ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្ទេរ​សាលា​ពិការ​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ឲ្យ​មក​ស្ថិត​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់ នៃ​អង្គការ​គ្រួសារ​ថ្មី​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង ដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។ នៅក្នុង​ឱកាស​នេះ​ដែរ​សម្តេច​ទាំង​ទ្វេ​ក៏បាន​អញ្ជើញ​រៀបចំ​អាហារ​ផ្តល់​ជូន​កូនក្មួយ​សិស្សានុសិស្ស​មកពី​សាលា​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ចំនួន​៨៩៦​នាក់​ផងដែរ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា សាលា​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩១ ដោយមាន​ឈ្មោះថា «​មជ្ឈមណ្ឌល​ជាតិ​អប់រំ​ជន​ពិការភ្នែក​និង​គ​ថ្លង់​»​។ មជ្ឈមណ្ឌល​នេះ​ក៏​ជា​កន្លែង​បណ្តុះបណ្តាល​គ្រូបង្រៀន​ជនពិការភ្នែក​និង​គ​ថ្លង់​និង​សម្រាប់​ជាទី​តាំង​បោះ​ពុម្ព​ផ្សាយ​ផលិត​សម្ភារៈ​សិក្សា​របស់​ជន​ពិការភ្នែក និង​គ​ថ្លង់​ផងដែរ​។

ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ កន្លងមក​នេះ​កម្មវិធី​អប់រំ​កុមារ​ពិការ​ភ្នែក និង​កុមា​រគ​ថ្លង់​បាន​ដំណើរការ និង​មានការ​អភិវឌ្ឍ​ជានិច្ច​ដោយសារ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែបាន​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ជាច្រើន​រួម​ទាំង​ជំនួយ​មូលនិធិ​ដល់​អង្គការ​គ្រួសារ​ថ្មី​សម្រាប់​ដំណើរការ​កម្មវិធី​ជាច្រើន​ជា​រៀង​រហូតមក​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ​ចាប់តាំងពី​ឆ្នាំ​១៩៩៥ ពោល​គឺ​ក្រោយពី​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៃ​អង្គការ​គ្រួសារ​ថ្មី​មក​គឺ​ពេលនេះ​មាន​រយៈពេល​២៤​ឆ្នាំ​ហើយ​។ ក្នុង​រយៈពេល​២៤​ឆ្នាំ​កន្លងមក​នេះ​សម្តេច​តេ​ជោ​តែងតែ​យកចិត្តទុកដាក់​មិន​ភ្លេច​ម្តង​ណា​ទេ​ចំពោះ​សុខ​ទុក​ក្មួយៗ​ចៅៗ​ដែល​ទទួល​បាន​ការ​មើល​ថែ​ទាំង និង​ការអប់រំ​បណ្តុះបណ្តាល​នៅទីនេះ​។ ជា​រៀងរាល់​ឆ្នាំ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ជួប​ជាមួយ​កូនក្មួយ​និង​ចៅៗ​នៅ​ទី​នេះ​២​ដង​ក្នុង​១​ឆ្នាំ ដែល​កន្លងមក​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ២៤៧,៦២៥ ដុល្លារ​ផង​ដែរ​សម្រាប់​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​ជីវភាព​រស់នៅ​របស់​ក្មួយៗ​និង​ចៅៗ​នៅក្នុង​មណ្ឌល​នេះ​ផ្ទាល់​តែម្តង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​គ្រួសារ​ថ្មី​ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​ចំពោះ​កុមារ​កម្ពុជា​ជាពិសេស​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់ ឲ្យ​ទទួល​បានការ​សិក្សា​អប់រំ​រៀនសូត្រ ការ​ហ្វឹកហ្វឺន​ជំនាញ​នានា​និង​ការឧបត្ថម្ភ​គាំទ្រ​ផ្សេងៗ​ជាច្រើន​ទៀត​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បានទទួល​យក​នូវ​សាលា​ហ្វឹកហ្វឺន​ពិសេស​ពី​អង្គការ​គ្រួសារ​ថ្មី​ដាក់​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​វិញ​។​ដែល​នឹង​មាន​ប្រយោជន៍​កាន់​តែ​ច្រើន​និង​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ជំរុញ​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍​នៅក្នុង​ប្រទេស​កម្ពុជា​រៀបចំ​ការផ្សាយ​ព័ត៌មាន​ដោយមាន​អ្នកបកប្រែ​ភាសាគ​ថ្លង់ ដែល​អាច​ឲ្យ​កុមារ​ពិការ​គ​ថ្លង់​មានឱកាស​ទទួល​ព័ត៌មាន​បាន​ដូចជា​ពលរដ្ឋ​ដទៃ​ ព្រោះ​នេះ​ជា​សិទ្ធិ​មួយ​របស់​កុមារ​និង​ពលរដ្ឋ​ពិការ​ផង​ដែរ​។

ដោយ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​និង​ជាក់ស្តែង​នៅ​ទី​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​អភិបាល​ក្រុងភ្នំពេញ​ត្រូវ​រៀបចំ​សាងសង់​អគារ​បន្ថែម​សម្រាប់​វិទ្យាស្ថាន​អប់រំ​ពិសេស​នេះ​មាន​កំពស់​៤​ជាន់​សម្រាប់​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅទីនេះ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ដោយ​ក្តី​មោទន​ ដែល​កម្ពុជា​បាន​អនុវត្ត​នូវ​ក្របខ័ណ្ឌ​គោ​លន​យោ​បាល​គាំពារ​សង្គម​តាមរយៈ​ការប្រើប្រាស់​នូវ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) ជាពិសេស​ស​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​ក្រីក្រ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ពេល​សម្រាល​កូន​ហើយ​រហូតដល់​កូន​បាន​អាយុ​២​ឆ្នាំ​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​បាន​ធូរស្រាល​មួយ​កម្រិត​។

ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​ឧបត្ថម្ភ​ជា​ថវិកា​លើកទឹកចិត្ត​ដល់​កុមារ គ ថ្លង់ ចំនួន ៨៩៦ នាក់ ដោយ​ម្នាក់ៗ​ទទួលបាន ឃី​ត​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល និង លោកគ្រូ​អ្នកគ្រូ​ចំនួន ២៦៥ ទទួលបាន​ឃី​ត ១​កញ្ចប់ និង​ថវិកា​១០​ម៉ឺន​រៀល​។ ទន្ទឹមនឹង​នេះដែរ សម្រាប់​សាលា​កុមារ​ពិការ​ភ្នែក និង គ ថ្លង់ ខេត្តបាត់ដំបង , ច្បារអំពៅ , ខេត្តសៀមរាប និង ខេត្តកំពង់ចាម គឺ​ក្នុង​១​សាលា​ទទួល​បាន​នូវ​គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​៥​លាន​រៀល​។ ចំណែកឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​នេះ ទទួល​បាន​ថវិកា​១០​លាន​រៀល​។ ក្រោយពី​ប្រគល់​ថវិកា និង​បរិក្ខារ​ឧបត្ថម្ភ​នេះហើយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រគល់​មេដាយ​ឥស្សរិយយស​ដល់​បុគ្គលិក និង​មន្ត្រី​ឆ្នើម​ដែល​បាន​ចូលរួម​នៅក្នុង​សកម្មភាព​មនុស្ស​ធម៌​រហូត​បានសម្រេច​រូបរាង​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​សង្គមជាតិ​។ បន្ទាប់មក សម្តេច​ទាំង​ទ្វេ​បាន​អញ្ជើញ​ដើរ​សួរសុខទុក្ខ​កូនក្មួយ​ពិការ​ដែល​កំពុង​ញាំ​អាហារ​នៅតាម​តុ ហើយ​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​កូនក្មួយ​ក្នុង​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល​ក្រៃលែង៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114