ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ដាក់ពាក្យ​បណ្តឹង​ទៅ UN ពាក់ព័ន្ធ​យន្តហោះ​ចារកម្ម​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​

ទីភ្នាក់ងារ​ព័ត៌មាន Tasnim បាន​រាយការណ៍​ថា ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បានដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​មួយ​គ្រឿង​ដែល​ខ្លួន​អះអាងថា​បាន​រំលោភ​លើ​ដែនអាកាស​របស់ខ្លួន​។​

​ទីភ្នាក់ងារ​ព័ត៌មាន Tasnim បាន​ដកស្រង់​សំដី​របស់​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Gholamhossein Dehghani ដែល​បាន​និយាយថា អ៊ីរ៉ង់​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​អគ្គលេខាធិការ​របស់​អង្គការ​នេះ​បន្ទាប់ពី​យន្តហោះ​ចារកម្ម​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​បាន​រំលោភ​លើ​ដែនអាកាស​របស់​អ៊ីរ៉ង់​ហើយ​ត្រូវបាន​បាញ់​ទម្លាក់​។​

​លោក​បាន​បន្ថែមថា “​ពាក្យបណ្តឹង​នេះ​បាន​បញ្ជាក់ថា ប្រទេស​អ៊ីរ៉ង់​បាន​រក្សា​សិទ្ធិ​ក្នុងការ​ការពារ​ដែនអាកាស​របស់ខ្លួន​និង​ប្រឈមមុខ​ជាមួយ​ការរំលោភ​ណាមួយ​”​។​

​អ៊ីរ៉ង់​បាន​និយាយថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​កាលពី​ដើមខែ​នេះ​បន្ទាប់ពី​វា​បាន​រំលោភ​លើ​ដែនអាកាស​អ៊ីរ៉ង់​នៅក្បែរ​ច្រក​សមុទ្រ Hormuz​។ វា​ជាហេតុ​ការណ៍​ចុងក្រោយ​បំផុត​ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ជម្លោះ​ក្នុង​តំបន់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​មន្ទីរ​បញ្ច​កោណ​បាន​បដិសេធថា​យន្តហោះ​គ្មាន​មនុស្ស​បើក​ចូល​ទឹកដី​អ៊ីរ៉ង់​។​

​ទន្ទឹម​នោះ ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ IRNA បាន​រាយការណ៍​ថា ប្រទេស​អ៊ីរ៉ង់​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ផងដែរ​អំពី​ឧប្បត្តិ​ហេតុនេះ​។​

​យ៉ាងណាក្តី គេ​មិនទាន់​អាច​កំណត់​បានទេ​ថា​តើ​លោក Dehghani សំដៅ​ទៅលើ​ពាក្យបណ្តឹង​តែមួយ​ឬក៏​ពាក្យបណ្តឹង​ដោយឡែក​។​

​គួរ​រម្លឹក​ជាថ្មី​ថា ទីក្រុង​តេ​អេ​រ៉ង់​និង​វ៉ាស៊ីនតោន​បាន​ជាប់​នៅក្នុង​ការប្រឈមមុខ​ដា​ក់​គ្នា​កាន់តែខ្លាំង​ឡើង​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដកខ្លួន​ជា​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុភាគី​ជាមួយ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​និង​បានដាក់​ទណ្ឌកម្ម​ឡើងវិញ​លើ​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​។​

ភាព​តានតឹង​ បាន​កើនឡើង​កាលពី​សប្តាហ៍​មុន​ នៅពេល​ប្រទេស​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​លើ​ឈូង​សមុទ្រ​ពែ​ក្ស​បន្ទាប់ពី​មានការ​វាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង​ជាច្រើន​គ្រឿង ដែល​ទីក្រុង​វ៉ាស៊ីនតោន​ស្តីបន្ទោស​ទៅលើ​ទីក្រុង​តេ​អេ​រ៉ង់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114