ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា សង្ឃឹមលើ​ការដឹកនាំ​របស់​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​ លោក គួច ចំរើន នឹង​ធ្វើ​ឲ្យ​កំពង់សោម​មាន​ភ្ញៀវ​ទេសចរ​កើន​ឡើង​វិញ

ភ្នំពេញ​ ៖ នា​ឱកាស​ដែល​ លោក គួច ចំរើន អតីត​អភិបាលខេត្ត​កំពង់ចាម ​ត្រូវបាន​ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៩​ គេ​កត់​សម្គាល់​ឃើញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន ​រួមទាំង​អ្នក​កំពុង​រស់នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ បាន​សម្តែង​ការ​អបអរសាទរ​ និង​ជូនពរ​គ្រប់ៗ​គ្នា​។ ​មិនតែប៉ុណ្ណោះ ​ក៏មាន​សិល្បករ​-​សិល្បការិនី​​​​​មួយចំនួន ​​​បង្ហាញ​ការគាំទ្រ​ និង​អបអរ​ផងដែរ​ ខណៈ ​លោក គួច ចំរើន ទៅកាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ​។​

​ជាក់ស្ដែង ​តារា​សម្តែង​ លោក អ៊ឹម ជីវ៉ា ភ្លាមៗ​នេះ​ ក៏បាន​បញ្ចេញ​សារ​ចូលរួម​អបអរសាទរ​ និង​បង្ហាញ​ពី​ក្តីសង្ឃឹម​ខ្ពស់​ថា​ លោក គួច ចំរើន ដែលជា​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​ នឹង​កាន់តែ​ធ្វើ​ឲ្យ​ទីក្រុង​កំពង់សោម​មានការ​អភិវឌ្ឍ​​រីកចម្រើន​ខ្លាំង ​ពិសេស​ទៀត​នោះ គឺអាច​ធ្វើ​ឲ្យ​កំពង់សោម​មាន​កំណើន​ភ្ញៀវ​ទេសចរ​កើនឡើង​វិញ ​បន្ទាប់ពី​កន្លងមក ​នៅ​ចំណុច​ឆ្នេរ​អូ​ឈើទាល ​ដែលជា​កន្លែង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ និង​មាន​ប្រជាប្រិយ​ហាក់​មាន​សភាព​ស្ងាត់ជ្រងំ​ដូច​ចោរលួច​សេះ​។​

​លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់ថា ​ខ្ញុំ​សំណូមពរ ​ឯកឧត្ដម គួច ចំរើន​ រឿង​មួយ​ ក្នុង​ឱកាស​ដែល​ឡើង​កាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ ​រឿងនេះ ​ទាក់ទង​នឹង​ឆ្នេរ​អូ​ឈើទាល គឺ​ខ្ញុំ​សូម​ឲ្យ​បាន​ឆ្នេរ​អូ​ឈើទាល​ដូច​មុន​មក ពីមុន​ឆ្នេរ​អូ​ឈើទាល់​ គឺជា​កន្លែង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ដែល​មាន​ប្រជាប្រិយ តែ​ឆ្នេរ​អូ​ឈើទាល ​ឥឡូវ​ដូរ​ហើយ ​គឺ​ស្ងាត់​ដូច​នៅ​កោះដាច់​ស្រយាល ​ដូច​កន្លែង​កាន់ទុក្ខ​ស៊ូ​ណាមិ​អញ្ចឹង​។​

​តារា​ប្រុស​ លោក អ៊ឹម ជីវ៉ា បន្តថា ពេល​ទៅ​ម្តងៗ​ ស្ទើរ​ស្រក់​ទឹកភ្នែក​ដោយ​ឆ្នេរ​អូ​ឈើទាល​ស្ងាត់​ឲ្យ​​ជ្រងំ នៅ​ស្រុក​គេ គេ​គ្រប់គ្រង​ខេត្ត គេ​មានតែ​កើន​ភ្ញៀវ​ទេសចរ​កើនឡើង​ តែ​អភិបាលខេត្ត​ចាស់​គ្រប់គ្រង​មានតែ​បាត់បង់​ភ្ញៀវ​។ ខ្ញុំ​មិន​តវ៉ា​ចំពោះ​ការអភិវឌ្ឍ​ទេ អភិវឌ្ឍ​​ ក៏​អភិវឌ្ឍ​​ទៅ ​ទោះបី​ខូច​ផ្លូវ​ជា​រឿង​ធម្មតា តែ​សូម​ទុក​ឆ្នេរ​អូ​ឈើទាល​ឲ្យ​ប្រជាជន​ដែល​មាន​ជីវភាព​ល្មម មធ្យម​បាន​មក​កម្សាន្ត​ផង ព្រោះ​គ្មាន​លុយ​ទៅលេង​ឆ្នេរ​សុខា​ទេ ឬ​ឆ្នេរ​អ្នកមាន​ដទៃ​ទេ!!។

​លោក​និយាយទៀតថា ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​អន្តរជាតិ​ ត្រូវបាន​ឃ្លាត​ពី​ទីក្រុង​ព្រះសីហនុ​យ៉ាង​ឆាប់​រយៈពេល​២​ទៅ​៣​ឆ្នាំនេះ ដោយសារតែ​ឆ្នេរ​អូ​ឈើទាល​មួយ ហើយ​ឥឡូវនេះ​មានតែ​ឆ្នេរ​តូច​មួយ​ទេ​សម្រាប់​ខ្មែរ​ទៅលេង​ គឺ​ឆ្នេរ​អូ​ត្រេះ តែ​ឆ្នេរ​នេះ ​ក៏​ចាប់ផ្ដើម​ស្ងាត់​ភ្ញៀវ​ដែរ។ ខ្ញុំ​សូម​សូម​សំណូមពរ​នេះ ​មិនមែន​ខ្ញុំ​មានផ្ទះ​នៅ​ខេត្ត​ព្រះសីហនុ​ទេ ហើយក៏​ខ្ញុំ​មិន​អាច​សុំ​ឆ្នេរ​អូ​ឈើទាល​មក​អង្គុយលេង​ម្នាក់ឯង ​ឬ​ជាមួយ​ក្រុមគ្រួសារ​ខ្ញុំ​ទេ គឺ​ដើម្បី​ប្រជាជន​ខ្មែរ​ទាំងអស់គ្នា​បាន​ទៅ​កម្សាន្ត​សប្បាយ​នៅ​ឆ្នេរ​អូ​ឈើទាល នា​ចុង​សប្ដាហ៍​ ឬ​ថ្ងៃ​ឈប់សម្រាក​បុណ្យទាន​ផ្សេងៗ។​

​តារា​សម្តែង​ លោក អ៊ឹម ជីវ៉ា បាន​និយាយថា​ សូម​ឯកឧត្ដម​ជួយ​មើល​ឆ្នេរ​អូ​ឈើទាល​នេះ​ផង ​ខ្ញុំ​ក៏​សូម​សំណូមពរ​បងប្អូន​ខ្មែរ​យើង​ដែរ​ សូម​ទៅលេង​ខេត្ត​ព្រះសីហនុ​ឲ្យ​បាន​ច្រើន​កុះករ​ដូច​មុន កុំ​ទុក​ខេត្ត​ព្រះសីហនុ​ចោល បើ​បងប្អូន​ទុក​ខេត្ត​នេះ​ចោល​មិន​ខុស​ពី​បងប្អូន​ស្អប់ខ្ពើម​ខ្លួនឯង​ទេ ដូច​ពាក្យ​ខ្មែរ​និយាយថា បើ​ទុក​ផ្ទះ​ចោល​ នឹង​មាន​វិញ្ញាណ​អាក្រក់​មក​រស់នៅ​កាន់តែច្រើន​ តែបើ​យើង​មក​រស់​នៅ​ផ្ទះ​យើង​ជួយ​បោសសំអាតឲ្យ​ស្អាត​ម្នា​ក់មួយ​ដៃ​មួយ​ជើង វិញ្ញាណ​អាក្រក់​ទាំងនោះ ​នឹង​ចេញពីផ្ទះ​យើង។

​ខ្ញុំបាទ អ៊ឹម ជីវ៉ា​ សូម​អបអរសាទរ​ចំពោះ ​ឯកឧត្ដម គួច ចំរើន ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។ ខ្ញុំបាទ ​សូម​បួងសួង​ទៅដល់​ទេវតា​ឆ្មាំ​ថ្មី​ប្រសិទ្ធិ​ពរជ័យ​សូមឲ្យ ​ឯកឧត្ដម​មាន​សុខ​ភាព​ល្អ​រឹងមាំ ​ជោគជ័យ​ សម្រេច​គ្រប់​ភារកិច្ច​ការងារ​សូម​ឲ្យ​បារមី​លោកយាយ​ម៉ៅ​ តាម​ឃុំគ្រង​បីបាច់​ថែរក្សា​ឯកឧត្ដម ​និង​ក្រុម​គ្រួសារ​ មាន​សុខ​សុភមង្គល​ជា​រៀង​រហូត​។​ នេះ​ជា​សម្ដី​បន្ថែម​របស់ លោក អ៊ឹម ជីវ៉ា៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114