ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​ពីរ​គ្រឿង​ ពាក់​ស្លាក​លេខ​នគរបាល ​មាន​លេខ​ដូចគ្នា​ មិនដឹង​មួយ​ណា​ត្រឹមត្រូវ​

​ភ្នំពេញ ៖ អ្នក​ធ្វើដំណើរ​ បាននាំគ្នា​នឹក​ឆ្ងល់​ថា ​មកដល់​ថ្ងៃនេះ​ទៅហើយ​ គឺ​នៅតែមាន​អ្នកយក​ស្លាក​លេខ​របស់​សមត្ថកិច្ច​ក្លែងក្លាយ​មក​បំពាក់​លើ​យានយន្ត​របស់ខ្លួន​ ដោយ​មិន​ខ្វល់​ទៅ​នឹង​អំពើ​ខុស​ច្បាប់​អ្វី​បន្តិច​សោះ​។​

ជាក់ស្ដែង ម៉ូតូ​ពីរ​គ្រឿង​ដូច​មាន​ក្នុង​រូបថត​ខាងលើ​ គឺ​មាន​ស្លាក​លេខ​ដូចគ្នា​ ហើយ​បំពាក់​លើ​ម៉ូតូ​ខុស​ម៉ាក​ និង​កំពុង​ធ្វើដំណើរ​យ៉ាង​រំភើយ​នៅតាម​ដងផ្លូវ​សាធារណៈ​នោះ​ គឺមាន​ស្លាក​លេខ​(​នគរបាល 1 52 38)​ ដែល​គេ​មិនដឹងថា ​តើ​ស្លាក​លេខ​មួយ​ណា​ត្រឹមត្រូវ​ ឬ​ខុស​នោះទេ ​ព្រោះ​គ្មាន​ជំនាញ​។

​ម៉ូតូ​ទាំងពីរ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​តែមួយ​ដូចគ្នា ​គឺ​មួយគ្រឿង​ម៉ាក​សេ​១២៥ ​និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស់​ ហើយ​អ្នក​បើក​បរ​ជាជន​ស៊ីវិល​។​

ឃើញ​នៅតាម​ដងផ្លូវ​សាធារណៈ​បែបនេះ​ ទើប​អ្នកដំណើរ​លាន់មាត់​គ្រប់ៗ​គ្នា​ថា ​ហេតុអ្វី​ក៏​នគរបាល​ចរាចរណ៍​ដែល​ឈរជើង​តាម​ដងផ្លូវ​មើលមិនឃើញ​សោះ​អញ្ចឹង​។​ បែរជា​មក​ឃើញ​តែ​អ្នក​មកពី​ជន​បទ​ជិះ​មកលេង​កម្សាន្ត​នៅ​ទីក្រុង​ភ្នំពេញ​ម្តងៗ​ ត្រូវ​រង​ការ​ផាកពិន័យ​ដោយ​មិនសូវ​រួចខ្លួន​ឡើយ​។​

​អ្នកធ្វើដំណើរ​ សំណូមពរ​ដល់​ស្ថាប័ន​ជំនាញ​ មេត្តា​ពិនិត្យ​ ព្រោះ​គេ​ដឹង​ថា​ ម៉ូតូ​ដែល​ពាក់​ស្លាក​លេខ​នគរបាល​ និង​ខេមរភូមិន្ទ​ ឬ ​ស្លាក​លេខ​រដ្ឋ​ និង​លេខ​អង្គការ​ភាគច្រើន​សុទ្ធតែជា​ម៉ូតូ​គេច​ពន្ធ​៕

ដោយ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114