ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ប​.​ក ប្រកាស​ត្រៀម​បើក​ប្រកួត​ពានរង្វាន់​លី​គ​យុវជន U16 និង​U18

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានប្រកាសថា​ នឹង​រៀបចំ​កម្មវិធី​ប្រកួត​សម្រាប់​ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៦, ១៨​ឆ្នាំ (U16 និង U18) នៅ​ចុងខែ​កក្កដា ខាងមុខ​ដោយ​បើក​ចំហរ​ឲ្យ​ក្រុម​តាម​បណ្តារ​ខេត្ត​ក្រុង​និង​ក្រុម​ក្នុង​លី​គ​កំពូល​កម្ពុជា បាន​ចូលរួម​ប្រកួតប្រជែង​ផងដែរ​។

យោង​តាម​សេចក្ដីប្រកាស​ឲ្យ​ដឹង​រប​ស់ស​.​ប​.​ក ក្រុម​ដែលមាន​សិទ្ធិ​ចូលរួម​ប្រកួត​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៦ និង​១៨​ឆ្នាំ នេះ​គឺ​ក្រុម​មកពី​គ្រប់​បណ្ដាល​ក្លិប​ដែល​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា ក៏ដូចជា​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ទាំង​២៥​។ ពានរង្វាន់​នេះ​គឺ​បង្កើតឡើង​យោងតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​បាល់ទាត់​ឆ្ពោះទៅកាន់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​ផែនការ​ការងារ​ឆ្នាំ​២០១៩​របស់ ស​.​ប​.​ក​។

តាម​គម្រោង​ការប្រកួត​មិនមែន​ជា​ការប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ឡើយ​ដូច​រូបមន្ត​លី​គ​ឡើយ​ព្រោះ​ចំនួន​ក្រុម​ចូលរួម​គឺ​អាច​នឹង​មាន​ច្រើន បើសិន​ជាមាន​ការចូល​រួម​គ្រប់​ក្រុម​ទាំងអស់​។ ការ​ទទួល​ពាក្យ​នឹង​ផុតកំណត់​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥​ល្ងាច​។ កីឡាករ​ត្រូវមាន​ថ្ងៃ​កំណត់​ត្រឹម​ឆ្នាំ​២០០៤ (​សម្រាប់​ពាន​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​) និង​ឆ្នាំ​២០០១ (​សម្រាប់​ពានរង្វាន់​អាយុ​ក្រោម​អាយុ​១៨​ឆ្នាំ​)​។ តាម​គម្រោងការ​ប្រកួត​រាល់​ព្រឹក​ថ្ងៃអាទិត្យ រាល់​សប្ដាហ៍​នីមួយៗ​។ ក្រុម​នីមួយ​អាច​ចុះបញ្ជី​កីឡាករ​បាន​យ៉ាងតិច​២៥​នាក់​ឬ​យ៉ាងច្រើន​៥០​នាក់​។

តាម​គម្រោងការ​ប្រកួត​គឺ​គ្រោង​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ តទៅ​។ សម្រាប់​ក្រុម​ដែល​ចាប់អារម្មណ៍​សូម​ទាក់ទង​លោក ខុម សុ​ច័ន្ទ ដែលជា​អ្នកទទួល​ពាក្យ​តាម​លេខ​ទំនាក់ទំនង 016708095 ឬ​អ៊ី​ម៉ែ​ល sochant@the-ffc.com ឬ​លោក ម៉ៃ ម៉ូ​លីន តាម​លេខ 0976637887 ឬ​តាម​អ៊ី​ម៉ែ​ល molin@the-ffc.com៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114