ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Duterte គំរាម​អ្នក​ចង់​លេង​ជាមួយ​គាត់​ថា “​ខ្ញុំ​នឹងដាក់​គុក​អ្នក ប្រសិនបើ​ប្តឹង​ចោទប្រកាន់​ខ្ញុំ​”

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​គំរាម​គូប្រជែង​ជាមួយនឹង​ការ​ដាក់គុក​ប្រសិនបើ​ពួកគេ​ព្យាយាម​ប្តឹង​ចោទប្រកាន់​គាត់​។ នេះ​ជា​រឿង​ចុងក្រោយ​បំផុត​នៅក្នុង​អ្វីដែល​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​និង​ក្រុម​អ្នកតាក់តែង​ច្បាប់​អាស៊ី​ហៅថា ជា​គំរូ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​និង​ការរំលោភ​លើ​សេរីភាព​បញ្ចេញមតិ​។​

​លោក Duterte បាន​បញ្ចេញ​កំហឹង​របស់លោក​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ចំពេល​មានការ​ពិនិត្យពិច័យ​យ៉ាងខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ការចោទប្រកាន់​ដែលថា លោក​កំពុង​កាន់ជើង​ចិន​ជុំវិញ​ការ​ពន្លិច​ទូក​នេសាទ​របស់​ហ្វីលីពីន​កាលពី​ថ្ងៃទី​៩​ខែមិថុនា​ដោយ​ស្នាដៃ​របស់​នាវា​ចិន​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់​ទីក្រុង​ម៉ានីល​។​

​មេដឹកនាំ​រូបនេះ​បាន​គាំទ្រ​ការលើកឡើង​របស់​ទីក្រុង​ប៉េកាំង​ដែលថា​វា​ជា​ឧបទ្ទវហេតុ​មួយ មិនមែនជា​ការវាយប្រហា​រ​ដោយ​ចេតនា​ទេ​ហើយ​បាន​អត់​ទោស​ចំពោះ​វត្តមាន​អ្នកនេសាទ​ចិន​នៅក្នុង​តំបន់ EEZ របស់​ហ្វីលីពីន​ដោយ​និយាយថា គាត់​នឹង​អនុញ្ញាត​វា​ដោយសារ​ចំណងមិត្តភាព​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​រិះគន់​សំខាន់ៗ​មួយចំនួន​ដោយ​ក្នុងនោះ​មាន​ទាំង​ចៅក្រម​កំពូល​និង​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​ផងដែរ​បាន​ហៅថា ការរំលោភ​រដ្ឋធម្មនុញ្ញ​គឺ​សម​នឹងត្រូវ​ប្តឹង​ចោទប្រកាន់​។​

​លោក Duterte បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​នឹងត្រូវ​ប្តឹង​ចោទប្រកាន់​ឬ​? ខ្ញុំ​នឹង​ចាប់​ពួកគេ​ទាំងអស់​ដាក់គុក​។ សាក​ធ្វើ​វា​ទៅ​មើល ខ្ញុំ​នឹងធ្វើ​វា​”​។​

​របាយការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​សមាជិកសភា​សិទ្ធិមនុស្ស​អាស៊ាន​បាន​រិះគន់​រដ្ឋបាល​របស់លោក Duterte ចំពោះ​អ្វីដែល​ខ្លួន​និយាយថា​ជា​វោហា​សាស្ត្រ​គំរាមកំហែង​និង​ឈ្លានពាន​ហើយ​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​គូប្រជែង​គឺ​ស្មើនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ចេតនា​ដើម្បី​បំបាត់​ការរិះគន់​។​

​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស​លោកស្រី Michelle Bachelet កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា មាន​ហានិភ័យ​ពិតប្រាកដ​នៃ​អំពើហិង្សា​សម្រាប់​ប្រជាជន​ហ្វីលីពីន​រូប​ណា​ដែល​និយាយ​ប្រឆាំង​។ លោកស្រី​បាន​កត់សម្គាល់ថា ការគំរាមកំហែង​ត្រូវបានធ្វើ​ឡើងជា​សាធារណៈ​ដោយ​មន្ត្រី​រដ្ឋ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114