ព័ត៍មានទាន់​ហេតុការណ៏
Search

របាយការណ៍ UN ៖ ផលិតកម្ម​កូកាអ៊ីន​បាន​ឈានដល់​កម្រិត​កំណត់ត្រា​ថ្មី​ក្នុង​ឆ្នាំ​២០១៧

ទីភ្នាក់ងារ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​ថា ផលិតកម្ម​កូកាអ៊ីន​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ឆ្នាំ​២០១៧​ដោយបាន​បំបែក​កំណត់ត្រា​កាលពី​ឆ្នាំមុន​ចំនួន​២៥​ភាគរយ​ខណៈ​ការផលិត​បាន​កើនឡើង​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​។​

​ចម្ការ​ថ្មីៗ​នៅ​តំបន់​ដាច់ស្រយាល​និង​ក្រុម​ឧក្រិដ្ឋជន​បាន​បង្កើន​ការផលិត​នៅក្នុង​ប្រទេស​ផ្គត់ផ្គង់​កំពូល​របស់​ពិភពលោក​មួយ​នេះ​បើទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្វែរ​សហគមន៍​ជនបទ​ឲ្យ​នៅ​ឆ្ងាយ​ពី​ការដាំដុះ​ដំណាំ​កូ​កា​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម FARC ក៏ដោយ​។​

​លោកស្រី Angela Me ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម (UNODC) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Vienna បាន​និយាយថា “​ជាការ​ពិតណាស់ វា​ជា​ដំណឹង​ដ៏​អាក្រក់​។ វា​ជា​ដំណឹង​អាក្រក់​សម្រាប់​បណ្តា​ប្រទេស​ដែល​កំពុង​ផលិត​”​។​

​របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ការកើនឡើង​នៃ​ការផលិត​គឺ​ត្រូវបាន​ជំរុញ​ជា​ចម្បង​ដោយ​ការកើនឡើង​នៃ​ផលិតកម្ម​កូកាអ៊ីន​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​ដែល​បាន​ផលិត​ប្រមាណ​ជា​៧០​ភាគរយ​នៃ​កូកាអ៊ីន​របស់​ពិភពលោក​។​

​បើ​យោងតាម​របាយការណ៍​ដែល​ផ្អែកលើ​តួលេខ​របស់​ប្រព័ន្ធ​តាមដាន​ជាតិ​បាន​បង្ហាញថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​គិត​ត្រឹម​ឆ្នាំ​២០១៧ ការផលិត​បាន​កើនឡើង​៥០​ភាគរយ​ពោលគឺ​វា​ឈានដល់​កម្រិត​កំណត់​ត្រ‌ា​១,៩៧៦​តោន​កាលពី​ពីរ​ឆ្នាំមុន​។​

​ក្នុង​ឆ្នាំ​២០១៧ អាជ្ញាធរ​នៅ​ទូទាំង​ពិភពលោក​បាន​ស្ទាក់ចាប់​គ្រឿងញៀន​ក្នុង​បរិមាណ​កំណត់ត្រា ដោយ​គ្រឿងញៀន​សរុប​១,២៧៥​តោន​ត្រូវបាន​រឹបអូស​ពោលគឺ​កើនឡើង​១៣​ភាគរយ​ពីមួយ​ឆ្នាំមុន​នោះ​។​

​របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា “​នេះ​បាន​បង្ហាញថា កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ជាង​មុន​ហើយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែលមាន​ការពង្រឹង​គឺ​អាចជួយ​បង្កើន​អត្រា​ស្ទាក់​ចាប់បាន​”​។​

​គួរ​បញ្ជាក់ថា ស្ទើរតែ​៩០​ភាគរយ​នៃ​ការ​រឹបអូស​បាន​គឺ​នៅក្នុង​ទ្វីបអាមេរិក​ដោយ​ប្រទេស​កូ​ឡុំ​ប៊ី​តែឯង​គឺមាន​ការស្ទាក់ចាប់​បាន​៣៨​ភាគរយ​នៃ​ចំនួន​សរុប​ជា​សកល​ក្នុង​ឆ្នាំ​២០១៧៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114