ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​សេដ្ឋកិច្ច ផ្សព្វផ្សាយ​ច្បាប់​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់​ពន្ធ​ធំ​

​ភ្នំពេញ ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី “​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម​” និង “​បច្ចុប្បន្នភាព នៃ​ច្បាប់​សារពើពន្ធ​” សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ ដែល​សិក្ខាសាលា​នេះ ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សហគ្រាស​អ្នក​ជាប់​ពន្ធ​ធំ​ប្រមាណ​ជាង​៣០០​នាក់​។​

​ថ្លែង​នៅក្នុង​សិក្ខាសាលា​នោះ លោក ងី តា​យី បាន​លើកឡើងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ជា​សេនាធិការ​បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា ដល់​សហគ្រាស ដើម្បី​ស្វែងយល់​អំពី​សារប្រយោជន៍ និង​កាតព្វកិច្ច​នានា ដែល​សហគ្រាស​ត្រូវអនុវត្ត ក្នុងនោះ​រួមមាន កាតព្វកិច្ច​កាន់​បញ្ជី​គណនេយ្យ​, កាតព្វកិច្ច​រៀបចំ​របា​យ​ការណ៍​ហិរញ្ញវត្ថុ និង​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យរង​សវនកម្ម​ជាដើម​។ សហគ្រាស ដែល​បាន​អនុវត្ត​កាតព្វកិច្ច​ទាំងនេះ​បាន​ត្រឹមត្រូវ នឹង​ទទួលបាន​សារៈប្រយោជន៍​យ៉ាងច្រើន​ដូចជា តម្លាភាព​នៃ​ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​, ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ឥណទាន​ពី​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​, ការស្វែងរក​ដៃគូ​វិនិយោគ​ពី​បរទេស និង​ការជៀស​ផុតពី​ការពិន័យ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ជាដើម​។​

​តាម​លោក ងី តា​យី ច្បាប់​ស្តីពី “​គណនេយ្យ និង​សវនកម្ម​” មាន​ចំណុច​ជា​ឧ​ត្ត​ម​ប្រយោជន៍ និង​គុណសម្បត្តិ​ជាច្រើន​ដូចជា ទី​១- បង្កើន​តម្លាភាព និង​សុក្រឹតភាព​នៃ​ឯកសារ​គណនេយ្យ និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស ដែល​អាច​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​សហគ្រាស ក៏ដូចជា ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស ទី​២- ជំរុញ​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​នៃ​សហគ្រាស ទី​៣- បង្កើន​គុណភាព និង​សមត្ថភាព​ធនធានមនុស្ស ជា​គណនេយ្យករ និង​សវន​ករ និង​លើកកម្ពស់​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម ទី​៤- ជំរុញ​បន្ថែម និង​ទ្រទ្រង់​និរន្តរភាព​នៃ​ទីផ្សារ​មូលធន ព្រមទាំង​បង្ក លក្ខណៈ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានលទ្ធភាព​ចូលរួម​ក្នុង​ទីផ្សារ​មូលធន ៥- ជួយ​ទ្រទ្រង់​នូវ​លទ្ធភាព ក្នុងការ​ទទួលបាន​ឥណទាន ទី​៦-​លើកកម្ពស់ ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ ទី​៧- បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ទី​៨- ជា​មូលដ្ឋាន​ព័ត៌មាន​ហិរញ្ញវត្ថុ​តែមួយគត់​ក្នុង​ការបង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ ដើម្បី​ប្រកាស​ពន្ធ​។​

​លោក ងី តា​យី បានស្នើ​ដល់​អង្គសិក្ខាសាលា​ទាំងមូល ឱ្យមាន​ការយកចិត្តទុកដាក់​ស្តាប់​ការធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​ទៅតាម​ប្រធានបទ​នីមួយៗ និង​សូម​លើក​ជា​សំណួរ ឬ​មតិយោបល់​ពាក់ព័ន្ធ​ផ្សេងៗ​ជូន​វាគ្មិន ដើម្បី​ធ្វើការ​បកស្រាយ​ឱ្យបាន​ច្បាស់លាស់​ជៀសវាង​ការអនុវត្ត​ខុស ដែលនាំ​ឲ្យ​មានការ​ពិន័យ និង​ការដាក់ទណ្ឌកម្ម​ផ្សេងៗ​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114