ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ ឆ្លងកាត់​ទន្លេសាប​នៅមុខ​ឃ្លាំង​សាំង​រយៈពេល​១៥​ថ្ងៃ​

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផ្អាក​ជា​បណ្ដោះអាសន្ន នូវ​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ ឆ្លងកាត់​ទន្លេសាប ស្ថិតនៅ​ខណ្ឌ​ឫស្សី​កែវ និង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រយៈពេល ១៥​ថ្ងៃ ដោយ​គិតពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ​តទៅ ដើម្បី​ថែទាំ និង​ត្រួត​លក្ខណៈ​បច្ចេកទេស​ស្ពាន ហើយ​ផុត​រយៈ​ពេលនេះ​ នឹង​ដាក់ឲ្យ​ដំណើរការ​ជា​ធម្មតា​ឡើងវិញ។​

នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​សារព័ត៌មាន​យើង​ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ នេះ​។​ក្នុង​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ញ បាន​បញ្ជាក់​ថា ស្ពានដែក​បេ​ឡេ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ខណ្ឌ​ឫស្សី​កែវ នៅ​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វារ​ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​អស់​រយៈពេល ប្រមាណ​០១​ឆ្នាំ​មកហើយ​។ ដើម្បី​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ ឲ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ថែទាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស របស់​ស្ពានដែក​បេ​ឡេ​នេះ​រួមមាន គ្រឿង​បង្គំ​ស្ពាន ផ្នែក​ខាងលើ និង​ផ្នែក​សសរ​ទម្រ​ស្ពាន​។​ ក្នុងអំឡុង​ពេលនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ​នេះ រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥​តទៅ​។ ផុត​រយៈពេល​កំណត់​ខាងលើ ស្ពានដែក​បេ​ឡេ នឹង​ដាក់​ដំណើរការ​ជាធម្មតា​ឡើងវិញ​។​

អាស្រ័យហេតុនេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់​អធ្យាស្រ័យ និង​ពង្វាង​ការធ្វើ​ចរាចរណ៍ ដោយ​ធ្វើដំណើរ​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្ពាន​ជ្រោយចង្វារ​ទី​១, ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ស្ពាន​ជ្រោយចង្វារ​ទី​២) និង​ស្ពាន​ព្រែក​ព្នៅ ក្នុង​រយៈពេល ​នៃ​ការផ្អាក​ជា​បណ្ដោះអាសន្ន នូវ​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114