ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ ទ័ព សូល​ទី​ឡូ​អង្គរ និង​អង្គ​រថា​យ​ហ្គឺ​រ សុទ្ធតែ​ឈ្នះ​ដូចគ្នា

ក្រុមបាល់ទាត់​ក្រសួងការពារជាតិ (​ទ័ព​) សូល​ទី​ឡូ​អង្គរ និង​អង្គ​រថា​យ​ហ្គឺ​រ សុទ្ធតែ​ឈ្នះ​ដូចគ្នា​ក្នុង​សប្ដាហ៍​ទី​១៣ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​។

ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប ដោយ​លទ្ធផល​៤​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ទ័ព រកបាន​ដោយ​កីឡាករ ខែ​ក ខេមរិន្ទ​, រ៉ឹ​ម ប៊ុន​ហៀ​ង​,​យឹម វណ្ណា និង​កីឡាករ Ugochukwu Obi Moneke ខណៈ​១​គ្រាប់​វាយបក​ដោយ​អាស៊ី​អឺរ៉ុប រកបាន​ដោយ​កីឡាករ ពិន សា​រ៉ែ​ន​។

ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ វិញ​បាន​យកឈ្នះ​លើ​ក្រុម​អគ្គីសនី​កម្ពុជា ដោយ​លទ្ធផល​៣​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ កីឡាករ Timothy, តាំង សុ​ភ៏​ក្រ និង​ហម បញ្ញា បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​១​គ្រាប់​របស់​ក្រុម​អគ្គីសនី​កម្ពុជា រកបាន​ដោយ​កីឡាករ មួន ណា​រ៉ា​។

​ចំពោះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី បាន​ប្រកួត​ចាញ់​ក្រុម​សូល​ទី​ឡូ​អង្គរ ដោយ​លទ្ធផល​២​ទល់​១ លើ​ទីលាន​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​។ កីឡាករ​ជប៉ុន Motoyama Kota និង​កីឡាករ Fumiya Kogure រកបាន​គ្រាប់​ម្នាក់​១​គ្រាប់​ឱ្យ​សូល​ទី​ឡូ​អង្គរ ហើយ​កីឡាករ សៀង ច​ន្ធា រកបាន​គ្រាប់​វាយបក​ឲ្យ​ក្រុមយុវជន​បាទី​។

ចំណែក​៤​គូ​ទៀត​ប្រចាំ​សប្ដាហ៍​ទី​១៣​នេះ​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ទី​៣០​ខែមិថុនា ឆ្នាំ​២០១៩ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ​ណាហ្គា​វើ​ល នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ក្រុម​បឹងកេត ជួប​គី​រី​វង​សុខ​សែន​ជ័យ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​គីរីវង់​សុខ​សែន​ជ័យ ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​វិសាខា​អែ​ហ្វ​ស៊ី ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​វិសាខា​។

សូមបញ្ជាក់​ថា ​តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​ចាប់ផ្ដើម​ដំណើរការ​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114