ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ ប្រកាស​រៀបចំ​ពិធី​បុណ្យឧទ្ទិសកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ស្លាប់​បាក់​អគារ​នៅ​កំពង់សោម​

ភ្នំពេញ ​៖​ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​បំផុត​ ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​ក្នុង​ឧបទ្ទវហេតុ​ដ៏​រន្ធត់​រលំ​អាគារ​៧​ជាន់​ នៅ​ខេត្ត​ព្រះសីហនុ​នោះ ​តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ប្រកាស​រៀបចំ​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំង​ចំនួន​២៨​នាក់​ នៅ​ថ្ងៃទី​២៧​មិថុនា​។​

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​និយាយប្រាប់​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២៧​មិថុនា​នេះ ​ខ្ញុំ​សូម​គោរព​អញ្ជើញ​បងប្អូន​សិល្បករ​សិល្ប​ការិនី​ និង​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ​សូម​គោរព​អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​ទក្ខិណានុប្បទាន ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ចំពោះ​បងប្អូន​ជនរងគ្រោះ ​ដែល​បាន​ស្លាប់​ដោយ​ឧបទ្ទវហេតុ​រលំ​បាក់​អគារ​៧​ជាន់​ នៅ​ខេត្ត​ព្រះសីហនុ។

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ជាក់ថា ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​សិល្បៈ​ឲ្យ​បាន​ជ្រាប​ថា ​ខ្ញុំ​ប្រកាស​អញ្ជើញ​បងប្អូន​ជា​សាធារណៈ​បែបនេះ ខ្ញុំ​សង្ឃឹមថា​បងប្អូន​ នឹង​មិន​ប្រកាន់ ​ព្រោះ​ខ្ញុំ​បាន​អញ្ជើញ​ក្នុង Group រួចហើយ ខ្ញុំ​អត់​មាន​ពេល​ឆាត Private បាន​គ្រប់ៗ​គ្នា​ទេ ព្រោះ​ខ្ញុំ​មាន​ការងារ​ច្រើន​ដែល​ត្រូវធ្វើ​។ ​ដូច្នេះ​បើ​ក្រុមការងារ ឬ ជំនួយការ​ខ្ញុំ​ទូរស័ព្ទ​អញ្ជើញ​បងប្អូន​សូម​កុំ​ប្រកាន់។​

​ប្រធាន​សមាគម​សិល្បក​រ​រូបនេះ​បាន​និយាយទៀតថា ​ដូច្នេះ​សូម​មេត្តា​បងប្អូន​ជួយ​ឆ្លើយតប​ក្នុង​ខម​មិន​ នៃ​សារ​ដែល​នាង​ខ្ញុំ​បាន​បង្ហោះ​អញ្ជើញ​បងប្អូន​ជា​សាធារណៈ​ដោយ​អនុគ្រោះ​ផង ព្រោះ​ស្អែក​នេះ ​ខ្ញុំ​រវល់​ជាមួយ​កម្មវិធី​ដែល​ជាន់គ្នា​ច្រើន​ ហើយ​សុទ្ធតែជា​កម្មវិធី​ដើម្បី​សង្គម​ដូចគ្នា​។​ ជា​ការងារ​ដើម្បី​ជនរងគ្រោះ​ខ្មែរ​យើង​ទេ។ ចំណែកឯ​ទីតាំង​ដែល​រៀបចំ​ពិធីបុណ្យ ​គឺ​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​វត្ត​នាគ​វ័ន ​វេលា​ម៉ោង​៨​ព្រឹក ​ហើយ​អ្នក​ផ្តើម​កម្មវិធី​រួមមាន ​៖ ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត មេ​កុដិ​លេខ​២៤ ​វត្ត​នាគ​វ័ន រាជធានី​ភ្នំពេញ​ និង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​ព្រមទាំង​សមាជិក​។​

​សូមបញ្ជាក់ថា ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ​នៃ​ឧបទ្ទវហេតុ​ដ៏​រន្ធត់​រលំ​អគារ​៧​ជាន់​ នៅ​ខេត្ត​ព្រះសីហនុ ​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​មក​នេះ ​គឺ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៨​នាក់ (​ស្រី​០៤​នាក់ )​និង​រងរបួស​ចំនួន​២៦​នាក់​(​ស្រី​០២​នាក់​)​ សរុប​មាន​ចំនួន​៥៤​នាក់​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114