ព័ត៍មានទាន់​ហេតុការណ៏
Search

សព១​ជីវិត​២ ត្រូវ​បាន​ឃាតក​រឹត.ក​ សម្លាប់​ រួច​ច្រក​ក្នុង​វ៉ាលិស ​យក​ទៅ​ដុត​ឆេះ​យ៉ាង​សន្ធោសន្ធៅ

ភ្នំពេញ ៖ សព​មួយ​ជីវិត​ពីរ ត្រូវ​បាន​កម្មករ​បូម​ខ្សាច់​ប្រទះឃើញ​គេ​ដុត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ឡើង​រួញ​ខ្មៅ​ មើល​លែង​ស្គាល់​នៅក្នុង​ដី​ឡូត៍​១​កន្លែង​ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះទៅពិនិត្យ​កន្លែងកើតហេតុ។​

ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩​ ខែ​មិថុនា ​ឆ្នាំ​២០១៩ ​ត្រង់​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ខាងជើង​ប្រហែល​៥០០​ម៉ែត្រ​ ពី​វិមាន​ឈ្នះឈ្នះ ស្ថិត​ក្នុង​ភូមិ​បាក់​ខែង​លើ ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ទំនងជា​ស្ត្រី ដែល​មាន​ផ្ទៃពោះ​២​ខែ ​ត្រូវ​ឃាតក រឹត.ក ​សម្លាប់​ហើយ​ដុត​ចោល​តែម្ដង ពីព្រោះ​មាន​បន្សល់ទុក​នូវ​អាវ​ទ្រនាប់​ក្បែរ​សាកសព ចម្ងាយ​មួយ​ម៉ែត្រ និង​ដែក​ឆ្អឹង​វ៉ាលិស​ប្រវែង​ប្រហែល​៦​តឹក​ ចំនួន​៤​កំណាត់​នៅ​ក្បែរ​នោះ​ដែរ។​

បើ​តាម​ប្រភព​ពី​កម្មករ​បូម​ខ្សាច់​ម្នាក់ ​ដែល​ធ្វើការ​ជិត​នោះ​ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​​បាន​ឃើញ​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ក៏បាន​នាំគ្នា​ទៅ​មើល​ក្រែងលោ​ឆេះ​ព្រៃ ក៏​ប្រទះ​ឃើញ​ថា ​គេ​ដុត​មនុស្ស​សម្លាប់​ ​ ហើយក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​​ ​ចុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន​យក​ទឹក​ទៅ​ជះ​ឲ្យ​រលត់ ​តែ​ជា​កម្ម​អកុសល​បាន​ឆេះ​ខ្លោច​រួញ​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ​មក​ពិនិត្យ​ដោយ​សារ​កន្លែងកើតហេតុ មាន​ភ្លៀងរលឹម​ផង ​សមត្ថកិច្ច​បាន​ឲ្យ​រថយន្ត​ដឹក​សព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​ រង់ចាំ​ពេលព្រឹក​ពិនិត្យ​ម្តងទៀត​។​

ជាមួយគ្នា​នោះ​ បន្ទាប់ពី​​​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ចប់ សមត្ថកិច្ច​ក៏​ប្រកាស​រក​សាច់ញាតិ ជនរង​គ្រោះ​ដែល​ត្រូវ​បាន​ឃាតក​ដុត​សម្លាប់​យ៉ាង​ឃោរឃៅ ជាបន្ទាន់ ដោយ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់​ទំនង សមត្ថកិច្ច​អាវុធហត្ថ ០១៥ ៨៨ ៨៨ ៧៩ / ០១៧ ៨១ ៨១ ៧១​។

យោង​តាម​លទ្ធផល ​នៃ​ការពិនិត្យ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​សន្និដ្ឋាន ថា ជនរង​គ្រោះ គឺជា​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ប្រហែល​ប្រាំបី​សប្ដាហ៍ ត្រូវ​បាន​ឃាតក​សម្លាប់ ដោយសារ​រឹត.ក ជា​មុន ទើប​យក​ច្រក​ក្នុង​វ៉ាលិស​ទៅ​ដុតបំផ្លាញ​ភស្តុតាង​ជា​ក្រោយ​។​

​ដូច្នេះ​សមត្ថកិច្ច សូម​អំពាវនាវ​ចំពោះ បងប្អូន​ណា ដែល​បាន​បាត់​សមាជិក​ក្រុមគ្រួសារ មាន​ភិនភាគ​ដូច​ជនរងគ្រោះ​ខាងលើ សូម​ទំនាក់ទំនង តាមរយៈ​លេខ​ទូរស័ព្ទ​នៅ​ខាងដើម​៕

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114