ព័ត៍មានទាន់​ហេតុការណ៏
Search

រូបភាព​នៃ​ជនអន្តោប្រវេសន៍​អែល​សាល់​វ៉ា​ឌ័​រ ដែ​ល​លង់ទឹក​ស្លាប់​ជាមួយ​កូន​អាយុ​២​ឆ្នាំ ​បាន​បង្ក​ឲ្យ​មាន​កំហឹង

រូបភាព​ដ៏​គួរ​ឲ្យ​រន្ធត់​នៃ​ជនអន្តោប្រវេសន៍​អែល​សាល់​វ៉ា​ឌ័​រលង់​ទឹក​និង​កូនស្រី​អាយុ​២​ឆ្នាំ​របស់គាត់​ដែល​បាន​ស្លាប់ ​ខណៈ​ព្យាយាម​ឆ្លងកាត់​ទន្លេ Rio Grande ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទៅ​សហរដ្ឋអាមេរិក​បា​នប​ង្ក​ឲ្យ​មានការ​កំហឹង​ហើយ​វា​បង្ហាញ​ពី​គ្រោះថ្នាក់​ដែល​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​កំពុង​ប្រឈមមុខ​។​

​យោងតាម​របាយការណ៍​របស់​តុលាការ​ម៉ិ​ក​ស៊ិ​កបាន​ឲ្យ​ដឹងថា លោក Oscar Martinez Ramirez អាយុ​២៥​ឆ្នាំ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​ជាមួយ​ប្រពន្ធ​របស់គាត់​អាយុ​២១​ឆ្នាំ​និង​កូនស្រី​របស់​ពួកគេ​ហើយ​បាន​សម្រេចចិត្ត​ធ្វើដំណើរ​ផ្សងគ្រោះថ្នាក់​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទៅ​សហរដ្ឋអាមេរិក​កាលពី​រសៀល​ថ្ងៃអាទិត្យ​។​

​លោក Ramirez បានដាក់​កូនស្រី​របស់​គាត់​នៅ​លើ​ខ្នង​ហើយ​ដាក់​ក្នុង​អាវយឺត​របស់​គាត់​ដើម្បី​រក្សា​នាង​ឲ្យ​មាន​សុវត្ថិភាព​នៅពេល​ពួកគេ​ព្យាយាម​ឆ្លងកាត់​ទន្លេ​។ ប៉ុន្តែ​អ្នក​ទាំងពីរ​ត្រូវបាន​វាយប្រហារ​ដោយ​ទឹករលក​ហើយ​លង់ទឹក​ស្លាប់​នៅ​ចំពោះមុខ​ម្តាយ​របស់​នាង​ដែល​បាន​រស់រានមានជីវិត​ពី​ហេតុការណ៍​នេះ​និង​បាន​មកដល់​ច្រាំង​។​

​សាកសព​ទាំងពីរ​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង Matamoros ក្នុង​រដ្ឋ Tamaulipas​។​

​រូបភាព​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​ឪពុក​និង​កូន​ដេក​ផ្កាប់មុខ​ក្នុង​ទឹកបាន​បញ្ឆេះ​កំហឹង​នៅក្នុង​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​និង​ម៉ិ​ក​ស៊ិ​ក​ដែលជា​កន្លែង​រដ្ឋាភិបាល​កំពុង​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​សម្រាប់​ការប្រព្រឹត្ត​របស់ខ្លួន​លើ​ជន​ឥ​ន្តោ​ប្រវេសន៍​។​

​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador ដែល​បាន​ឡើងកាន់តំណែង​កាលពី​ខែធ្នូ​ជាមួយ​ការប្តេជ្ញា​ការពារ​សិទ្ធិ​របស់​ជន​ចំណាកស្រុក​ធ្លាប់​ទទួលរង​ការរិះគន់​ដោយសារ​រូបភាព​របស់​អ្នកកាសែត AFP កាលពី​សប្តាហ៍​មុន​ដែល​បង្ហាញ​ពី​ក្រុម​ឆ្មាំ​ជាតិ​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​បាន​ឃាត់ខ្លួន​ស្ត្រី​ពីរ​នាក់​និង​ក្មេងស្រី​ម្នាក់​នៅ​ទន្លេ Rio Grande​។​

​កាលពី​ថ្ងៃ​អង្គារ មេដឹកនាំ​ម៉ិ​ក​ស៊ិ​ក​រូបនេះ​បាន​និយាយថា ទាហាន​ចំនួន​១៥,០០០​នាក់​ដែល​រដ្ឋាភិបាល​របស់លោក​បានដាក់​ពង្រាយ​នៅ​ព្រំដែន​អាមេរិក​គឺ​មិន​ត្រូវបាន​បញ្ជា​ឲ្យ​បញ្ឈប់​ជនអន្តោប្រវេសន៍​ពី​ការឆ្លងកាត់​ទេ​ហើយ​បាន​ប្តេជ្ញា​ធ្វើការ​ស៊ើបអង្កេត​អំពី​ការឃាត់ខ្លួន​ដ៏​ចម្រូងចម្រាស​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114