ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ខេត្តកំពង់ចាម ចាប់​ដៃគូ​ជាមួយ​ក្លិប​បាល់ទាត់​Singburi Bangrajun F.C របស់​ថៃ

ក្លិប​បាល់ទាត់​ខេត្តកំពង់ចាម សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បានប្រកាស​ចាប់​ថៃ​គូ​ជាមួយ​ក្លិប​បាល់ទាត់​Singburi Bangrajun F.C របស់​ប្រទេស​ថៃ ខណៈ​ក្រុម​នេះ​ហាក់​ធ្វើ​មិនល្អ​សោះ​រហូតដល់​ជិត​ចប់​ជើង​ទី​១​ពោលគឺ​ចាញ់​រហូតដល់​១១​លើក​និង​ឈ្នះ​តែ​១​លើក​ប៉ុណ្ណោះ​។

លោក ស្រេង វ៉ាន់​ណូ អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​ខេត្តកំពង់ចាម ប្រាប់ CNCC ថា​ចាប់ពី​ជុំ​ទី​ពីរ តទៅ​ក្លិប​របស់លោក​នឹង​សហការ​ជា​ដៃគូ​ជាមួយ​ក្លិប​Singburi Bangrajun F.C​របស់​ថៃ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​ក៏​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​ក្រុម​ដែរ​។ លោក​ថា​ ភាគី​ក្លិប​Singburi Bangrajun F.C នឹង​ជួយ​ចំណាយ​ថវិកា និង​សម្ភារៈ​ដល់​ក្រុម​របស់​លោក​។ មិនតែប៉ុណ្ណោះ ក្លិប​ថៃ ដដែល​ក៏​គ្រោង​ដាក់​លក់​សម្ភារៈ​ខ្លះៗ​តាមរយៈ​ក្រុម​របស់លោក​ទៀតផង​។

ថ្នាក់ដឹកនាំ​ក្រុម​រូប​នេះ​រៀបរាប់ «​ជំហាន​ដំបូង​គេ​ផ្ដល់​ដល់​យើង​នូវ​សម្ភារៈ​កីឡា ដូចជា​ខោអាវ ហើយ​បន្ត​ទៅមុខទៀត គាត់​នឹង​អាច​ចាយ​ថវិកា​ជាមួយ​ក្លិប​យើង​ផងដែរ តែ​មិនទាន់​ដឹងថា ចាយ​ប៉ុនណា​ដែរ តែ​អ្វីដែល​ច្បាស់​នោះ គឺ​គាត់​ជួយ​យើង​នូវ​សម្លៀកបំពាក់ និង​ភេសជ្ជៈ​មួយចំនួនទៀត ហើយ​លក់​ដើម្បី​យក​ថវិកា​ជួយ​ក្លិប​ដែរ​»​។

លោក ស្រេង វ៉ាន់​ណូ បន្តថា លោក Theapthana Sapphot ដែលជា​អ្នកចាត់ការ​ក្លិប Singburi Bangrajun F.C នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពង់ចាម សាជាថ្មី​ដើម្បី​ចុះកិច្ចសន្យា​លើ​កិច្ចសហប្រតិបត្តិការ​ដ៏​ពិសេស​ក្នុង​គោលបំណង​លើកស្ទួយ​ក្លិប​របស់​កម្ពុ​ជាមួយនេះ​កាន់តែ​មានលទ្ធភាព​ប្រកួតប្រជែង​នៅ​ក្របខណ្ឌ​កំពូល​។

ក្លិប​បាល់ទាត់​Singburi Bangrajun F.C មាន​មូលដ្ឋាន​នៅ​ខេត្ត Singburi ប្រទេស​ថៃ ហើយ​ក្លិប​នេះ​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ បច្ចុប្បន្ន​ជា​សមាជិក​លី​គ​លំដាប់​ទី​៤​នៅក្នុង​ប្រទេស​របស់ខ្លួន​។ ចំណែក​ក្រុម​ខេត្តកំពង់ចាម វិញ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តាមរយៈ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​អនុញ្ញាត​ឲ្យ​ចូល​លេង​លីគកំពូល​កម្ពុជា​ ឆ្នាំ២០១៩នេះ​ឯង៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114