ព័ត៍មានទាន់​ហេតុការណ៏
Search

អាកាសចរណ៍ Singapor Airlines និង Malaysia Airlines គ្រោង​ចាប់ដៃគ្នា​ទ្រង់ទ្រាយ​ធំ

ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines និង Malaysia Airlines បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បឋម​មួយ​ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដែល​អាច​រួមបញ្ចូល​កិច្ចព្រមព្រៀង​លក់​កៅអី (Codeshares) ក៏ដូចជា​ទំនិញ និង​ការថែទាំ​យន្តហោះ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​ទាំងពីរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំងពីរ​ដែល​ធ្លាប់បាន​ផ្ដាច់​ចេញពី​ក្រុមហ៊ុន Malaysia-Singapore Airlines ក្នុង​ឆ្នាំ​១៩៧២​នោះ បានធ្វើ​ឡើង​ចំពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ក្រុមហ៊ុន Malaysia Airlines​។​

​នាយករដ្ឋមន្ត្រី​ម៉ា​ឡេ លោក Mahathir Mohamad បាន​និយាយ​កាលពី​ខែ​មិនា​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​កំពុងធ្វើការ​ពិចារណា​ថា​តើ​គួរ​បិទ លក់ ឬ​រៀបចំ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ដែល​កំពុង​ខាតបង់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​នេះ​ឬក៏​យ៉ាងណា​។

​ជាមួយគ្នានេះ លោក​Shukor Yusof ប្រធាន​ទីប្រឹក្សា​អាកាសចរណ៍​ក្រុមហ៊ុន Endau Analytics បាន​និយាយថា រវាង​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន Singapore Airlines និង​កិច្ចព្រមព្រៀង​រកស៊ី​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Japan Airlines Co Ltd ថ្មីៗ​នេះ​បានបង្ហាញ​ឱកាស​តិចតួច​ណាស់ ដែល​រដ្ឋាភិបាល​នឹង​លក់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ខាងលើ​។​

“​ក្រុមហ៊ុន Malaysia Airlines ត្រូវការ​ការសហការ​ឱ្យបាន​កាន់តែច្រើន​កាន់តែ​ល្អ​ដើម្បី​ទ្រទ្រង់​ដំណើរការ​ទៅមុខទៀត​បាន​។​” លោក Shukor បាន​បន្ថែម​ដូច្នេះ​។​

​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំងពីរ​បាន​ថ្លែងថា ពួកគេ​មាន​ចេតនា​ឈានទៅដល់​ការធ្វើ​កិច្ចព្រមព្រៀង​ផ្លូវការ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ដោយមាន​ការយល់ព្រម​ពី​និយតករ និង​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​នេះ​អាច​នឹង​រួមបញ្ចូល​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Singapore Airlines ដូចជា SilkAir, Scoot ហើយ​និង​ក្រុមហ៊ុន Firefly arm របស់​Malaysia Airlines ផងដែរ​៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114