ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019៖​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​ណាហ្គា​វើ​ល ហើយ​បឹងកេត​ជួប​គីរីវង់ កំពង់ចាម​ប៉ះ​ភ្នំពេញ​ក្រោ​ន​និង​វិសាខា ជួប​ប៉ូលីស

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​ណាហ្គា​វើ​ល ហើយ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ជួប​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ស្របពេល​ក្រុម​ខេត្តកំពង់ចាម​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន​និង​ក្រុម​វិសាខា ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ប្រចាំ​សប្ដាហ៍​ទី​១៣​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) នៅ​ថ្ងៃអាទិត្យ​ទី​៣០​ខែមិថុនា ឆ្នាំ​២០១៩​។

*​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​ណាហ្គា​វើ​ល
ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ នេះ​ជា​ប្រកួតប្រជែង​ស្វែ​ករក​កៅអី​កំពូល​តារាង​រៀងៗ​ខ្លួន​ខណៈ​ប្រកួត​ចុងក្រោយ​កាលពី​រដូវ​កាល​ចាស់​ក្រុម​ណាហ្គា​វើ​យ យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៤​ទល់​០​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង វិញ​គឺជា​ក្រុម​ដែល​កំពុងតែ​ឈរ​កំពូល​តារាង​និង​ជា​ក្រុម​មិនទាន់​ស្គាល់​បរាជ័យ​នៅឡើយ​នោះទេ​។ លោក​Conor Nestor ដែលជា​គ្រូបង្វឹក​រំពឹងថា​កូនក្រុម​នឹង​បន្តធ្វើ​បានល្អ​ទោះ​នៅក្រៅ​ដី​ក៏ដោយ​ដើម្បី​រក្សា​កំណត់ត្រា​មិនដែល​ចាញ់​។ ក្រុម​ណាហ្គា​វើ​ល វិញ​កំពុងតែ​ត្រូវការ​ពិន្ទុ​ប្រដេញ​នៅ​តំបន់​កំពូល​តារាង​ក្រោយ​ទើប​ខកចិត្ត​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី AFC Cup 2019 ដោយ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​។ លោក មាស ចាន់ណា រំពឹងថា​កូនក្រុម​នឹង​បន្តធ្វើ​បានល្អ​ដូច​កាលពី​ឆ្នាំ​ចាស់​។

*​បឹងកេត ជួប​គីរីវង់​
ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ត្រូវ​ប៉ះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ក្នុង​ក្រុម​ដូន​កែវ ហើយ​ប្រកួត​នេះដែរ​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ប៉ុស្តិ៍ BTV News​។ ជំនួប​ចុងក្រោយ​កាលពី​រដូវ​កាល​ឆ្នាំ​២០១៧ កន្លងទៅ​ក្រុម​បឹងកេត បាន​យកឈ្នះ​លើ​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​០​។

​ក្រុម​គីរីវង់​សុខ​សែន​ជ័យ របស់លោក​គ្រូបង្វឹក​Ekapob Potisai ជនជាតិ​ថៃ មិនទាន់​គេចផុត​ពី​តំបន់​បាត​តារាង​នៅឡើយ ក្រោយ​រកបាន​ជ័យជម្នះ​បាន​៤​លើក​និង​ចាញ់​៨​លើក​មាន​៩​ពិន្ទុ​ក្នុង​ដៃ​។ កីឡាករ ដាវ នឹម ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម​នាពេល​កន្លងមក​ក្រោយ​រកបាន​គ្រាប់​បាល់​៩​គ្រាប់​ម្នាក់ឯង​ច្រើនជាង​មិត្ត​រួម​ក្រុម​ដទៃ​។ ចំណែក​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី របស់លោក ហៅ សុជាតិ ដែលជា​គ្រូបង្វឹក​កំពុងតែ​ស្រេច​ឃ្លាន​ពិន្ទុ​ដូចគ្នា​គឺ​ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង ស្របពេល​ក្រុម​នេះ​ឈ្នះ​បាន​៧​លើក ស្មើគ្នា​២​លើក​និង​ចាញ់​៣​លើក​។

*​កំពង់ចាម ប៉ះ​ភ្នំពេញ​ក្រោ​ន
ក្រុម​ខេត្តកំពង់ចាម ត្រូវ​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខ​.​ភ​.​ម ហើយ​ប្រកួត​នេះដែរ​មាន​ផ្សាយ​ផ្ទាល់​តាម CNCC​។ ក្រុម​ទាំង​២​មិន​ធ្លាប់​ប៉ះគ្នា​ពីមុនមក​នោះទេ​ព្រោះ​ក្រុម​ខេត្តកំពង់ចាម ជា​ក្រុម​ចំណូល​ថ្មី​ក្នុង​លី​គ​កំពូល​កម្ពុជា​។

​ក្រុម​ខេត្តកំពង់ចាម កំពុងតែ​ស្ថិតនៅ​បាត​តារាង ពោល​គឺមាន​ត្រឹម​៣​ពិន្ទុ​ប៉ុណ្ណោះ ព្រមទាំង​ទាត់​ប​ញ្ជូ​ល​ទី​គូប្រកួត​បាន​៣​គ្រាប់​ប៉ុណ្ណោះ​ហើយ​របូត​គ្រាប់​បាល់​វិញ​ដល់​ទៅ​១១៤​គ្រាប់​។ ក្រុម​មួយ​នេះ​បានប្រកាស​ថា ​នឹង​សហការ​ជាមួយ​ក្រុម​Singburi Bangrajun F.C របស់​ថៃ​ដើម្បី​រៀបចំ​ក្រុម​នៅ​ជើង​ទី​២​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។ ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន ទើបតែ​ប្តូរ​គ្រូបង្វឹក​ពោលគឺ​លោក ស៊ុំ វណ្ណា កាន់​កិច្ចការ​ជា​គ្រូធំ ខណៈ​ប្រកួត​ចុងក្រោយ​ថ្មី​នេះ​បាន​យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ចាម ម្តង​ហើយ​ក្នុង​លទ្ធផល​១០​ទល់​០​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​។​ក្រុម​នេះ​កំពុង​តែមាន​វិបត្តិ​កីឡាករ​បរទេស​ព្រោះ​មាន​កីឡាករ​៤​នាក់​ហើយ​ចាក​ចេញពី​ក្រុម​ក្រោយ​មាន​បញ្ហា​របួស។

*​វិសាខា ប៉ះ​ប៉ូលីស
ក្រុមបាល់ទាត់​វិសាខា ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​វិសាខា ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ផងដែរ។ ប្រកួត​ចុងក្រោយ​រវាង​ក្រុម​ទាំង​២​នៅ​ឆ្នាំ​២០១៨ កន្លងទៅ​គឺ​ក្រុម​វិសាខា យកឈ្នះ​លើ​ក្រុម​ប៉ូលីស ៤​ទល់​១​។

​ក្រុម​វិសាខា ដែល​ដឹកនាំ​ដោយ​លោក ហុក សុ​ជី​វ័​ន្ត ប្រមូលផ្តុំ​ដោយ​កីឡាករ​ល្អៗ​ទើប​បញ្ចប់​បេសកកម្ម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​ក្រុម​នេះ​ជា​បេក្ខភាព​មិនអាច​មើលរំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​ផងដែរ ខណៈ​ប្រកួត​ចុងក្រោយ​រវាង​ក្រុម​នេះ​គឺ​យកឈ្នះ​លើ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ៣​ទល់​២​។ ចំណែក​ក្រុម​ប៉ូលីស កំពុងតែ​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា ដែលជា​គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ AFC Pro License មាន​១០​ពិន្ទុ​ក្នុង​ដៃ ហើយ​ក្រុម​នេះ​ហាក់​ចាប់ផ្តើម​មិនសូវ​បានល្អនោះទេ ក្នុង​ចំណោម​ប៉ុន្មាន​ប្រកួត​មក​នេះ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114