ព័ត៍មានទាន់​ហេតុការណ៏
Search

ចូលរួម​រំលែក​ទុក្ខ​ផង ! ជុំ លី​ណូ ជួប​ទុក្ខ​ធំ​ ឪពុក​ជាទី​ស្រលាញ់​ទទួលមរណភាព​

​ភ្នំពេញ​ ៖ នេះ​អាច​ចាត់ទុកជា​ដំណឹង​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​បំផុត​សម្រាប់​តារា​ចម្រៀង​ប្រុស​លោក ជុំ លី​ណូ និង​ក្រុមគ្រួសារ ​ខណៈដែល​លោក​ឪពុក​ជាទី​ស្រលាញ់​របស់លោក​បាន​ទទួល​មរណភាព​ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩​កន្លងមកនេះ​។​

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​តារា​ចម្រៀង​ប្រុស​មាន​ប្រជាប្រិយភាព​ និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន​ លោក ជុំ លី​ណូ បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​ទិដ្ឋភាព ​នៃ​ពិធី​បុណ្យ​សព​ឪពុក​មក​ថា​ សូម​ពុក​ទៅកាន់​សុគតិភព កុំ​បារម្ភ​ពី​កូន កុំ​គិតពី​កូន​ទៀត​អី តែ​ពុក​ស្ថិត​ក្នុង​បេះដូង​កូន​ជានិច្ច​ណា​ពុក​។​

​បន្ថែម​ពីលើ​នេះ ​តារាចម្រៀង​ចូលចិត្ត​លេង​ស្តាយ​រាំ​បែប​ក្រមិចក្រមើម​ លោក ជុំ លី​ណូ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ទៀតថា ​ឪពុក​របស់លោក​បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​ក្នុង​អាយុ​៦៤​ឆ្នាំ​ដោយ​រោគ​ជរាពាធ​។

​បច្ចុប្បន្ន​សព​ឪពុក​លោក​ត្រូវបាន​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​ស្ថិតនៅ​ភូមិ​ចន្លោះ​រេ​ន ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​តារា​ប្រុស​លោក ជុំ លី​ណូ​ បានបញ្ជាក់​ទៀតថា ​សម្រាប់​ពិធី​បូជាសព​ឪពុក​របស់ខ្លួន ​គឺ​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង​៩​យប់ ​ថ្ងៃទី​២៧​ ខែ​មិថុនា ​ឆ្នាំ​២០១៩​តែម្តង​។​ ខណៈ​កម្មវិធី​ឆ្លងបុណ្យ​ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៨ ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​ ជាមួយគ្នា​ នៃ​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​របស់​តារា​ចម្រៀង​លោក ជុំ លី​ណូ និង ក្រុមគ្រួសារ​នេះដែរ​ គេ​កត់សម្គាល់ឃើញ​មាន​មហាជន​ជាច្រើន ​ពិសេស​អ្នក​គាំទ្រ​ រួម​ទាំង​អ្នកសិល្បៈ​រួម​អាជីព​បានបង្ហាញ​ការចូលរួម​សោកស្តាយ​ និង​ផ្ញើ​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុមគ្រួសារ​ លោក ជុំ លី​ណូ ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114