ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ដ្រី ប្រកាស​ចេញ​ថ្លៃ​ឲ្យ​ទូរទស្សន៍​ណា​ដែល​គ្មាន​លុយ​ជួល​អ្នកបកប្រែ​ភាសា «​គ​ថ្លង់​»

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០១​ ខែកក្កដា​នេះ​បាន​អំពាវនាវ​ឲ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់​នៅ ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ដាក់​ឲ្យ​មាន​អ្នកបកប្រែ​ព័ត៌មាន​សម្រាប់​អ្នក​ពិការ គ​និង​ថ្លង់ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ផង​ដែរ​។ ជាមួយ នេះ​សម្តេច​បាន​ប្រកាស​ថា បើ​ស្ថានីយ​ណា​ថា ​គ្មាន​លុយ​ជួល​អ្នកបកប្រែ​ភាសាគ​ថ្លង់ សម្តេច​សុខចិត្ត​ចេញ​ជំនួស​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ប្រាប់​ចុងក្រោយ​ខ្ញុំ​នឹង​តាមមើល​គ្រប់​ប៉ុស្ដិ៍ ប៉ុស្ដិ៍​ណា​ផ្ដល់​សិទ្ធិ​ឲ្យ​កុមារ​គ​ថ្លង់ មនុស្ស​គ​ថ្លង់​, ប៉ុស្ដិ៍ ណា​មិន​ផ្ដល់​សិទ្ធិ​តាម​នឹង​តាមមើល​ហើយនឹង​ទូរស័ព្ទ​ត្រង់ៗ​ទៅ​រក​ម្ចាស់​ស្ថានីយទូរទស្សន៍​ហ្នឹង​ហ្មង​ហើយ​បើ​ម្ចាស់​ស្ថានីយទូរទស្សន៍​ណា ឆ្លើយ​ថា អត់​ចំណេញ​ទេ​ខាត​រាល់​ខែ សម្តេច​នឹង​សួរ​ថា​ តើ​ការផ្សាយ​មួយ​ម៉ោង​អស់​ប៉ុន្មាន សម្តេច​នឹង​ចេញ​លុយ​ឲ្យ​ស្ថានីយទូរទស្សន៍​នោះ​»​។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា «​ស្ថានីយទូរទស្សន៍​ណា​ដែល​មិន​ដាក់​ឲ្យ​មាន​អ្នកបកប្រែ​ភាសាគ​ថ្លង​គឺជា​ការ​កាត់​សិទ្ធិ​នៃ​ការ​ទទួល បាន​ព័ត៌មាន​របស់​ជនពិការ​និង​គ​ថ្លង់។ សម្តេច​បន្តថា​ សម្តេច​នឹង​ពិនិត្យ​គ្រប់​ទូរទស្សន៍​ទាំងអស់ បើ​ស្ថានីយទូរទស្សន៍​ណា​មិន​ដាក់​អ្នកបកប្រែ​ភាសាគ​ថ្លង់​ហើយ​ប្រាប់​ថា ​ខាត​ក្នុង​ការផ្សាយ​ព័ត៌មាន​នោះ​សម្តេច​នឹង​ចេញថ្លៃ​ចំណាយ​លើ​ការផ្សាយ​ព័ត៌មាន​ជំនួស​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ពិការ​គ​ថ្លង់​ទទួល បាន​ព័ត៌មាន​ជាក់លាក់​តាមរយៈ​ទូរទស្សន៍​ដែលមាន​នៅក្នុង​ប្រទេស​»​។

ការ​អំពាវនាវ​របស់​សម្តេច​បាន​ធ្វើ​ឡើង នៅក្នុង​ឱកាស​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។

ថ្លែង​នៅក្នុង​ឱកាស​នោះ​ដែរ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បង្ហាញ​ការ​ជឿជាក់​ថា ​ក្រោយ​ផ្ទេរ​ទៅ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា គ្រប់គ្រង​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​គ្រួសារ​ថ្មី រួចហើយ​សាលា​នេះ​នឹងមិន​ដើរ​ថយក្រោយ​នោះឡើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​វិទ្យា​សា្ថ​ន​របស់​យើង​នៅតែ​បន្ត​ស្រាវជ្រាវ​ហើយ​លោក អា​មាំ​ង​ស្យ៉ុ​ង នៅ​ពេល​ណា ដែល​ស្រាវជ្រាវ​បាន​ធាតុ​ចូល​អ្វី​ថ្មី​សូមកុំ​ភ្លេច​កម្ពុជា​ត្រូវធ្វើ​អាហ្នឹង ហើយ​រួមចំណែក​២​ឆ្នាំ​មក​ត្រួតពិនិត្យ​មក​រួមគ្នា​ធ្វើ​សវនកម្ម​ប្រៀប​ធៀ​នឹង​ពេល​ដែល ផ្ទេរ​បន្ទាប់​ទៅ​តើ​ថយក្រោយ ឬ ​ទៅមុខ​? ខ្ញុំ​សង្ឃឹមថា​មិន​ថយក្រោយ​ទេ​យោង​ទៅ​លើ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ប្តេជ្ញាចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​មិនមែន​ប្តេជ្ញា​ត្រឹមតែ​មាត់​នោះទេ​គឺ​ត្រូវតែ​ប្តេជ្ញា​ធ្វើ​សកម្មភាព​ផងដែរ​។​ ស​ម្តេច​តេ​ជោ​ចង់​ធ្វើ​ឲ្យ​សាលា​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់​គ្រួសារ​ថ្មី មាន​វិទ្យាស្ថាន​មួយ​សមរម្យ​ជាមួយ​វិទ្យាល័យ​ពិសេស​មួយ​ដើម្បីឱ្យ​អ្នក​ពិការ​និង​គ​ថ្លង់​មាន លទ្ធភាព​រៀន​ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។

សម្តេច​មានប្រសាសន៍​ប​ន្ត​ថា ​សូម​ប្រិយមិត្ត​ដែល​ធ្វើដំណើរ​មកពី​អឺរ៉ុប​នោះ​សូមកុំ​បារម្ភ​ខ្ញុំ​មានការ​ទទួលខុសត្រូវ។ ២​ឆ្នាំក្រោយ​អ្នក​អាច​មក​ជាមួយ​លោក អា​មាំ​ង​ស្យ៉ុ​ង ម្តង​ទៀត​ដើម្បី​ពេលនោះ​ធ្វើ​សវនកម្ម​រួចហើយ​យើង​អាច​ជួបជុំគ្នា​និយាយ​ថា ​ពី​វឌ្ឍនភាព​បែប​ណា​ដែល​យើង​ទទួលបាន​បន្ទាប់ពី​ការផ្ទេរ ព្រោះ​អ្នក​ទាំងនេះ​ទោះ​តិច​ទោះ​ច្រើន​បាន​រួម​ចំណែក​អមដំណើ​រ​គ្រួសារ​ថ្មី​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ក៏បាន​សម្រេច​ឲ្យ​សាងសង់​អគារ​កម្ពស់​៤​ជាន់​សម្រាប់​វិទ្យាស្ថាន​ពិសេស​ក្នុង​ការ​បណ្តុះបណ្តាល ជាន់ខ្ពស់​ដល់​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់ នៅ​សាលា​គ្រួសារ​ថ្មី។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ផង​ដែរ​ថា ស​ម្ដេច​នឹងធ្វើ​ឲ្យ​សាលា​គ្រួសារ​ថ្មី ទៅជា​មជ្ឈមណ្ឌល​នៃ​ការ​បណ្ដុះបណ្ដាល​មួយ​ជាក់លាក់​និង​ត្រូវ​ពង្រឹង​ទីតាំង​វិទ្យាល័យ​ពិសេស​ទាំង​៥​កន្លែង​ឲ្យ​មាន​វិទ្យាស្ថាន​មួយ​សម្រាប់​ការ​បណ្ដុះបណ្ដាល​ជាន់ខ្ពស់​បន្ថែមទៀត​។

ជាមួយគ្នា​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ទៀត​ថា​ ធនធានមនុស្ស​យើង​អាច​ជ្រើសរើស​ក្នុងចំណោម​អ្នក​ដែល​រៀន​ជាន់​បរិញ្ញាបត្រ និង បរិញ្ញា​ជាន់ខ្ពស់ យក​មក​បង្រៀន​បន្ដ​នៅ​កន្លែង​នេះ​ហើយ​ការស្រាវជ្រាវ​ផ្សេងៗ​យើង​នៅតែ​បន្ដទៀត​។ ការសម្រេច​បែបនេះ​ដើម្បី​ឲ្យ​ផ្នែក​នេះ​ទទួលបាន នូវ​ការអប់រំ​កាន់តែ​ល្អ សុខភាព​របស់​កុមារ របស់​យុវជន ដែល​ពិកា​ភ្នែក​និង​គ ថ្លង់ នៅតែ​ត្រូវបាន​ធានា​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​បែង​ចែក​ជា​ពីរ​ផ្នែក​គឺ​វិទ្យាល័យ​អប់រំ​ពិសេស និង វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស ហើយ​សាលា​នេះ​មាន​៥​ទីតាំង​ដែលមាន​គណៈ​គ្រប់​គ្រប់គ្រង​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​សរុប​ប្រមាណ ៨៩០​នាក់​។ ក្នុងនោះ​សិស្ស​មាន​ចំនួន ៧០២​នាក់ ស្រី ២៨៦​នាក់​, សិស្ស​ពិការភ្នែក ១៦២​នាក់ ស្រី ៦១ នាក់ និង​សិស្ស​គ ថ្លង់ សរុប ៥៤០​នាក់ ស្រី ២២៥​នាក់​។

សាលា​នេះ​ត្រូវ​បាន​បង្កើតឡើង​ដំបូង​នា​ឆ្នាំ​១៩៩១​ហើយ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក​និង​កុមា​រគ​ថ្លង់​បាន​ដំណើរ ការ​និង​មានការ​អភិវឌ្ឍ​ជានិច្ច​ដោយសារ​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។​ ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែបាន​ផ្ដល់ជំនួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ជាច្រើន ដល់​អង្គការ​គ្រួសារ​ថ្មី សម្រាប់​ដំណើរការ​កម្មវិធី​ជា​រៀង​រហូត​មក​។ ក្រៅពី​រាជរដ្ឋាភិបាល កម្ពុជា​សាលា​គ្រួសារ​ថ្មី​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​លោក អា​មាំ​ង ស្យ៉ុ​ង ក៏​តែងតែ​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​នានា​ទាំង​អ្នក​នៅក្នុង​ប្រទេស​កម្ពុ ជា​និង​សប្បុរសជន​ដែល​នៅ​ក្រៅ​ប្រទេស​កម្ពុជា​រួមទាំង​ជនបរទេស​ផង​ដែរ​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ការផ្ទេរ​ការគ្រប់គ្រង​សាលា​ឲ្យ​ស្ថិត ក្រោម ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​វិញ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងប្រាប់​អ្នក​ធ្លាប់​ជួយ​ដល់​អង្គការ​គ្រួសារ​ថ្មី​គឺ​ត្រូវតែ​បន្ត​ជួយ​មិន ត្រូវ​ដកថយ​នោះ​ទេ​ទោះ​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ក្រសួង​អប់រំ​ក៏ដោយ៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114