ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​និយាយ​ថា ខ្លួន​បាន​រារាំង​ផែន​ការធ្វើ​រដ្ឋប្រហារ

រដ្ឋាភិបាល​សង្គមនិយម​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​រារាំង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ដោយ​អះអាងថា សហរដ្ឋអាមេរិក កូ​ឡុំ​ប៊ី​និង​ឈី​លី​បាន​ឃុបឃិត​គ្នា​ក្នុង​ផែនការ​យោធា​មួយ​ដើម្បី​ធ្វើឃាត​លោក​ប្រធានាធិបតី Nicolas Maduro និង​តែងតាំង​ឧ​ត្ត​ម​សេនីយ៍​ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម្នាក់​ឲ្យ​ជំនួស​តំណែង​របស់គាត់​។​

​លោក Maduro បាន​ព្រមាន​ថា លោក​នឹង​គ្មាន​មេ​ត្ដា​ទេ​ក្នុងការ​ប្រឆាំងនឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។​

​នៅក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​ទូទាំងប្រទេស​តាម​វិទ្យុ​និង​ទូរទស្សន៍ លោក Maduro បានប្រកាស​ថ្កោលទោស​វា​ថា​ជា “​ការប៉ុនប៉ង​ហ្វា​ស៊ី​ស​ដើម្បី​ធ្វើឃាត​ខ្ញុំ​” និង​បាន​ស្តីបន្ទោស​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក Ivan Duque ដោយ​និយាយថា “​ការ​សមគំនិត​របស់​គាត់​គឺ​ភ័ស្តុ​ង​តាង​ជាក់ស្តែង​”​។​

​រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Jorge Rodriguez បាន​និយាយ​កាលពី​ពេលមុន​ថា ការធ្វើ​រដ្ឋប្រហារ​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​សកម្ម​និង​មន្ត្រី​យោធា​ចូលនិវត្តន៍​។​

​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ លោក Rodriguez ក៏បាន​ចោទប្រកាន់​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido ថា​បានរៀបចំ​ផែនការ​បង្ហូរឈាម​ផងដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Guaido បាន​ច្រានចោល​ការអះអាង​អំពី​រដ្ឋប្រហារ​នេះ​ថា​ជាការ​ប្រឌិត​ដោយ​និយាយថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សឹងតែ​រាប់​ភ្លេច​ទៅហើយ​អំពី​ការចោទប្រកាន់​ដដែលៗ​ដែល​បាន​ធ្វើឡើង​ម្តង​ហើយ​ម្តងទៀត​។​

​ងាក​ទៅ​លោក Rodriguez ឯណោះ​វិញ លោក​បាន​ចោទប្រកាន់​លោក Duque នៃ​ប្រទេស​កូ​ឡុំ​ប៊ី​ថា​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ផែនការ​នេះ​ជាមួយ​ប្រធានាធិបតី​ឈី​លី​លោក Sebastian Pinera និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton​។​

​ដោយ​មិន​សំដៅ​ដោយផ្ទាល់​ទៅនឹង​ការចោទប្រកាន់​នេះនោះ រដ្ឋមន្ត្រីការបរទេស​កូ​ឡុំ​ប៊ី​លោក Carlos Holmes Trujillo បាន​និយាយថា ប្រទេស​របស់លោក​នឹង​បន្តធ្វើ​សកម្មភាព​តាមរយៈ​មធ្យោបាយ​នយោបាយ​និង​ការទូត​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114