ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​ភ្នំពេញ​ក្រោ​ន បង្ហាញ​ពី​ទស្សនៈ​ដែល​ក្លិប​សម្រេច​បន្ត​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រហូតដល់​ឆ្នាំ​២០២០

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បានប្រកាស​បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២០ ខាងមុខ​ជាមួយ​កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Paulo Victor ខណៈ​លោក កែវ សុខ​ង៉​ន បានបង្ហាញ​ទស្សនៈវិជ្ជា​មាន​ដែល​ក្លិប​សម្រេច​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​រូបនេះ​។

អ្នកចាត់ការ​ដដែល​ប​ន្ថែ​ម​ថា កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល ខាងលើ​មាន​ភាព​យល់ចិត្ត​គ្នា​ល្អជា​មួយ​កូនក្រុម​ជាពិសេស​យុវជន​របស់​ក្លិប​តែម្ដង ហើយ​គេ​ក៏​ជា​កីឡាករ​ប្រកបដោយ​គុណភាព និង​មាន​បទពិសោធ​ជួយ​ក្រុម​បាន​ច្រើន​នាពេល​កន្លងមក​។ លោក កែវ សុខ​ង៉​ន ពន្យល់ «​ដោយសារ​យើងទាំងអស់គ្នា​ឃើញ​ហើយ​គុណភាព​របស់គាត់ និង​ការលេង​ស៊ីចង្វាក់​ជាមួយគ្នា​ជាមួយ​យុវជន​របស់​យើង​និង​កីឡាករ​មាន​បរទេស​ពិសោធ​មួយចំនួនទៀត ធ្វើ​ឲ្យ​យើង​សម្រេចចិត្ត​បន្ត​កុងត្រា​ជាមួយ​គាត់​ដល់​ឆ្នាំ​២០២០​តែម្ដង​»​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​បន្ថែមថា ភ្នំពេញ​ក្រោ​ន​កំពុង​ដុតដៃដុតជើង​ស្វែងរក​កីឡាករ​បរទេស​ថែមទៀត​សម្រាប់​ជុំ​ទី​២​នៃ​ក្របខណ្ឌ Metfone Cambodian League ជាពិសេស​ពី​លី​គ​ក្បែរ​ខាង​កម្ពុជា ដែលមាន​ថៃ​, វៀតណាម និង​ម៉ាឡេស៊ី​ជាដើម​។ គួរ​ដឹង​ដែរ​ថា ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា ៦​សម័យ​ភ្នំពេញ​ក្រោ​ន ទើបតែ​បញ្ចប់​កិច្ចសន្យា​កីឡាករ​ជប៉ុន Shuhei Mitsuhashi ផងដែរ​។

​ចំពោះ​កីឡាករ Paulo Victor វិញ​កើត​នៅ​ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​១៩៩៤ នៅ​ទីក្រុង São Luís នៃ​ប្រទេស​ប្រេ​ស៊ី​ល​។ រូបគេ​លេង​ក្នុងតួនាទី​ជា​ខ្សែបម្រើ​ប្រយុទ្ធ ហើយ​រូបគេ​បានចាប់ផ្តើម​អាជីព​បាល់ទាត់​ឲ្យ​ក្លិប Atlético Sorocaba ក្នុង​ឆ្នាំ​២០១៣ នៅ​ឆ្នាំ​២០១៤ បាន​បន្ត​ទៅលេង​នៅ​ក្លឹប América-RN ហើយ​បន្ត​ទៅលេង​នៅ​ក្លឹប Goyang Zaicro របស់​ប្រទេស​កូរ៉េខាងត្បូង នៅ​ឆ្នាំ​២០១៦ និង​ថ្មីៗ​នេះ​រូបគេ​ក៏​ត្រលប់​ទៅលេង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ​គឺ​ក្លិប Nacional Atl. Muriaé មុន​មកកាន់​កម្ពុជា​។

យោងតាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់ ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ត្រូវ​តែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ ដូច្នេះ​នៅក្នុង​យុទ្ធនា​ការដោះដូរ​កីឡាករ​ជើង​ទី​២​ខាងមុខ​ក្រុមភ្នំពេញ​ក្រោន​អាច​បន្ថែម​សមាជិក​ថែម​ទៀត​ពីលើ​បញ្ជី​ឈ្មោះ​ដែលទំនេរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114