ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បញ្ចប់​កម្មវិធី​ប្រកួត​ជើង​ទី​១​នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាង

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវ​ប្រកួត​បញ្ចប់​ជើង​ទី​១ ត្រឹម​សប្ដាហ៍​ទី​១៣​ចុង​សប្តាហ៍​នេះ​ហើយ​ ក្នុងចំណោម​សប្ដាហ៍​សរុប​ចំនួន​២៤ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​បន្ត​ឈរ​កៅអី​កំពូល​តារាង​បណ្តោះអាសន្ន​ទៀត ស្របពេល​ក្រុម​ខេត្តកំពង់ចាម ស្ថិតនៅ​បាត​តារាង​ដដែល​។

​សម្រាប់​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​១៣ ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​ក្រសួងការពារជាតិ ប៉ះ​អាស៊ី​អឺរ៉ុប នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន ខ​.​ភ​.​ម ហើយ​ក្រុម​ខេត្តកំពង់ចាម ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​ជាមួយគ្នា​និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ទទួល​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។

ចំណែក​៤​គូ​ទៀត​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ទី​៣០​ខែមិថុនា ឆ្នាំ​២០១៩ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ​ណាហ្គា​វើ​ល នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ក្រុម​បឹងកេត ជួប​គី​រី​វង​សុខ​សែន​ជ័យ វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​គីរីវង់​សុខ​សែន​ជ័យ ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​វិសាខា​អែ​ហ្វ​ស៊ី ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​វិសាខា​។

ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ក្រោយ​ប្រកួត​បាន​១២​លើក​នេះ​មក​ឃើញថា​ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​៣២​ពិន្ទុ​ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​២ មាន​២៧​ពិន្ទុ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៣ មាន​២៤​ពិន្ទុ​ក្រុម​បឹងកេត ឈរ​លេខ​៤ មាន​២៣​ពិន្ទុ ក្រុម​វិសាខា ឈរ​លេខ​៥ មាន​២២​ពិន្ទុ ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​៦ មាន​២១​ពិន្ទុ​។ ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​៧ មាន​២០​ពិន្ទុ ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​៨ មាន​១៨​ពិន្ទុ ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​៩​មាន​១៦​ពិន្ទុ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​១០ មាន​១៣​ពិន្ទុ ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​១១ មាន​១២​ពិន្ទុ ក្រុម​អគ្គីសនី​កម្ពុជា មាន​១០​ពិន្ទុ ឈរ​លេខ​១២ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​ឈរ​លេខ​១៣ ក្រុម​ខេត្តកំពង់ចាម លេខ​១៤​មាន​៣​ពិន្ទុ​ស្មើគ្នា​។

សូម​បញ្ជាក់​ថា​ តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​ចាប់ផ្ដើម​ដំណើរការ​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114