ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ អន ចាន់​ប៉ូ​លីន និង ជួន ចាន់​ចាវ បន្ត​កិច្ចសន្យា​ជាមួយ​ភ្នំពេញ​ក្រោ​ន រហូតដល់​ឆ្នាំ​២០២២

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បាន​ជូនដំណឹង​ថា​កីឡាករ​វ័យក្មេង​២​រូប​គឺ អ៊​ន ចាន់​ប៉ូ​លីន និង​ជួន ចាន់​ចាវ បានសម្រេច​អនាគត​របស់ខ្លួន​ដោយ​បន្ត​កិច្ចសន្យា​ថ្មី​រួមរស់​ជាមួយ​ក្លិប​រហូតដល់​ឆ្នាំ​២០២២​។

ទន្ទឹម​នឹង​បន្ត​កិច្ចសន្យា​ថ្មី​របស់​ខ្លួន​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ខ្សែបម្រើ​កណ្តាល​ទាំង​២​រូបនេះ​បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ថា​នឹង​ជួយ​ក្លិប​ឈ្នះ​ជើងឯក ក៏ដូចជា​ទទួល​បាន​លទ្ធផល​ល្អ​នា​រដូវ​កាល​នេះ និង​ពេល​ខាង​មុខ​។ កីឡាករ អ៊​ន ចាន់​ប៉ូ​លីន វ័យ​២១​ឆ្នាំ បាន​និយាយថា «​សម្រាប់​ការបន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២២ ខ្ញុំ​មាន​អារម្មណ៍​ថា​ សប្បាយចិត្ត​ដែល​បាន​រួមរស់​ជាមួយ​ក្លិប ភ្នំពេញ​ក្រោ​ន បន្តទៀត និង​ជួយ​បន្តទៀត​»​។

កីឡាករ​ខាងលើ​បាន​បន្តថា «​មូលហេតុ​គឺ​ខ្ញុំ​ធំធាត់​នៅ​ទីនោះ បូករួម​ការ​សប្បាយ​ចិត្ត​រស់​នៅ​ក្នុង​ទីនេះ នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​ចង់​នៅ​បន្ត​ទៀត​។ សម្រាប់​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ចិត្ត​សម្រាប់​ថ្នាក់ដឹកនាំ គ្រូបង្វឹក​ទាំងអស់ ថា​យើង​អាច​ក្លាយជា​ជើងឯក​បាន​។ សូម​អរគុណ​ដល់​អ្នកគាំទ្រ ទោះបី​យើង​នៅ​ស្ថានភាព​ណាក៏ដោយ​ក៏​ពួកគេ​តែងតែ​នៅ​ពីក្រោយ​យើង​រហូត​។ ជាពិសេស​នោះ​អរគុណ​ដល់​ថ្នាក់ដឹកនាំ គ្រូបង្វឹក បុគ្គលិក និង​មិត្ត​រួម​ក្រុម តែង​តែង​ព្យាយាម​រួមសហការ​គ្នា និង​ធ្វើការ​កន្លងមក»។

ជា​មួយ​គ្នា​នេះ​ដែរ កីឡាករ ជួន ចាន់​ចាវ វ័យ​២០​ឆ្នាំ រីករាយ​ក្នុង​បន្ត​រស់នៅ​ជាមួយ​ក្លិប​ល្អ​ជាងគេ​នៅ​កម្ពុជា​និង​មាន​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​។ «​មាន​អារម្មណ៍​ថា​ សប្បាយ​ដែល​បាន​នៅ​ក្លិប​មួយ​ល្អ​ជាងគេ​នៅ​កម្ពុជា ហើយ​មាន​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​។ ហេតុផល​គឺ​ដើម្បី​ឈ្នះ​ពាន​ជាមួយ​ក្លិប ភ្នំពេញ​ក្រោ​ន និង​ការចិញ្ចឹម​បីបាច់​តាំងពី​តូច ចឹ​ង​យើង​ត្រូវតែ​តបស្នង​សងគុណ​វិញ​។ រដូវ​កាល​នេះ​យើង​រំពឹងថា​ មាន​ចំណាត់ថ្នាក់​ល្អ ប៉ុន្តែ​ក៏​មិន​ហ៊ាន​រំពឹង​ខ្ពស់​ពេក​ដែរ​។ ថ្នាក់ដឹកនាំ​លើកទឹកចិត្ត​យើង ជំរុញ​យើង អោយ​យើង​បន្ត​លេង​ជាមួយ​ក្លិប​ទៀត​»៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114