ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណាំ​ស្រូវ ​ប្រជាកសិករ​ក្នុងស្រុក​មោងឬស្សី​មួយ​ចំនួន​ ប្រឈម​នឹង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ ដោយ​កត្តា​ទឹក​ភ្លៀង​មិន​អំណោយផល​ក្នុង​ឆ្នាំ​នេះ

បាត់ដំបង​ ៖​ ប្រជាកសិករ​មួយ​ចំនួន​ក្នុងស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង ​កំពុង​មានការ​ខ្វល់ខ្វាយ​អំពី​ដំណាំ​ស្រូវ​របស់​ពួកគាត់​ ប្រឈម​នឹង​ការខូចខាត​ធ្ងន់ធ្ងរ ​ខណៈ​មេឃ​រាំង​ ភ្លៀង​បាន​អូស​បន្លាយ​ពេល​យូរ​មិន​អំណោយផល​ដូច​ឆ្នាំ​កន្លងទៅ ​ធ្វើ​ឲ្យ​​ដំណាំ​ស្រូវ​ជាច្រើន​ហិកតា​របស់​ពួកគាត់​ប្រឈម​នឹង​ការ​ខូច​ខាត​ ទំនងជា​មិន​អាច​សង្គ្រោះ​បាន ​បើសិនជា​ភ្លៀង​នៅតែ​អូស​បន្លាយ​ពេល​យូរ​បន្ត​ទៀត។

ប្រជាកសិករ​ម្នាក់ ​ក្នុងចំណោម​កសិករ​ផ្សេងទៀត ​កំពុង​ឈរ​កណ្ដាល​ថ្ងៃ​ក្ដៅ​នៅ​ក្នុង​ស្រែ​មាន ឈ្មោះ​អឿណ ស៊ុយ​ អាយុ​៦០​ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​កកោះ ​ឃុំ​កកោះ​ ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់ដំបង​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​កម្ពុ​ជាថ្មី​បាន​រៀបរាប់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​ឆ្នាំ​២០១៩​នេះ​ថា​ស្ថានភាព​ទឹកភ្លៀង​ខ្សត់ខ្សោយ​នៅពេល​បច្ចុប្បន្ន​នេះ ​បាន​ធ្វើ​ឲ្យ​គាត់ ​ក៏ដូចជា​កសិករ​ផ្សេង​ទៀត​បង្ក​បង្កើត​ស្រូវ​រដូវវស្សា​មាន​ក្តី​ព្រួយ​បារម្ភ​​ស្ទើរ​គ្រប់ៗ​គ្នា​ ដោយសារ​មកទល់​ថ្ងៃនេះ​ មេឃ​នៅតែ​រាំងស្ងួត​មិន​មាន​ធ្លាក់​ទឹកភ្លៀង ​ដើម្បី​ស្រោចស្រព​ដំណាំ​ស្រូវ​ សូម្បី​ឲ្យ​បាន​សើម​ដី​បន្តិច​មិនបាន​ផង​ បើ​ធៀប​នឹង​ឆ្នាំ​កន្លងមក​ រយៈពេល​ដូចគ្នា​ទីវាល​ស្រែ​មាន​ទឹក​ជោកជាំ​គ្រប់គ្រាន់​ស្រូវ​លូតលាស់​ជិត​ដំណាក់​កាល​ពាក់កណ្ដាល​ទី​បាត់​ទៅ​ហើយ។

កសិករ​រូប​នេះ​បន្ត​ថា​ ការ​បង្កបង្កើន​ផល​ស្រូវ​ឆ្នាំនេះ​ពួកគាត់​ធ្វើ​ទាំង​ប្រថុយប្រថាន​ មិន​មាន​ការ​ជឿជាក់​ខ្លាំង​ពេក​ទៅលើ​ស្ថានភាព​ទឹកភ្លៀង​នោះ​ទេ ​ព្រោះ​ចាប់តាំង​ពី​ដើម​រដូវ​មក​មាន​ទឹកភ្លៀង​ធ្លាក់​ខ្លះ​ដែរ ​ប៉ុន្តែ​តិចតួច​បំផុត​ស្ទើរ​មិនបាន​សើម​ដី​ផង​ ដែល​បាន​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ដែល​គាត់​បាន​ព្រោះ​រួច​រាល់​ ហើយ​អាច​ប្រឈម​នឹង​ខូចខាត​ ប្រសិនបើ​មេឃ​នៅតែ​បន្ត​រាំង​មិន​មាន​ភ្លៀង​រហូតដល់​ពាក់​កណ្ដាល​ខែ​កក្កដា​នេះ។

ពាក់ព័ន្ធ​នឹង​ក្តី​កង្វល់​របស់​កសិករ​ខាងលើ ​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ ​កម្ពុ​ជាថ្មី​ បាន​សុំ​ការ​បញ្ជាក់​បន្ថែម​ពី ​លោក​ទេប ហន​ អភិបាលស្រុក​មោង​ឫស្សី​តាម​ទូរស័ព្ទ​ផងដែរ​ តែ​គ្មាន​លទ្ធផល​ខណៈ​កម្ពុជា​ថ្មី​ បាន​លើក​ជា​សំណួរ​ទៅ​លោក​អភិបាល​ហើយ​ តែ​លោក​ឆ្លើយ​ថា​ សុំទោស​កំពុង​ជាប់​រវល់​ប្រជុំ​បន្តិច​។​ បើ​ទោះ​យ៉ាង​នេះ​ក្តី​ លោក​ទេប​ ហន ​អភិបាលស្រុក​បានបញ្ជាក់​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ​បញ្ហា​អាកាសធាតុ​ឆ្នាំនេះ ​កុំថាឡើយ​ត្រឹម​ស្រោចស្រព​ស្រូវ​ប្រជាកសិករ​ខ្លះ​ខ្វះ​ទាំង​ទឹក​ផឹក​ទៀត​ផង​ លោក​ថា​ ឥឡូវ​កសិករ​ក្នុងស្រុក​មោង​ឫស្សី​ឆ្នាំនេះ ​បង្ក​បង្កើន​ផល​ស្រូវ​បាន​ប្រមាណ​ជាង​៨០%​ហើយ​ តែ​លោក​មិនបាន​បញ្ជាក់​ថា ​តើ​នឹង​ជួយសង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​របស់​ខ្លួន​តាម​មធ្យោបាយ​ណា​នោះ​ទេ។

​ចំណែក​ប្រជាកសិករ ​បើទោះបី​មិនទាន់មាន​ការយកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​ស្រុក ​ក៏ដូចជា​មន្ទីរ​ពាក់​ព័ន្ធ​ស្រុក​យកចិត្តទុកដាក់​ ដើម្បី​ទាញ​ទឹក​ជួយ​ស្រោចស្រង់​ក៏ដោយ​ចុះ​ ពួកគាត់​នៅតែ​រំពឹង​ថា​ ដើមខែ​កក្កដា​ ចន្លោះ​ពីថ្ងៃ​ទី​១០ ​ដល់​ថ្ងៃ​ទី​២០ ​ពួកគាត់​នឹង​រំពឹង​ថា ​មាន​ធ្លាក់ទឹក​ភ្លៀង​ខ្លះ​ តែ​បើសិនជា​នៅតែ​ភ្លៀង​អូស​បន្លាយពេល​ទៀត​ស្រូវ​ពួកគាត់​ និង​ខូចខាត​ទាំងស្រុង​នេះ ​ជា​អ្វី​ដែល​ពួកគាត់​សន្និដ្ឋាន​តាម​ទម្លាប់​រហូត​មក​របស់​ពួកគាត់​តែប៉ុណ្ណោះ៕

ដោយ ៖ សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114