ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំនាញ​ផ្នែក​ឯកទេស​ជំងឺ​កុមារ​ចែករំលែក​បទពិសោធន៍​ពី​វិធី​ព្យាបាល​ជំងឺរាគ​ដល់​កុមារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

ភ្នំពេញ ​៖​ បច្ចុប្បន្ន​ជំងឺរាគ​នៅតែ​ជា​ជំងឺ​មួយ​ឈរ​លំដាប់​លេខ​ពីរ​ បន្ទាប់ពី​ជំងឺ​ផ្លូវដង្ហើម​ដែល​កំពុងតែ​យាយី​ដល់​កុមារ​កម្ពុជា​គួរ​ឲ្យ​ព្រួយបារម្ភ​ ហើយ​ជំងឺ​នេះ​ប្រសិនបើ​មិន​ធ្វើការ​ព្យាបាល​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ទេនោះ ​នឹងធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​គ្រប់ពេលវេលា។

លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ថ្លែង​នៅក្នុង​សន្និសីទ​លើក​ទី​១ ស្ដីពី​ជំងឺ​ក្រពះ ពោះវៀន ការព្យាបាល​ជំងឺរាគ​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​ថា កុមារ​រាគ មាន​លាម​ក​រាវ ជុះ​ច្រើនដង រាក​ក្ដៅខ្លួន​ឬ​អត់​ក្ដៅខ្លួន រាគ​ច្រើន​ទៅ​ធ្វើឱ្យ​ស្រេកទឹក ស្លក់​ភ្នែក ស្បែក​ជ្រួញ ដង្ហើម​ផត ពិសេស ក្មេង​តូចៗ​ដែល​សភាព​បែបនេះ ក្មេង​នោះ​កំពុងតែ​កង្វះ​ជាតិ​ទឹក​ច្រើន​ហើយ ដូចនេះ ត្រូវ​ប្រញាប់​បញ្ជូន​គាត់​មក​មន្ទីរពេទ្យ មក​ទទួល​ការព្យាបាល​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ វា​អាច​គ្រោះថ្នាក់​ដល់​ស្លាប់​បាន បើសិនជា​អត់​ព្យាបាល ជាពិសេស ក្មេង​ក្រោម​អាយុ​២​ឆ្នាំ​។​

​លើសពីនេះ​ទៀត​ជំងឺរាគ​ធ្ងន់ធ្ងរ​ញឹកញាប់​ពេក​ក៏​បណ្ដាលឱ្យ​កុមារ​កង្វះ​ចំណីអាហារ បាត់បង់​សារធាតុចិញ្ចឹម​ផ្សេងៗ និង​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ច្រើន ហើយ​ពេលណា​ដែល ក្រពះ ពោះវៀន មិន​ស្រូប​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ក្មេង​ប្រែប្រួល​ទៅ​ស្គម គ្មាន​កម្លាំង​ទ្រទ្រង់​ខ្លួន ប្រព័ន្ធ​ការពារ​ក៏​ចុះខ្សោយ ហើយ​ការចុះ​ខ្សោយ​ក្មេង​ងាយ​រង​នឹង​ជំងឺ​ផ្សេង និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​។​

​លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បាន​បន្ដថា ជំងឺរាគ​នេះ​នឹង​ធ្វើឱ្យ​ការចងចាំ សតិបញ្ញា និង​បញ្ហា​ផ្សេងៗ នឹង​កើតឡើង​ទៅតាម​កម្រិត​ដែល​ក្មេង​ខ្វះខាត​ចំណីអាហារ កង្វះ​អាហារូបត្ថម្ភ ដូច្នេះ​យើង​ត្រូវ​ព្យាបាល​ការ​កង្វះ​អាហារូបត្ថម្ភ​ជូន​គាត់។​

​លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា «​កាលណា​រាគ​ក្អួត​យូរ កុមារ​នោះ នឹង​អត់​ញ៉ាំ​អី​បានជា​ពិសេស ក្មេង​ក្រោម​អាយុ​២​ឆ្នាំ​ការ លូតលាស់​មិនបាន​ល្អប្រសើរ ព្រោះ​កាលណា​ក្មេង រាគ​ញឹកញាប់​ធ្ងន់ធ្ងរ​ពេក គឺ​គីឡូ និង​កម្ពស់ មិន​ស៊ីគ្នា ទៅតាម​អាយុ ប្រាជ្ញា​ស្មារតី ក៏​ចុះខ្សោយ​។ ក្នុងនោះ​មន្ទីរពេទ្យ​កុមារ​ជាតិ​យើង ក៏មាន​សេវា​ពិនិត្យ​ពិគ្រោះ​ផ្នែក​អាហារូបត្ថម្ភ ដល់​ក្មេង​ស្គម មិន​គ្រប់​គីឡូ មិនសូវ​ញុំា ឬ​ធាត់​ពេក ដែលជា​ជំងឺ​ទាក់ទង​នឹង​ចំណីអាហារ ធ្វើឱ្យ​កូន​នោះ មាន​សុខភាព​សមស្រប​ធម្មតា ធំធាត់​បានល្អ ប្រាជ្ញា​ឈ្លាសវៃ និង​រាងកាយ​លូតលាស់​បានល្អ »​។​

​លោក​វេជ្ជបណ្ឌិត​បាន បន្ថែមទៀតថា ​ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ​ហើយ​ទើប​មន្ទីរពេទ្យ​បាន​អញ្ជើញ ក្រុមគ្រូពេទ្យ​ទាំងអស់​នៅតាម​មន្ទីរពេទ្យ​ផ្សេងៗ និង​និស្សិត ឱ្យមក​ចូលរួម ដើម្បី​យើង​បាន​ចែករំលែក​នូវ​បទពិសោធន៍ ក្នុងការ​ពិនិត្យ​ព្យាបាល​ជំងឺ​កុមារ ឱ្យបាន​កាន់តែ​សមស្រប​ទៅ​ប្រភេទ​ជំងឺ ទៅតាម​ជំនាញ​បច្ចេកទេស​។​

​ជា​ចុងក្រោយ​លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បាន​អំពាវនាវ​ដល់​អាណាព្យាបាល​កុមារ​ទាំងអស់ ត្រូវ​រក្សា​អនាម័យ​ជាប់​ជានិច្ច មាន​ទាំង​ចំណីអាហារ ឱ្យ​កូន​ញុំា ត្រូវ​សម្អាត​ឱ្យ​ស្អាត​ល្អ លើសពីនោះ ដៃជើង​ឪពុកម្ដាយ​ត្រូវ​លាង​សម្អាត មុន​កាន់​របស់របរ របស់​ក្មេង​លេង និង​របស់​ញុំា​ក្មេងៗ​។​ ជា​ពិសេស ត្រូវ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត ជានិច្ច​៕​

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114