ព័ត៍មានទាន់​ហេតុការណ៏
Search

Hun Sen Cup ៖​ ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន ឈ្នះ​ដូចគ្នា​ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​១​ថ្នាក់ជាតិ​វគ្គ​១៦​ក្រុម​ចុងក្រោយ

ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ (Hun Sen Cup 2019) ដែល​រៀបចំឡើង​ដោយ​គណៈកម្មាការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC)​សេនាធិការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(​ស​.​ប​.​ក​) បាន​ចាប់​ផ្ដើម​ពី​ចុងខែ​កុម្ភៈ មក​ម្ល៉េះ​ដោយមាន​ការប្រកួត​បែង​ចែកចេញជា​២​វគ្គ​ដូច​កាលពី​ឆ្នាំ​២០១៨ ដែរ​គឺ​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់ជាតិ​។

គិត​ត្រឹម​ពេលនេះ​ការប្រកួត​បាន​ធ្វើ​ឡើង​ដល់​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​ហើយ ពោល​គឺ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ សម្រាប់​លទ្ធផល​ប្រកួត​ធ្វើឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ចាម ដោយ​លទ្ធផល ១០​ទល់​០ លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium​។ កីឡាករ វ៉ា សុថន រក​គ្រាប់​បាល់​បាន​៥​គ្រាប់​ម្នាក់ឯង​ឲ្យ​ភ្នំពេញ​ក្រោ​ន ខណៈ​កីឡាករ ប្រាក់ ធី​វ៉ា​, ម៉ៅ ពិសិដ្ឋ​,​យើ​ស សា​ហ្វី​,​សាត រ៉​សេត​,​លឹម ពិសិដ្ឋ រកបាន​គ្រាប់​បាល់​ម្នាក់​១​គ្រាប់​។ មួយគូ​ទៀត​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​លើ​ក្រុម​ខេត្ត​ត្បូងឃ្មុំ ដោយ​លទ្ធផល​៤​ទល់​០​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ គ្រាប់​បាល់​៤​គ្រាប់​របស់​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង រកបាន​ដោយ​កីឡាករ ហួយ ផល្លី​ន​,​ជា សំណាង​, ណុប តុលា និង​អ៊ឹម សុ​ផា​និត្យ​។

សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ពុធ​ថ្មីៗ​នេះ​ក្រុម​បឹងកេត យកឈ្នះ​ក្រុម​ខេត្តសៀមរាប ៦​ទល់​០ ខណៈ​ក្រុម​អគ្គីសនី​កម្ពុជា ប្រកួត​ស្មើគ្នា​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ ក្នុង​ជើង​ទី​១​ដូចគ្នា​។

សម្រាប់​ប្រកួត​បន្ត​ក្នុង​វគ្គ​ដូច​គ្នា​នេះ​ដែរ ​នៅ​ថ្ងៃ​ពុធ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រុម​គីរីវង់​សុខ​សែន​ជ័យ ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​គីរីវង់ ក្នុង​ក្រុង​ដូន​កែវ ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​ក្រសួងការពារជាតិ នៅ​វេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​។ នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៤ ​ខែកក្កដា​វិញ​ ក្រុម​សូល​ទី​ឡូ​អង្គរ ទទួល​ក្រុម​ខត្ត​រតនគីរី នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ដែរ ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​វិសាខា នៅ​វេលា​ម៉ោង​ដូចគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។

តាម​គម្រោងការ​ប្រកួត​ធ្វើ​ចំនួន ២​ជើង ចាប់ផ្ដើម​ជើង​ទី​១ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ក្រុម​ទាំង​៨​គូ​ត្រូវ​ប្ដូរ​ទឹកដី​គ្នា​វិញ ហើយ​ក្រុម​ដែល​ឈ្នះ​ត្រូវ​បន្តទៅ​វគ្គ​បន្ត​ចំនួន​២​ជើង (​ក្នុង​ដី និង​ក្រៅ​ដី​) ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​លើកលែងតែ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ប្រកួត​តែ ១ជើង​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​ថ្ងៃទី​០២ ខែ​វិច្ឆិកា ​ឆ្នាំ២០១៩​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114