ មេឃុំ ក្រុមប្រឹក្សា​ស្រុក ឃុំ​ជាច្រើនរូប​ទៀត​។ អំណោយ​ដែល​ត្រូវ​ចែកជូន​នៅ​ព្រឹក​នេះ​មាន​ចំនួន​២​កន្លែង ​គឺ ៖​

ទី​១-​នា​វត្ត​ស្វាយ​ទន្ទឹម មាននៅ​ឃុំ​ត្រពាំង​ស្តៅ និង​ឃុំ​អង្គ​ប្រស្រែ សរុប​៧៩៤​គ្រួសារ​។​

​ទី​២-​នា​វត្ត​អណ្តូង​ពោធិ៍ មាននៅ​ឃុំ​អណ្ដូង​ពោធិ៍ និង​ឃុំ​ដូង​សរុប​៤៩៧​គ្រួសារ​។​

​ក្នុងនោះ​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ ​មាន​៤៨​គ្រួសារ មធ្យម​៧៨៥​គ្រួសារ និង​ស្រាល​៤៥៨គ្រួសារ។​

លោក​អភិបាលខេត្ត​ បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជានិច្ចកាល​ សម្ដេច លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជំរុញ​ឲ្យ​មានការ​ដោះ​ស្រាយ​បញ្ហា​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

​ឯកឧត្ដម​បាន​ថ្លែង​នូវ​ការសោកស្តាយ​ចំពោះ​ការ​ខូច​ទ្រព្យសម្បត្តិ​ដ៏​ដូចជា​ផ្ទះ​របស់​បងប្អូន​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ជាដើម។​

​លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ ខ្លួន និង​ក្រុមគ្រួសារ ដោយ​ត្រូវ​បិទ​ទូរស័ព្ទ រក​កន្លែង​ដែលមាន​សុវត្ថិភាព នៅពេល​មាន​ភ្លៀង​ធ្លាក់ ដែល​ងាយ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ ឬ​ខ្យល់​កន្ត្រាក់ ត្រូវ​មើលថែទាំ​កូនចៅ​ឲ្យ​បានល្អ ជាពិសេស​ក្មេង​តូចៗ​កុំ​ឲ្យ​លេង​ទឹក​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ករណី​លង់ទឹក ត្រូវ​ថែរក្សា​សុខភាព ត្រូវ​បង្ការ​ ការ​ពារ​ឆ្លង​ជំងឺគ្រុនឈាម​ដែល​កើតចេញពី​មូស​ខ្លា​ខាំ ត្រូវ​គេង​ក្នុង​មុង ជា​ពិសេស​ក្មេង​តូចៗ និង​ជួយ​អប់រំ​ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​គ្រប់​ប្រភេទ ក្នុងនោះ​ត្រូវ​នាំគ្នា​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន​នៅ​វិញ​ផ្ទះ​ ដើម្បី​ការពារ​ខ្យល់​ និង​បាតុភូត​ធម្មជាតិ​ដែល​កើតឡើង​ជាយថាហេតុ​ផ្សេងៗ ផងដែរ​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​បាន​ចែកជូន​រួមមាន​ ៖

– គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០​គ​.​ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេល​បត់ ១ ក្រណាត់​កៅស៊ូ​តង់​១ ឃី​ត ១ កញ្ចប់ (​មុង ភួយ សារុង ក្រមា​) និង​ថវិកា ២០០.០០០រៀល។​

-​គ្រួសារ​រងគ្រោះ​មធ្យម​ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០​គ​.​ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​មុង ភួយ សារុង ក្រមា​) និង​ថវិកា ៥០.០០០ រៀល។​

-​គ្រួសារ​រងគ្រោះ​តិចតួច​មាន​ក្នុង​១​គ្រួសារ​ទទួលបាន​ថវិកា​៥០,០០០​រៀល​។

​ក្នុងនោះ​ លោក សៅ សុខា ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រមាសហែក​បាន​ឧបត្ថម្ភ​បន្ថែម​នូវ​ថវិកា ក្នុង​១​គ្រួសារ​ទទួលបាន​១០,០០០​រៀល​ ផង​ដែរ​៕

ដោយ ៖ ​គឹម​ សេង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114