ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កូនប្រុស​របស់​លោក Maduro

កាលពី​ថ្ងៃ​សុក្រ សហរដ្ឋអាមេរិក​ បាន​ដាក់ទណ្ឌកម្ម​លើ​កូនប្រុស​របស់​លោក​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា Nicolas Maduro សម្រាប់​ការបម្រើ​នៅក្នុង “​របប​ខុសច្បាប់​” របស់​ឪពុក​ខ្លួន​។​

​ការដាក់ទណ្ឌកម្ម​នេះ​បាន​បង្កក​ទ្រព្យសម្បត្តិ​ដែល​លោក Nicolas Ernesto Maduro Guerra មាននៅ​សហរដ្ឋអាមេរិក​ហើយ​រារាំង​បុគ្គល​ឬ​ស្ថាប័ន​អាមេរិក​ពី​ការធ្វើ​ជំនួញ​ជាមួយ​បុរស​អាយុ​២៩​ឆ្នាំ​រូបនេះ​។​

​លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​សហរដ្ឋអាមេរិក​បាន​ថ្លែង​នៅក្នុង​ការប្រកាស​អំពី​ការដាក់ទណ្ឌកម្ម​នេះ​ថា “​លោក Maduro បាន​ពឹង​ផ្អែកលើ​កូនប្រុស Nicolasito របស់គាត់​និង​អ្នកដទៃ​ទៀត​ដែល​ជិត​ស្និ​ទ្ធិ​នឹង​របប​ផ្តាច់ការ​របស់គាត់​ដើម្បី​រក្សា​កម្លាំង​លើ​វិស័យសេដ្ឋកិច្ច​និង​ការគាបសង្កត់​លើ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​”​។​

​លោក​និយាយទៀតថា “​ក្រសួង​រតនាគារ​នឹង​បន្ត​ផ្តោតទៅលើ​សាច់ញាតិ​របស់​អ្នក​នៅ​ខាងក្នុង​របប​ខុសច្បាប់​ដែល​ទទួលបាន​ប្រយោជន៍​ពី​អំពើពុករលួយ​របស់លោក Maduro”​។​

​សកម្មភាព​ចុងក្រោយ​បំផុត​របស់​សហរដ្ឋអាមេរិក​នេះ​បាន​កើតឡើង​ស្របពេល​លោក Maduro ចាត់វិធានការ​ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន​បន្ទាប់​ពីអ្វី​ដែល​ត្រូវបាន​រដ្ឋាភិបាល​ក្រុង Caracas ហៅថា ជាការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បរាជ័យ​ដោយ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido​។​

នៅក្នុង​ការកំណត់​គោលដៅ​លើ​កូនប្រុស​របស់លោក Maduro, ក្រសួង​រតនាគារ​បាន​កត់សម្គាល់ថា គាត់​គឺជា​សមាជិក​ម្នាក់​នៃ​សភាធម្មនុញ្ញ​គាំទ្រ​រដ្ឋាភិបាល​ដែល​លោក Maduro ប្រើ​ដើម្បី​រារាំង​រដ្ឋសភា។

សេចក្តីថ្លែងការណ៍​រប​ស់​អាមេរិក​បាន​រិះគន់​សភាធម្មនុញ្ញ​ថា ត្រូវបាន​បង្កើតឡើង​តាមរយៈ​ដំណើរការ​មិនមែន​ប្រជាធិបតេយ្យ​ដែល​ត្រូវបាន​ជំរុញ​ដោយ​រដ្ឋាភិបាល​របស់លោក Maduro ដើម្បី​បង្ក្រាប​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​សេចក្តីថ្លែងការណ៍​នេះ​ក៏បាន​និយាយ​ផងដែរ​ថា លោក Maduro Guerra បានទទួល​ផលប្រយោជន៍​ពី កំណប់​រ៉ែ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រួមជាមួយ​លោក Maduro និង​ភរិយា​របស់គាត់​ឈ្មោះ Cilia Flores ហើយ​បាន​ចូលរួម​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឃោសនា​និង​ការគ្រប់គ្រង​ក្នុងនាម​រដ្ឋាភិបាល​រប​ស់​ឪពុក​គាត់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114